ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យអញទាំងនោះ គឺដូច្នេះ ត្រូវឲ្យធ្វើការក្នុងរវាង៦ថ្ងៃ តែដល់ថ្ងៃទី៧ នោះជាថ្ងៃឈប់ឲ្យបានសំរាកសំរាប់ប្រជុំជំនុំបរិសុទ្ធវិញ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃឈប់សំរាករបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់ឯងរាល់គ្នា។ ឯបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់នោះដូច្នេះ គឺនៅថ្ងៃ១៤ក្នុងខែចេត្រចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា ហើយនៅថ្ងៃ១៥ក្នុងខែនោះឯង ជាបុណ្យនំបុ័ងឥតដំបែផងព្រះយេហូវ៉ា ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែគ្រប់៧ថ្ងៃ នៅថ្ងៃដំបូង ត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ តែឯងរាល់គ្នាត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។
អាន លេវីវិន័យ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 23:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ