លូកា 8:19-39
លូកា 8:19-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មាតា និងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្តែ មិនអាចចូលទៅជិតព្រះអង្គឡើយ ព្រោះមានមនុស្សច្រើនពេក។ មានគេទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅ ចង់ជួបលោក»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។ ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយព្រះអង្គ។ ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងមកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ ពួកសិស្សចូលទៅជិតព្រះយេស៊ូ ដាស់ព្រះអង្គថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសិស្សភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វីបានជាបញ្ជាទៅខ្យល់ និងទឹក ហើយខ្យល់ និងទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។ ព្រះយេស៊ូ និងសិស្ស* បានមកដល់ក្រុងគេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។ កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានអារក្សចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។ ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី»។ វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអារក្សជាច្រើនចូលក្នុងបុរសនោះ។ អារក្សទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំឲ្យព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។ នៅក្បែរនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកអារក្សបានអង្វរព្រះអង្គ សូមអនុញ្ញាតឲ្យវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាតឲ្យ។ អារក្សចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ តម្រង់ទៅបឹង លង់ទឹកងាប់អស់ទៅ។ ពេលអ្នកថែរក្សាហ្វូងជ្រូកឃើញហេតុការណ៍កើតឡើងដូច្នេះ ក៏រត់យករឿងនេះទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ។ មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលអារក្សចូលពីមុន អង្គុយនៅទៀបព្រះបាទាព្រះអង្គ គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចព្រះអង្គ។ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលព្រះយេស៊ូប្រោសបុរសអារក្សចូលនោះឲ្យជា។ អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់អង្វរព្រះយេស៊ូ ឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។ បុរសដែលអារក្សចូលពីមុននោះបានអង្វរសុំនៅជាមួយព្រះអង្គដែរ ប៉ុន្តែ ព្រះយេស៊ូមិនយល់ព្រមទេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។ បុរសនោះចេញទៅ ប្រកាសប្រាប់ឲ្យអ្នកក្រុងដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។
លូកា 8:19-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះមាតា នឹងបងប្អូនទ្រង់ ក៏មករកទ្រង់ តែចូលទៅឯទ្រង់មិនបាន ដោយព្រោះមានមនុស្សច្រើនណាស់ មានគេទូលទ្រង់ថា ម្តាយ នឹងបងប្អូនលោក មកឈរនៅខាងក្រៅ ចង់ជួបនឹងលោក តែទ្រង់ឆ្លើយទៅគេថា ឯអ្នកដែលជាម្តាយ នឹងបងប្អូនខ្ញុំ គឺអស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាមវិញ។ មានកាល១ថ្ងៃនោះ ទ្រង់ចុះទូកជាមួយនឹងពួកសិស្ស ហើយមានបន្ទូលទៅគេថា ចូរយើងឆ្លងទៅត្រើយម្ខាង នោះក៏ចេញទៅ កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច គេចូលទៅតើនទ្រង់ទូលថា លោកគ្រូៗអើយ យើងខ្ញុំស្លាប់ហើយ តែទ្រង់ក្រោកឡើង កំហែងទៅខ្យល់នឹងទឹក ដែលកំពុងបោកបក់ជាខ្លាំង នោះក៏ស្ងប់បាត់ឈឹងទៅ រួចទ្រង់មានបន្ទូលទៅគេថា តើសេចក្ដីជំនឿរបស់អ្នករាល់គ្នានៅឯណា គេក៏ភ័យខ្លាច ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះលោកនេះជាអ្វី បានជាលោកបង្គាប់ទៅទាំងខ្យល់ទាំងទឹកបាន ហើយទាំង២យ៉ាងក៏ស្តាប់បង្គាប់លោកដែរដូច្នេះ។ ទ្រង់នឹងពួកសិស្សក៏មកដល់ស្រុកគេរ៉ាស៊ីន ដែលប្រទល់មុខនឹងស្រុកកាលីឡេ កាលឡើងដល់លើគោក នោះមានមនុស្សម្នាក់ចេញពីក្រុងនោះមកជួបនឹងទ្រង់ គាត់មានអារក្សចូលជាយូរមកហើយ គ្មានស្លៀកពាក់អ្វីឡើយ គាត់មិននៅក្នុងផ្ទះទេ គឺអាស្រ័យនៅតែក្នុងផ្នូរខ្មោចវិញ កាលបានឃើញព្រះយេស៊ូវ នោះគាត់ស្រែកឡើង ក៏ទំលាក់ខ្លួនក្រាបនៅចំពោះទ្រង់ ទូលជាសំឡេងខ្លាំងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ ហើយនឹងទូលបង្គំ មានការអ្វីនឹងគ្នា ទូលបង្គំសូមអង្វរទ្រង់ កុំឲ្យធ្វើទុក្ខទូលបង្គំឡើយ ដ្បិតទ្រង់កំពុងតែបង្គាប់ដល់វិញ្ញាណអសោចិ៍ ឲ្យចេញពីមនុស្សនោះទៅ ពីព្រោះវាបានជាន់គាត់ជាយូរមកហើយ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សវានាំបណ្តាលឲ្យទៅនៅទីស្ងាត់ ព្រះយេស៊ូវមានបន្ទូលសួរគាត់ថា អ្នកឈ្មោះអី គាត់ទូលថា ទូលបង្គំឈ្មោះ«កងទ័ព» ព្រោះមានអារក្សជាច្រើនចូលគាត់ អារក្សទាំងនោះក៏សូមអង្វរ កុំឲ្យទ្រង់បង្គាប់វា ឲ្យចុះទៅក្នុងជង្ហុកធំឡើយ នៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅលើភ្នំ ហើយអារក្សទាំងនោះក៏សូមអង្វរទ្រង់ ឲ្យបើកឲ្យវាចូលទៅក្នុងជ្រូកទាំងនោះ ទ្រង់ក៏បើកឲ្យ រួចវាចេញពីមនុស្សនោះ ចូលទៅក្នុងហ្វូងជ្រូកៗក៏បោលម្នីម្នា តាមភ្នំចោតធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ កាលពួកអ្នកគង្វាលជ្រូកបានឃើញដូច្នោះ ក៏នាំគ្នារត់ទៅប្រាប់ដល់ជនក្នុងក្រុង ហើយនឹងស្រុកស្រែ រួចមនុស្សទាំងឡាយក៏ចេញមកមើលការដែលកើតមកនោះ គេមកដល់ព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សទាំងនោះបានចេញ កំពុងតែអង្គុយទៀបព្រះបាទទ្រង់ ទាំងស្លៀកពាក់ ហើយដឹងខ្លួន នោះគេមានសេចក្ដីភ័យខ្លាចគ្រប់គ្នា ពួកអ្នកដែលបានឃើញការនោះ ក៏ប្រាប់គេពីបែបយ៉ាងណាដែលមនុស្សអារក្សចូលនោះបានជា រួចមនុស្សទាំងប៉ុន្មាន ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន គេសូមឲ្យទ្រង់ថយចេញពីគេទៅ ដ្បិតគេកើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង នោះទ្រង់យាងចុះទូកត្រឡប់វិលវិញទៅ ឯមនុស្សដែលអារក្សបានចេញនោះ គាត់សូមអង្វរទ្រង់ ឲ្យបានទៅជាមួយដែរ ប៉ុន្តែព្រះយេស៊ូវឲ្យគាត់ទៅវិញ ដោយប្រាប់ថា ចូរវិលទៅឯផ្ទះអ្នកទៅ ហើយប្រាប់ពីគ្រប់ទាំងការដែលព្រះបានប្រោសដល់អ្នកវិញ គាត់ក៏ទៅផ្សាយប្រាប់ពេញក្នុងទីក្រុង ពីគ្រប់ទាំងការដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន។
លូកា 8:19-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ មាតា និងបងប្អូនរបស់ព្រះអង្គ មករកព្រះអង្គ តែគេមិនអាចចូលទៅជិតព្រះអង្គបាន ព្រោះមានមនុស្សច្រើនពេក។ មានគេទូលព្រះអង្គថា៖ «ម្តាយលោក និងបងប្អូនលោកកំពុងឈរនៅខាងក្រៅ ចង់ជួបលោក»។ ប៉ុន្ដែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ម្តាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រព្រឹត្តតាម»។ ថ្ងៃមួយ ព្រះអង្គយាងចុះទូកជាមួយសិស្សព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ គេចូលទៅដាស់ព្រះអង្គ ទូលថា៖ «លោកគ្រូ! លោកគ្រូ! យើងខ្ញុំស្លាប់ឥឡូវហើយ»។ ព្រះអង្គតើនឡើង ហើយបន្ទោសខ្យល់ និងរលកដែលកំពុងបោកបក់ជាខ្លាំងនោះ រួចវាក៏ឈប់ ហើយស្ងប់ទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?» ពួកគេភ័យខ្លាច ហើយមានសេចក្តីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា បានជាលោកបញ្ជា សូម្បីតែខ្យល់ និងទឹក ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ?»។ បន្ទាប់មក ព្រះយេស៊ូវ និងពួកសិស្សបានមកដល់ស្រុកគេរ៉ាស៊ីន ដែលទល់មុខស្រុកកាលីឡេ។ ពេលព្រះអង្គយាងឡើងលើគោក មានបុរសម្នាក់ចេញពីក្រុងនោះមកជួបព្រះអង្គ គាត់មានអារក្សចូលជាយូរមកហើយ គ្មានស្លៀកពាក់អ្វីឡើយ គាត់មិននៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោច។ ពេលគាត់ឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅចំពោះព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គត្រូវធ្វើដូចម្ដេចជាមួយទូលបង្គំ? ទូលបង្គំសូមអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ»។ ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ (ព្រោះវាបានជាន់គាត់ជាយូរមកហើយ។ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សបាននាំគាត់ទៅទីរហោស្ថាន)។ ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើឯងឈ្មោះអី?» គាត់ទូលថា៖ «កងទ័ព» ព្រោះមានអារក្សជាច្រើនចូលគាត់។ អារក្សទាំងនោះអង្វរព្រះអង្គ សូមកុំឲ្យព្រះអង្គបង្គាប់វាចុះទៅក្នុងជង្ហុកធំឡើយ។ នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅលើភ្នំ ហើយអារក្សទាំងនោះបានអង្វរព្រះអង្គ សុំអនុញ្ញាតឲ្យវាចូលទៅក្នុងជ្រូកទាំងនោះ។ ដូច្នេះ ព្រះអង្គក៏អនុញ្ញាតឲ្យវា។ អារក្សក៏ចេញពីបុរសនោះ ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកក៏បោលចុះតាមចំណោតច្រាំង ធ្លាក់ទៅក្នុងបឹង លង់ទឹកងាប់អស់ទៅ។ កាលពួកអ្នកថែរក្សាជ្រូកឃើញដូច្នោះ គេនាំគ្នារត់គេច ហើយយករឿងនេះទៅប្រាប់អ្នកនៅក្នុងក្រុង ហើយនៅស្រុកស្រែ។ ពេលនោះ មនុស្សម្នានាំគ្នាចេញមកមើលហេតុការណ៍ដែលបានកើតឡើង។ គេចូលមករកព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សបានចេញទៅនោះ កំពុងអង្គុយទៀបព្រះបាទព្រះយេស៊ូវ ទាំងស្លៀកពាក់ ដឹងខ្លួនដូចធម្មតា ហើយគេក៏ភ័យខ្លាច។ អស់អ្នកដែលបានឃើញ ក៏ប្រាប់គេពីរបៀបដែលមនុស្សអារក្សចូលនោះបានជា។ ពេលនោះ មនុស្សទាំងអស់ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន បានសូមឲ្យព្រះអង្គយាងចេញពីពួកគេ ដ្បិតគេភ័យខ្លាចជាខ្លាំង។ ដូច្នេះ ព្រះអង្គក៏យាងចុះទូក ត្រឡប់ទៅវិញ។ បុរសដែលអារក្សបានចេញនោះ អង្វរសុំឲ្យបានទៅជាមួយព្រះអង្គដែរ ប៉ុន្តែ ព្រះយេស៊ូវបញ្ជូនគាត់ឲ្យទៅវិញ ដោយមានព្រះបន្ទូលថា៖ «ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ ហើយប្រកាសអំពីការទាំងប៉ុន្មានដែលព្រះបានប្រោសដល់អ្នក»។ គាត់ក៏ចេញទៅ ហើយប្រកាសប្រាប់ពេញក្នុងទីក្រុង អំពីការទាំងប៉ុន្មានដែលព្រះយេស៊ូវបានប្រោសដល់គាត់។