ម៉ាថាយ 18:1-35

ម៉ាថាយ 18:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​នោះ ពួក​សិស្ស​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌?» ព្រះ‌អង្គ​ហៅ​ក្មេង​តូច​ម្នាក់​មក​ឲ្យ​ឈរ​នៅ​កណ្តាល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​ប្រែ ហើយ​ត្រឡប់​ដូច​ជា​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ឡើយ។ អ្នក​ណា​បន្ទាប​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌។ អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់ ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ អ្នក​នោះ​ទទួល​ខ្ញុំ​ហើយ។ ប៉ុន្តែ បើ​អ្នក​ណា​ធ្វើ​ឲ្យ​ក្មេង​តូច​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ដល់​ខ្ញុំ​នេះ​ជំពប់​ដួល នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មក​ចង​ក​អ្នក​នោះ ហើយ​ពន្លិច​ទៅ​ក្នុង​បាត​សមុទ្រ នោះ​ប្រសើរ​ដល់​អ្នក​នោះ​ជា​ជាង។ វេទនា​ដល់​មនុស្ស​លោក​ព្រោះ​តែ​ហេតុ​ដែល​នាំ​ឲ្យ​ជំពប់​ដួល! ដ្បិត​ឱកាស​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ត្រូវ​តែ​មក តែ​វេទនា​ដល់​អ្នក​ដែល​នាំ​ឲ្យ​មាន​ហេតុ​ជំពប់​ដួល​នោះ។ ប្រសិន‌បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច។ ប្រសិន‌បើ​ភ្នែក​របស់​អ្នក​នាំ​អ្នក​ឲ្យ​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។ ចូរ​ប្រយ័ត្ន កុំ​មើល​ងាយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ ទេវតា​របស់​ពួក​គេ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌វរបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ជានិច្ច។ [ដ្បិត​កូន​មនុស្ស​បាន​មក​ដើម្បី​សង្គ្រោះ​មនុស្ស​បាត់​បង់]»។ «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា? ប្រសិន‌បើ​បុរស​ម្នាក់​មាន​ចៀម​មួយ​រយ ហើយ​ចៀម​មួយ​វងេ្វង​បាត់ តើ​អ្នក​នោះ​មិន​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​រក​ចៀម​មួយ​ដែល​វង្វេង​បាត់​នោះ​ទេ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ គាត់​មុខ​ជា​អរ​សប្បាយ​ចំពោះ​ចៀម​នោះ លើស​ជាង​ឃើញ​ចៀម​កៅ‌សិប​ប្រាំ​បួន ដែល​មិន​បាន​វង្វេង​បាត់​នោះ​ទៅ​ទៀត។ ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌​ក៏​ដូច្នោះ​ដែរ ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណាម​អ្នក​តូច‌តាច​ទាំង​នេះ ត្រូវ​វិនាស​បាត់‌បង់​ឡើយ»។ «ប្រសិន‌បើ​មាន​បង‌ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​អ្នក ចូរ​ទៅ​ប្រាប់​អ្នក​នោះ​ឲ្យ​ដឹង​ពី​កំហុស​របស់​គាត់ ក្នុង​ពេល​ដែល​មាន​តែ​អ្នក និង​គាត់​ប៉ុណ្ណោះ។ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង‌ប្អូន​នោះ​មក​វិញ។ តែ​បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បី​ឲ្យ​គ្រប់​ទាំង​ពាក្យ​មាន​ការ​បញ្ជាក់ ដោយ​ភស្ដុតាង​របស់​សាក្សី​ពីរ ឬ​បី​នាក់ ។ ប្រសិន‌បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ដល់​ក្រុម​ជំនុំ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្តាប់​ក្រុម​ជំនុំ​ទៀត ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ជា​អ្នក​ទារ​ពន្ធ​ចុះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថាន‌សួគ៌ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ»។ មួយ​ទៀត ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន‌បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី ព្រម​ព្រៀង​គ្នា​ទូល​សូម​អ្វី​ក៏​ដោយ នោះ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ នឹង​សម្រេច​ឲ្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ដ្បិត​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប​ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ ពេល​នោះ ពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​បង‌ប្អូន​របស់​ទូល‌បង្គំ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូល‌បង្គំ តើ​ទូល‌បង្គំ​ត្រូវ​អត់​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ថា មិន​មែន​ប្រាំ​ពីរ​ដង​ទេ គឺ​ចិត‌សិប​ដង​ប្រាំ​ពីរ​ដង។ ដូច្នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្តេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​ពួក​អ្នក​បម្រើ។ ពេល​ស្តេច​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់ ដែល​ជំពាក់​ប្រាក់​ពីរ​កោដិ មក​ជួប​ស្ដេ​ច ហើយ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង ចៅហ្វាយ​របស់​គាត់​បញ្ជា​ឲ្យ​លក់​ខ្លួន​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់‌របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល​នោះ។ ដូច្នេះ អ្នក​បម្រើ​នោះ​ក៏​លុត​ជង្គង់​នៅ​ចំពោះ​ស្ដេច ទូល​អង្វរ​ថា "បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​ពន្យា​ពេល​ឲ្យ​ទូល‌បង្គំ​សិន ទូល‌បង្គំ​នឹង​សង​ព្រះ‌អង្គ​គ្រប់​ចំនួន"។ ដោយ​ព្រោះ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ចៅហ្វាយ​ក៏​ដោះ​លែង​គាត់ ទាំង​លុប​បំណុល​របស់​គាត់​ចោល​ទៀត​ផង។ ប៉ុន្តែ ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូកន​របស់​ខ្លួន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ​រយ​ដេណារី គាត់​ក៏​ចាប់​ច្របាច់​ក​អ្នក​នោះ ទាំង​ពោល​ថា "សង​ប្រាក់​ដែល​ជំពាក់​ខ្ញុំ​នោះ​មក"។ ដូច្នេះ គូកន​របស់​អ្នក​នោះ​ក៏​ក្រាប​ចុះ ហើយ​អង្វរ​គាត់​ថា "សូម​មេត្តា​ពន្យា​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង"។ តែ​គាត់​មិន​ព្រម​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ចាប់​អ្នក​នោះ​យក​ទៅ​ដាក់​គុក រហូត​ទាល់​តែ​បាន​សង​បំណុល​រួច។ កាល​ពួក​គូកន​របស់​គាត់​ឃើញ​ដូច្នោះ គេ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​ទៅ​ទូល​ប្រាប់​ចៅហ្វាយ​របស់​ខ្លួន ពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង។ ពេល​នោះ ចៅហ្វាយ​ក៏​ហៅ​អ្នក​នោះ​មក ហើយ​សួរ​អ្នក​នោះ​ថា "នែ៎​អ្នក​បម្រើ​អាក្រក់! យើង​បាន​លុប​បំណុល​របស់​ឯង​ចោល​ទាំង​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូកន​របស់​ឯង ដូច​យើង​បាន​អាណិត​មេត្តា​ដល់​ឯង​ទេ​ឬ?" ចៅហ្វាយ​របស់​អ្នក​បម្រើ​នោះ​មាន​សេចក្តី​ក្រោធ​ជា​ខ្លាំង ក៏​បញ្ជូន​អ្នក​នោះ​ទៅ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម រហូត​ទាល់​តែ​អ្នក​នោះ​បាន​សង​បំណុល​គ្រប់​ចំនួន។ ដូច្នេះ ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​បង‌ប្អូន​របស់​ខ្លួន ដោយ​ស្មោះ​ពី​ចិត្ត​ទេ​នោះ»។

ចែក​រំលែក
អាន ម៉ាថាយ 18

ម៉ាថាយ 18:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ សិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*?»។ ព្រះអង្គ​ហៅ​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សិស្ស រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត​ឲ្យ​បាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ឡើយ។ អ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​មាន​ឋានៈ​ធំ​ជាង​គេ ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ»។ «អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់​ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់ ទម្លាក់​ទៅ​ក្នុង​បាត​សមុទ្រ​ឲ្យ​លង់​ទឹក ប្រសើរ​ជាង​ទុក​គាត់​ឲ្យ​នៅ​រស់!។ មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើន​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប។ ហេតុ​ផ្សេងៗ​ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត្រូវ​តែ​មាន ចៀស​មិន​ផុត ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ!។ ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច។ ប្រសិន​បើ​ភ្នែក​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។ ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរម‌សុខ* ទាំង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​គ្រប់​ពេល​វេលា​ផង [ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់]»។ «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់? គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ​ពុំ‌ខាន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ គាត់​មុខ​តែ​ត្រេក‌អរ​សប្បាយ​ជា​មិន​ខាន គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅ‌សិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។ រីឯ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​វិនាស​បាត់​បង់​ឡើយ»។ «ប្រសិន​បើ​មាន​បងប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ​ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បងប្អូន​នោះ​មិន​ឲ្យ​បាត់​ឡើយ តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ជួយ​ដាស់‌តឿន ដើម្បី​ សម្រួល​រឿង​ទាំង​អស់​ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់ ។ ប្រសិន​បើ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុម‌ជំនុំ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុម‌ជំនុំ​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ*​ចុះ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែនដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ ​នៅ​ស្ថាន​បរម‌សុខ​ដែរ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ទៀត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី​នេះ​រួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ក៏​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប‌ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។ ពេល​នោះ លោក​ពេត្រុស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ បើ​បងប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ‌ពីរ​ដង​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់‌ទោស​ឲ្យ​គេ​មិន​ត្រឹម​តែ​ប្រាំ‌ពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ចិត‌សិប​ដង​ប្រាំ‌ពីរ​ដង »។ «ហេតុ​នេះ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បម្រើ។ ពេល​ព្រះ‌រាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែន មក។ ដោយ​អ្នក​នោះ​គ្មាន​ប្រាក់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។ អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ទៀប​ព្រះ‌បាទា​ស្ដេច ទូល‌អង្វរ​ថា: “សូម​ព្រះរាជា​មេត្តា​អត់​ឱន ពន្យារ​ពេល​ឲ្យ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន”។ ព្រះ‌រាជា​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​បម្រើ​នោះ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ឲ្យ​គាត់​ទៅ​វិញ ទាំង​លុប​បំណុល​ចោល​ថែម​ទៀត​ផង។ ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ‌រយ​ដួង* គាត់​ចាប់​អ្នក​នោះ​ច្របាច់-ក ទាំង​ពោល​ថា: “សង​ប្រាក់​អញ​ទាំង​អស់​មក!”។ គូ‌កន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។ ប៉ុន្តែ អ្នក​បម្រើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំ‌ឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។ អ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។ ស្ដេច​ក៏​ហៅ​អ្នក​បម្រើ​នោះ​មក​សួរ​ថា: “នែ​អ្នក​បម្រើ​អាក្រក់! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ យើង​បាន​អាណិត​មេត្តា​ឯង។ ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តា​គូ‌កន​របស់​ឯង​ផង​ដូច្នេះ?”។ ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃ‌លែង ក៏​បញ្ជា​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណ‌កម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។ ចំពោះ​អ្នក​រាល់​គ្នា បើ​ម្នាក់ៗ​មិន​ព្រម​លើក‌លែង​ទោស​ឲ្យ​បងប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ក៏​នឹង​ធ្វើ​ទារុណ‌កម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 18

ម៉ាថាយ 18:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​នោះ​ឯង ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​សួរ​ថា តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ តែ​ទ្រង់​ហៅ​កូន​ក្មេង​តូច​១​មក ដាក់​នៅ​កណ្តាល​ពួក​គេ រួច​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌​ហើយ អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ​ដែរ ប៉ុន្តែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​កូន​តូច​ណា​មួយ​នេះ ដែល​ជឿ​ដល់​ខ្ញុំ រវាត​ចិត្ត​ចេញ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ពន្លង់​ទៅ​ក្នុង​សមុទ្រ​ទី​ជ្រៅ​វិញ ធ្វើ​យ៉ាង​នោះ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង វេទនា​ដល់​លោកីយ ដោយ​ព្រោះ​អស់​ទាំង​ហេតុ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត ដ្បិត​សេចក្ដី​នោះ​ត្រូវ​តែ​មាន តែ​វេទនា​ដល់​មនុស្ស​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​រវាត​ចិត្ត​នោះ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់‌កល្ប​ជានិច្ច ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត ចូរ​ខ្វែះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក ចូរ​ប្រយ័ត កុំ​ឲ្យ​មើល‌ងាយ​ចំពោះ​កូន​តូច​ណា​មួយ​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​វា ដែល​នៅ​ស្ថាន‌សួគ៌​តែង‌តែ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះវរ‌បិតា​ខ្ញុំ​ជានិច្ច ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​អ្នក​ណា​ដែល​បាត់‌បង់ បើ​មនុស្ស​ណា​មាន​ចៀម​១​រយ ហើយ​មាន​១​វង្វេង​បាត់ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច តើ​មិន​ទុក​ចៀម​៩៩​នៅ​លើ​ភ្នំ នឹង​ទៅ​រក​ចៀម​១ ដែល​វង្វេង​បាត់​នោះ​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​រក​ឃើញ នោះ​មាន​សេចក្ដី​អំណរ​ចំពោះ​ចៀម​នោះ ជា​ជាង​ចៀម​៩៩​ដែល​មិន​បាន​វង្វេង​ទៅ​ទៀត ដូច្នេះ ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ។ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ​នឹង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ តែ​បើ​គាត់​មិន​ព្រម​ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់​ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ‌សារ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់ បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់ ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន​២​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សំរេច​ដល់​គេ អំពី​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​កន្លែង​ណា​ដែល​មាន​២​ឬ៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ។ ខណ​នោះ​ពេត្រុស​ក៏​មក​ឯ​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិត‌សិប​ដង​ទៅ​ទៀត ដូច្នេះ នគរ​ស្ថាន‌សួគ៌​ត្រូវ​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវ​ព្រាវ កាល​ទ្រង់​ចាប់​តាំង​គិត នោះ​គេ​នាំ​កូន​បំណុល​ម្នាក់​មក ដែល​ជំពាក់​ប្រាក់​២​កោដិ តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន នឹង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូលបង្គំ​សិន ទូលបង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន ឯ​ចៅហ្វាយ​របស់​បាវ​នោះ មាន​ព្រះ‌ទ័យ​ក្តួល​អាណិត ក៏​លែង​វា​ឲ្យ​ទៅ ព្រម​ទាំង​លែង​ទារ​បំណុល​ផង តែ​កាល​បាវ​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ចួប​ប្រទះ​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ខ្លួន​២០​រៀល នោះ​វា​ចាប់​ច្របាច់​ក​អ្នក​នោះ ដោយ​ពាក្យ​ថា ចូរ​សង​ប្រាក់​ដែល​ជំពាក់​អញ​នោះ​មក អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក តែ​វា​មិន​ព្រម​ទេ ត្រឡប់​ជា​បាន​ចាប់​អ្នក​នោះ នាំ​ទៅ​ដាក់​គុក​វិញ ទាល់​តែ​បាន​សង​បំណុល​រួច កាល​ពួក​គូ‌កន​គេ​បាន​ឃើញ​ការ​នោះ គេ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ណាស់ ក៏​នាំ​គ្នា​ទៅ​ទូល​ដល់​ចៅហ្វាយ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក ចៅហ្វាយ​ក៏​ឲ្យ​គេ​ហៅ​បាវ​នោះ​មក រួច​មាន​បន្ទូល​ថា នែ អា​បំរើ​អាក្រក់ អញ​បាន​លែង​ទារ​បំណុល​ឯង​ទាំង​អស់​ហើយ​តើ ពី​ព្រោះ​ឯង​បាន​អង្វរ​ដល់​អញ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី ចៅហ្វាយ​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​បញ្ជូន​វា​ទៅ​ឯ​មេភូ​ឃុំ ទាល់​តែ​បាន​សង​បំណុល​នោះ​គ្រប់​ចំនួន យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះវរ‌បិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 18