គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ី ដែលនៅក្រុងយេរូសាឡិម គេក៏មកឯព្រះយេស៊ូវទូលថា ហេតុអ្វីបានជាពួកសិស្សលោកធ្វើខុសនឹងទំនៀមទំលាប់ ដែលពួកចាស់ទុំបានតាំងទុកពីបុរាណមកដូច្នេះ ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ តែទ្រង់មានបន្ទូលតបថា ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ ដ្បិតព្រះទ្រង់បានបង្គាប់ថា «ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន» តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណានឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះបានថ្វាយជាដង្វាយហើយ យ៉ាងនោះមិនចាំបាច់ឲ្យអ្នកនោះគោរពប្រតិបត្តិ ដល់ឪពុកម្តាយទៀតទេ ដូច្នេះឈ្មោះថាអ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទំលាប់ពីបុរាណរបស់អ្នករាល់គ្នា ឱពួកមនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ថា «បណ្តាជននេះ គេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់ គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ»។ រួចទ្រង់ហៅហ្វូងមនុស្សមក មានបន្ទូលទៅគេថា ចូរស្តាប់ហើយយល់ចុះ មិនមែនជារបស់ចូលតាមមាត់ ដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះទេ ឯរបស់ដែលធ្វើឲ្យគេស្មោកគ្រោក នោះគឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ។ នោះពួកសិស្សក៏មកទូលថា តើទ្រង់ជ្រាបថា ពួកផារិស៊ី គេអន់ចិត្ត ដោយឮសេចក្ដីនោះឬទេ តែទ្រង់មានបន្ទូលតបថា អស់ទាំងដើមណាដែលព្រះវរបិតាខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវរំលើងចោល តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី តើមិនទាន់ឃើញទេឬអីថា របស់អ្វីដែលចូលតាមមាត់ នោះតែងចុះទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ តែឯសេចក្ដីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្ដីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនឹងជេរប្រមាថ សេចក្ដីទាំងនេះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន តែដែលបរិភោគឥតលាងដៃ នោះមិនមែនធ្វើឲ្យស្មោកគ្រោកទេ។
អាន ម៉ាថាយ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 15:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ