លូកា 1:39-80

លូកា 1:39-80 ពគប

នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ជំរាប​សួរ​ដល់​អេលី‌សាបិត កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជំរាប​សួរ នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង ដូច​ម្តេច​ហ្ន៎ បាន​ជា​ដល់​ទៅ​ព្រះ‌មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ក៏​មក​សួរ​ដូច្នេះ​ដែរ ដ្បិត​មើល កាល​សំឡេង​នាង​ជំរាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្ដី​អំណរ នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​នាង នោះ​នឹង​បាន​សំរេច​ជា​មិន​ខាន។ រួច​ម៉ារា​និយាយ​ឡើង​ថា ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះ‌អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ខ្ញុំ ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ មើល​ចុះ ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​ទ្រង់​បរិសុទ្ធ ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោត‌ខ្លាច​ទ្រង់​ត​រៀង​ទៅ ទ្រង់​បាន​សំដែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​កំចាត់‌កំចាយ​មនុស្ស​អំនួត ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ ទាំង​ទំលាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាបសា​ឡើង​វិញ ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចំអែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្តេញ​ឲ្យ​ទៅ​ទទេ​វិញ ទ្រង់​បាន​ជួយ​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ទ្រង់ ដូច​ជា​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក ម៉ារា​ក៏​នៅ​ជា​មួយ​នឹង​អេលី‌សាបិត ប្រហែល​ជា​៣​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ។ រីឯ​ពេល​ដែល​អេលី‌សាបិត ត្រូវ​សំរាល​កូន ក៏​មក​ដល់ ហើយ​នាង​សំរាល​បាន​កូន​ប្រុស ចំណែក​ពួក​អ្នក​ជិត​ខាង នឹង​ញាតិ​សន្តាន​គាត់​ទាំង​ប៉ុន្មាន​ក៏​ឮ​ថា ព្រះ‌អម្ចាស់​បាន​ចំរើន​សេចក្ដី​មេត្តា‌ករុណា​ដល់​គាត់ ហើយ​គេ​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ជា​មួយ​នឹង​គាត់ ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ​យ៉ូហាន​វិញ គេ​ឆ្លើយ​ទៅ​គាត់​ថា ក្នុង​ពួក​ញាតិ​សន្តាន​អ្នក គ្មាន​អ្នក​ណា​ដែល​មាន​ឈ្មោះ​នោះ​ទេ គេ​ក៏​ធ្វើ​គ្រឿង​សំគាល់ សួរ​ដល់​ឪពុក តើ​លោក​ចង់​ឲ្យ​ឈ្មោះ​អ្វី​ដល់​កូន លោក​សូម​ក្តារ‌ខៀន​មក​សរសេរ​ថា វា​ឈ្មោះ​យ៉ូហាន នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ខណ​នោះ មាត់​លោក​បើក​ឡើង​ជា​១​រំពេច អណ្តាត​ក៏​រលាស់​បាន ហើយ​លោក​ពណ៌នា​សរសើរ​ដល់​ព្រះ ឯ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច រួច​គេ​រ៉ាយ‌រ៉ាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​វា។ រីឯ​សាការី ជា​ឪពុក ក៏​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាយ​ថា សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង ដូច​ជា​ទ្រង់​មាន​បន្ទូល ដោយ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក គឺ​ជា​សេចក្ដី​សង្គ្រោះ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យើង ហើយ​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ណា​ដែល​ស្អប់​យើង ដើម្បី​នឹង​សំរេច​សេចក្ដី​មេត្តា‌ករុណា ដល់​ពួក​ឰយុកោ​យើង ហើយ​នឹង​នឹក​ចាំ ពី​សេចក្ដី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់ គឺ​ជា​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​ថា នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំង​សត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះ‌អម្ចាស់ ដើម្បី​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្ដី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រោះ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូស‌កាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់ ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ‌សាន្ត​វិញ។ រីឯ​ទារក​នោះ ក៏​កាន់​តែ​ធំ​ឡើង បាន​ចំរើន​កំឡាំង​ខាង​វិញ្ញាណ​ជា​ខ្លាំង​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន ដរាប​ដល់​ថ្ងៃ ដែល​បង្ហាញ​ខ្លួន ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ។

អាន លូកា 1