លូកា 8:19-39

លូកា 8:19-39 ពគប

នោះ​មាតា នឹង​បង​ប្អូន​ទ្រង់ ក៏​មក​រក​ទ្រង់ តែ​ចូល​ទៅ​ឯ​ទ្រង់​មិន​បាន ដោយ​ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់ មាន​គេ​ទូល​ទ្រង់​ថា ម្តាយ នឹង​បង​ប្អូន​លោក មក​ឈរ​នៅ​ខាង​ក្រៅ ចង់​ជួប​នឹង​លោក តែ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ឯ​អ្នក​ដែល​ជា​ម្តាយ នឹង​បង​ប្អូន​ខ្ញុំ គឺ​អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្ត​តាម​វិញ។ មាន​កាល​១​ថ្ងៃ​នោះ ទ្រង់​ចុះ​ទូក​ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង នោះ​ក៏​ចេញ​ទៅ កាល​កំពុង​តែ​បើក​ក្តោង​ទៅ នោះ​ទ្រង់​ផ្ទំ​លក់ រួច​មាន​ខ្យល់​ព្យុះ​ធ្លាក់​មក​លើ​សមុទ្រ ទឹក​ក៏​ចូល​ស្ទើរ​តែ​ពេញ​ទូក ហើយ​គេ​ភ័យ​ខ្លាច​លិច គេ​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា លោក​គ្រូៗ​អើយ យើង​ខ្ញុំ​ស្លាប់​ហើយ តែ​ទ្រង់​ក្រោក​ឡើង កំហែង​ទៅ​ខ្យល់​នឹង​ទឹក ដែល​កំពុង​បោក​បក់​ជា​ខ្លាំង នោះ​ក៏​ស្ងប់​បាត់​ឈឹង​ទៅ រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ។ ទ្រង់​នឹង​ពួក​សិស្ស​ក៏​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន ដែល​ប្រទល់​មុខ​នឹង​ស្រុក​កាលី‌ឡេ កាល​ឡើង​ដល់​លើ​គោក នោះ​មាន​មនុស្ស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​នឹង​ទ្រង់ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក‌ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​អាស្រ័យ​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច​វិញ កាល​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទំលាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​នឹង​ទូលបង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូលបង្គំ​ឡើយ ដ្បិត​ទ្រង់​កំពុង​តែ​បង្គាប់​ដល់​វិញ្ញាណ​អសោចិ៍ ឲ្យ​ចេញ​ពី​មនុស្ស​នោះ​ទៅ ពី​ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​វា​នាំ​បណ្តាល​ឲ្យ​ទៅ​នៅ​ទី​ស្ងាត់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​សួរ​គាត់​ថា អ្នក​ឈ្មោះ​អី គាត់​ទូល​ថា ទូលបង្គំ​ឈ្មោះ​«កង‌ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់ អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ កុំ​ឲ្យ​ទ្រង់​បង្គាប់​វា ឲ្យ​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ​ទ្រង់ ឲ្យ​បើក​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ទ្រង់​ក៏​បើក​ឲ្យ រួច​វា​ចេញ​ពី​មនុស្ស​នោះ ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូកៗ​ក៏​បោល​ម្នីម្នា តាម​ភ្នំ​ចោត​ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ កាល​ពួក​អ្នក​គង្វាល​ជ្រូក​បាន​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ទៅ​ប្រាប់​ដល់​ជន​ក្នុង​ក្រុង ហើយ​នឹង​ស្រុក​ស្រែ រួច​មនុស្ស​ទាំង‌ឡាយ​ក៏​ចេញ​មក​មើល​ការ​ដែល​កើត​មក​នោះ គេ​មក​ដល់​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​ទាំង​នោះ​បាន​ចេញ កំពុង​តែ​អង្គុយ​ទៀប​ព្រះ‌បាទ​ទ្រង់ ទាំង​ស្លៀក‌ពាក់ ហើយ​ដឹង​ខ្លួន នោះ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​គ្រប់​គ្នា ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ប្រាប់​គេ​ពី​បែប​យ៉ាង​ណា​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ា‌ស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ ឯ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​នោះ គាត់​សូម​អង្វរ​ទ្រង់ ឲ្យ​បាន​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ឲ្យ​គាត់​ទៅ​វិញ ដោយ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ផ្ទះ​អ្នក​ទៅ ហើយ​ប្រាប់​ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក​វិញ គាត់​ក៏​ទៅ​ផ្សាយ​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន។

អាន លូកា 8

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 8:19-39