លូកា 6
6
1មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់យាងកាត់ស្រែ ហើយពួកសិស្សបានបូតគួរស្រូវបរិភោគ ដោយញីនឹងដៃ 2មានពួកផារិស៊ីខ្លះស្តីថា ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សំរាកដូច្នេះ 3តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា តើអ្នករាល់គ្នាមិនបានមើលរឿងនេះផងទេឬអី គឺពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លាន 4ដែលទ្រង់យាងចូលទៅក្នុងដំណាក់ព្រះ យកនំបុ័ងតាំងទុកទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយនឹងទ្រង់ផង ដែលគ្មានច្បាប់ឲ្យបរិភោគសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ 5រួចទ្រង់មានបន្ទូលទៅគេថា កូនមនុស្សក៏ជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។
6នៅថ្ងៃឈប់សំរាក១ទៀត ទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំ ហើយនៅទីនោះមានមនុស្សម្នាក់ ដែលស្វិតដៃខាងស្តាំ 7ឯពួកអាចារ្យ នឹងពួកផារិស៊ី ក៏សំឡឹងមើល ក្រែងទ្រង់ប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាកដែរ គឺដើម្បីនឹងរករឿងចោទប្រកាន់ទ្រង់ 8តែទ្រង់ស្គាល់គំនិតគេ ក៏មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរក្រោកឡើងឈរនៅកណ្តាលនុ៎ះទៅ 9កាលគាត់ក្រោកឈរឡើង នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សំរាក តើមានច្បាប់នឹងធ្វើការល្អឬអាក្រក់ នឹងសង្គ្រោះជីវិត ឬបំផ្លាញ 10ទ្រង់ក៏ងាកជុំវិញ ទតមើលគេទាំងអស់គ្នា រួចមានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង 11គេមានសេចក្ដីឃោរឃៅពោរពេញ ក៏ពិគ្រោះគ្នាពីការអ្វីដែលត្រូវធ្វើដល់ព្រះយេស៊ូវ។
12នៅគ្រានោះ ទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់ភ្លឺ 13លុះភ្លឺឡើង ទ្រង់ហៅពួកសិស្សមក ក៏រើសយក១២នាក់ ដែលទ្រង់ហៅថា សាវក 14គឺស៊ីម៉ូន ដែលហៅថា ពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប១ យ៉ូហាន១ ភីលីព១ បារថូល៉ូមេ១ 15ម៉ាថាយ១ ថូម៉ាស១ យ៉ាកុប ជាកូនអាល់ផាយ១ ស៊ីម៉ូន ដែលហៅជាអ្នកឧស្សាហ៍១ 16នឹងយូដាស ជាញាតិនឹងយ៉ាកុប១ ហើយយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់១ 17ទ្រង់យាងចុះមកជាមួយនឹងអ្នកទាំងនោះ ក៏ឈប់នៅត្រង់កន្លែងរាបស្មើ នោះមានសិស្សទ្រង់ជាច្រើន នឹងបណ្តាជនកកកុញ មកពីគ្រប់កន្លែងនៅស្រុកយូដា ក្រុងយេរូសាឡិម ហើយពីស្រុកទីរ៉ុស ស្រុកស៊ីដូន ដែលនៅក្បែរសមុទ្រ ដើម្បីនឹងស្តាប់ទ្រង់ ហើយប្រយោជន៍ឲ្យបានជាជំងឺគេផង 18ក៏មានមនុស្សអារក្សអសោចិ៍ចូលបានជាដែរ 19មនុស្សទាំងអស់រកពាល់ទ្រង់ ដ្បិតមានព្រះចេស្តាចេញពីទ្រង់ មកប្រោសឲ្យជាទាំងអស់គ្នា។
20ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា 21មានពរហើយ អ្នករាល់គ្នាដែលឃ្លានឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត មានពរហើយ អ្នករាល់គ្នាដែលយំឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចវិញ 22មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស 23ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំនៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ 24តែវេទនាដល់អ្នករាល់គ្នា ជាអ្នកមាន ដ្បិតអ្នករាល់គ្នាកំពុងតែមានសេចក្ដីកំសាន្តចិត្តក្នុងសម័យនេះ 25វេទនាដល់អ្នករាល់គ្នាដែលឆ្អែត ដ្បិតនឹងត្រូវឃ្លានវិញ វេទនាដល់អ្នករាល់គ្នា ដែលសើចក្នុងជាន់ឥឡូវនេះ ដ្បិតនឹងកើតទុក្ខព្រួយ ហើយយំសោកវិញ 26វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ពីព្រោះកាលពីដើម ពួកឰយុកោបានប្រព្រឹត្តនឹងពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ 27ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ 28ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក 29ឯអ្នកណាដែលទះកំភ្លៀងអ្នកម្ខាង នោះត្រូវបែរម្ខាងទៅឲ្យគេទៀត ហើយបើអ្នកណាយកអាវវែងរបស់អ្នក នោះកុំឲ្យឃាត់មិនឲ្យគេយកអាវតូចអ្នកផងឡើយ 30ចូរឲ្យដល់អ្នកណាដែលសូមអ្នក ហើយបើអ្នកណាយករបស់អ្វីផងអ្នក នោះកុំឲ្យទារវិញឡើយ 31ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ 32បើអ្នករាល់គ្នាស្រឡាញ់តែពួកអ្នកដែលស្រឡាញ់ដល់អ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ស្រឡាញ់ដល់ពួកអ្នក ដែលស្រឡាញ់គេដូចគ្នាដែរ 33ហើយបើអ្នករាល់គ្នាប្រព្រឹត្តល្អ ចំពោះតែពួកអ្នកដែលប្រព្រឹត្តល្អនឹងខ្លួនអ្នក នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ 34បើអ្នករាល់គ្នាឲ្យគេខ្ចី ដែលសង្ឃឹមនឹងបានវិញ នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមានបាបខ្ចីដែរ ដើម្បីឲ្យបានដូចដើមវិញ 35ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកតញ្ញូ នឹងមនុស្សអាក្រក់ដែរ 36ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ 37កុំឲ្យថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ 38ចូរឲ្យទៅគេ នោះនឹងបានឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ។
39ទ្រង់ក៏មានបន្ទូលពាក្យប្រៀបទៅគេថា តើមនុស្សខ្វាក់អាចនឹងដឹកមនុស្សខ្វាក់បានឬទេ តើមិនធ្លាក់ទៅក្នុងរណ្តៅទាំង២នាក់ទេឬអី 40សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ 41ហេតុអ្វីបានជាមើលឃើញកំទេច ដែលនៅក្នុងភ្នែកប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែកខ្លួនវិញសោះ 42ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែកខ្លួនមិនឃើញ អាចនិយាយទៅប្អូនបាន ថា ប្អូនអើយឲ្យអញយកកំទេច ពីភ្នែកឯងចេញដូច្នេះ ឱអ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែកប្អូនអ្នកបានដែរ 43ដ្បិតគ្មានដើមឈើល្អណា ដែលមានផលផ្លែអាក្រក់ទេ ក៏គ្មានដើមអាក្រក់ណា ដែលមានផលផ្លែល្អដែរ 44ពីព្រោះគេស្គាល់ដើមឈើនិមួយៗ ដោយសារតែផ្លែទេ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លា ឬផ្លែទំពាំងបាយជូរពីអញ្ចាញឡើយ 45ឯមនុស្សល្អ គេក៏យកសេចក្ដីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ ហើយមនុស្សអាក្រក់ក៏យកសេចក្ដីអាក្រក់ ចេញពីកំណប់អាក្រក់ក្នុងចិត្តខ្លួនដែរ ដ្បិតមាត់គេពោលបញ្ចេញសេចក្ដីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច 46ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ 47ឯអស់អ្នកដែលមកស្តាប់ពាក្យខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះធៀបដូចជាអ្វី 48គឺធៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ដាក់ជើងសសរនៅលើថ្ម កាលមានទឹកជន់ឡើង ហូរគំហុកមកប៉ះនឹងផ្ទះនោះ នោះធ្វើឲ្យរញ្ជួយមិនបានឡើយ ពីព្រោះបានសង់នៅលើថ្ម 49តែអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ឥតដាំជើងសសរសោះ លុះទឹកហូរគំហុកមកប៉ះត្រូវ ផ្ទះនោះក៏រលំទៅភ្លាម ហើយត្រូវខូចខាតជាច្រើនផង។
ទើបបានជ្រើសរើសហើយ៖
លូកា 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.