មានថ្ងៃ១ កាលទ្រង់កំពុងតែបង្រៀន នោះមានពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ ដែលចេញពីគ្រប់ទាំងភូមិស្រុកកាលីឡេ ស្រុកយូដា នឹងក្រុងយេរូសាឡិម គេមកអង្គុយស្តាប់ ហើយព្រះចេស្តានៃព្រះអម្ចាស់ក៏នៅទីនោះ បំរុងនឹងប្រោសគេឲ្យជាដែរ នោះឃើញមានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមក គេរកផ្លូវនាំគាត់ចូលទៅដាក់នៅចំពោះទ្រង់ តែពុំបានសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ នោះក៏ឡើងទៅលើដំបូល សំរូតគាត់ទៅ ទាំងដេកលើគ្រែ នៅកណ្តាលជំនុំ ចំពោះព្រះយេស៊ូវ តាមប្រហោងដំបូល លុះទ្រង់បានឃើញសេចក្ដីជំនឿរបស់គេដូច្នោះ ក៏មានបន្ទូលថា អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ នោះពួកអាចារ្យ នឹងពួកផារិស៊ី ចាប់តាំងរិះគិតគ្នាថា តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន តែព្រះយេស៊ូវបានជ្រាបគំនិតគេ ក៏មានបន្ទូលសួរថា ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ ដ្បិតដែលថា បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ឬថា ចូរអ្នកក្រោកឡើងដើរទៅ នោះតើពាក្យណាដែលងាយថាជាជាង ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (នោះទ្រង់ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងវិញ) ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅផ្ទះទៅ គាត់ក៏ក្រោកឈរឡើងនៅមុខគេជា១រំពេច ហើយលើកគ្រែ ដែលបានដេក ចេញទៅឯផ្ទះ ទាំងសរសើរដំកើងដល់ព្រះបណ្តើរ នោះបណ្តាមនុស្សកើតមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏សរសើរដំកើងព្រះ ហើយមានសេចក្ដីភ័យខ្លាចជាខ្លាំងថា យើងបានឃើញការចំឡែកណាស់នៅថ្ងៃនេះ។ ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ គាត់ក៏ទុករបស់ទាំងអស់ចោល ក្រោកតាមទ្រង់ទៅ លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង នឹងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ ពួកអាចារ្យនឹងពួកផារិស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា ហេតុអ្វីបានជាបរិភោគជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។ គេទូលទ្រង់ថា ហេតុអ្វីបានជាពួកសិស្សលោកយ៉ូហានតម ហើយអធិស្ឋានជាញយៗ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សលោកតែងតែបរិភោគដូច្នេះវិញ ទ្រង់មានបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើអាចនឹងឲ្យពួកសំឡាញ់គាត់តមអាហារបានឬទេ តែនឹងមានថ្ងៃមកដល់ កាលណោះ ប្ដីនឹងត្រូវដកយកចេញពីគេទៅនៅគ្រានោះ គេនឹងតមវិញ ទ្រង់ក៏មានបន្ទូលទៅគេជាពាក្យប្រៀបប្រដូចថា គ្មានអ្នកណាដែលយកកំណាត់ថ្មី មកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ នឹងនាំឲ្យរហែកដល់ទាំងកំណាត់ថ្មីដែរ ហើយកំណាត់ដែលយកពីអាវថ្មី ក៏មិនសមនឹងអាវចាស់ផង ក៏គ្មានអ្នកណាដែលយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មី នឹងទំលាយថង់ស្បែកហូរចេញមក ហើយថង់ស្បែកក៏ត្រូវខូចខាតផង តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ នោះទាំង២យ៉ាងនឹងបានគង់នៅ លុះកាលបានផឹកស្រាទំពាំងបាយជូរចាស់ហើយ គ្មានអ្នកណាចង់បានថ្មីទេ ដ្បិតគេថាចាស់ឆ្ងាញ់ជាង។
អាន លូកា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 5:17-39
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ