លេវីវិន័យ 19
19
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 2ចូរប្រាប់ដល់ពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះដែលជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ 3ត្រូវឲ្យឯងរាល់គ្នាកោតខ្លាចដល់ឪពុកម្តាយឯងរៀងខ្លួន ហើយរក្សាថ្ងៃឈប់សំរាករបស់អញដែរ អញនេះហើយជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា 4កុំឲ្យឯងរាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសំរាប់ឯងរាល់គ្នាផង អញនេះជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
5កាលណាឯងរាល់គ្នាថ្វាយយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយដើម្បីឲ្យទ្រង់បានទទួលឯង 6ត្រូវតែបរិភោគដង្វាយនោះនៅថ្ងៃដែលថ្វាយ ហើយនៅថ្ងៃស្អែកក៏បាន តែបើមានអ្វីនៅសល់ដល់ថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងវិញ 7បើសិនជាបរិភោគដង្វាយនោះនៅថ្ងៃទី៣ នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ទ្រង់មិនទទួលដង្វាយនោះទេ 8ហើយអស់អ្នកណាដែលបរិភោគ នោះនឹងត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន ដ្បិតអ្នកនោះបានបង្អាប់ដង្វាយបរិសុទ្ធរបស់ផងព្រះយេហូវ៉ា ហើយអ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
9កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង 10ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ នឹងពួកអ្នកស្នាក់វិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
11មិនត្រូវឲ្យឯងរាល់គ្នាលួច ឬប្រព្រឹត្តឆបោក ឬកុហកគ្នាទៅវិញទៅមកឡើយ 12ហើយមិនត្រូវស្បថបំពានដោយនូវឈ្មោះអញ ទាំងបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា 13មិនត្រូវឲ្យឯងសង្កត់សង្កិនអ្នកជិតខាង ឬរឹបជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលឯងឲ្យនៅដល់ព្រឹកដែរ 14មិនត្រូវជេរប្រមាថចំពោះមនុស្សថ្លង់ ឬធ្វើអ្វីឲ្យមនុស្សខ្វាក់ដួលនោះឡើយ គឺត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ អញនេះជាព្រះយេហូវ៉ា។
15មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិត ក្នុងរឿងក្តីឡើយ ក៏មិនត្រូវយល់មុខខាងឯអ្នកតូច ឬខ្លាចអ្នកធំដែរ គឺត្រូវឲ្យជំនុំជំរះអ្នកជិតខាងឯងដោយសុចរិតវិញ 16មិនត្រូវដើរចុះឡើងនិយាយដើមពីគេក្នុងពួកសាសន៍ឯងឡើយ មិនត្រូវឈរទាស់នឹងឈាមអ្នកជិតខាងឯងដែរ អញនេះជាព្រះយេហូវ៉ា 17មិនត្រូវមានចិត្តស្អប់ដល់បងប្អូនឯងឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងឯងដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ 18មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា។
19ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់របស់អញ មិនត្រូវឲ្យសត្វឯងជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជ២យ៉ាងនៅស្រែចំការឯងដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះ២យ៉ាងឡើយ 20បើអ្នកណាសេពសម្ភពនឹងស្រីជាបាវបំរើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ពីព្រោះមិនសំរេចនឹងចិត្តនាងទេ 21ហើយប្រុសនោះត្រូវយកដង្វាយដោយព្រោះការរំលងមកថ្វាយព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ គឺជាចៀមឈ្មោល១ សំរាប់ជាដង្វាយដោយព្រោះការរំលង 22នោះត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនៃដង្វាយ ដោយព្រោះការរំលងនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាបរបស់អ្នកនោះ រួចទ្រង់នឹងអត់ទោសចំពោះបាបដែលអ្នកនោះបានប្រព្រឹត្ត។
23កាលណាឯងរាល់គ្នាបានចូលទៅនៅក្នុងស្រុក ហើយបានដាំដើមឈើគ្រប់មុខឲ្យមានផ្លែបរិភោគ នោះត្រូវឲ្យរាប់ផ្លែឈើនោះ ទុកដូចជាមនុស្សដែលមិនកាត់ស្បែក គឺត្រូវរាប់ទុកដូចជាមិនបានកាត់ស្បែកអស់រវាង៣ឆ្នាំ មិនត្រូវបរិភោគផ្លែនោះឡើយ 24តែដល់ឆ្នាំទី៤ ផ្លែឈើទាំងនោះនឹងបានបរិសុទ្ធវិញ សំរាប់នឹងថ្វាយដល់ព្រះយេហូវ៉ាដោយអរសប្បាយ 25លុះដល់ឆ្នាំទី៥ នោះនឹងបរិភោគបាន នេះដើម្បីដើមឈើទាំងនោះបានចំរើនផលផ្លែឲ្យឯងរាល់គ្នា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
26មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង 27មិនត្រូវកោរក្រឡឹងសក់ក្បាលជុំវិញ ឬកាត់ដំរឹមពុកចង្ការបស់ឯងឡើយ 28ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ អញនេះជាព្រះយេហូវ៉ា។
29កុំឲ្យបង្ខូចកូនស្រីឯងដោយធ្វើឲ្យទៅជាស្រីសំផឹងឡើយ ក្រែងស្រុកឯងទៅជាសហាយស្មន់គ្រប់គ្នា ហើយបានពេញជាសេចក្ដីអាក្រក់ជួជាតិ 30ត្រូវឲ្យរក្សាថ្ងៃឈប់សំរាករបស់អញ ហើយត្រូវកោតខ្លាចដល់ទីបរិសុទ្ធរបស់អញផង អញនេះជាព្រះយេហូវ៉ា។
31កុំឲ្យឯងរាល់គ្នាបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងឯងទៅជាស្មោកគ្រោកដោយសារគេដែរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
32ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន ហើយត្រូវកោតខ្លាចដល់ព្រះនៃឯងដែរ អញនេះជាព្រះយេហូវ៉ា 33បើមានមនុស្សប្រទេសក្រៅណាមកស្នាក់នៅក្នុងស្រុកជាមួយនឹងឯង នោះកុំឲ្យធ្វើបាបគេឡើយ 34ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ អញនេះគឺព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
35មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិតក្នុងរឿងក្តី ឬក្នុងការវាស់ ឬថ្លឹង ឬវាល់ឡើយ 36ត្រូវឲ្យមានជញ្ជីង នឹងកូនជញ្ជីងយ៉ាងត្រឹមត្រូវ ហើយនឹងរង្វាល់ត្រឹមត្រូវផង អញនេះ គឺព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក 37ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង អញនេះជាព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 19: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.