លុះដល់គំរប់៨ថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនដែលទ្រង់មកចាប់ទំផ្ទៃ។ លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធ តាមក្រិត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ដូចជាមានកត់ទុកមកក្នុងក្រិត្យវិន័យព្រះអម្ចាស់ថា «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ហើយនឹងថ្វាយយញ្ញបូជា តាមសេចក្ដីដែលបានកត់ទុកក្នុងក្រិត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលក១គូ ឬព្រាបជំទើរ២»។ នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់ ព្រះវិញ្ញាណបរិសុទ្ធបានសំដែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទនៃព្រះអម្ចាស់ គាត់ចូលមកក្នុងព្រះវិហារដោយនូវព្រះវិញ្ញាណ រួចកាលមាតាបិតានាំយកព្រះយេស៊ូវ ជាឱរសចូលមក ដើម្បីធ្វើតាមទំលាប់ក្រិត្យវិន័យដល់ទ្រង់ នោះគាត់ក៏ទទួលមកបី ហើយសរសើរដល់ព្រះ ដោយពាក្យថា ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្ដីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អ របស់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ឯយ៉ូសែប នឹងមាតាទ្រង់ ក៏អស្ចារ្យពីសេចក្ដីទាំងប៉ុន្មាន ដែលគេថ្លែងពីទ្រង់ ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើងសំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង ឯនាងវិញ នឹងមានដាវចាក់ទំលុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសំដែងចេញមក។
អាន លូកា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 2:21-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ