លេវីវិន័យ 13
13
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា 2បើមនុស្សណាកើតមានពកឬដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់នៅក្នុងសាច់ នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអើរ៉ុនដ៏ជាសង្ឃ ឬទៅឯកូនណាមួយរបស់លោក ដែលនឹងធ្វើជាសង្ឃក៏បាន 3ត្រូវឲ្យសង្ឃពិនិត្យមើលរោគ ដែលនៅក្នុងសាច់អ្នកនោះ បើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាស ហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែក នោះគឺជាឃ្លង់ហើយ ត្រូវឲ្យសង្ឃពិនិត្យមើល ហើយប្រាប់ថាជាស្មោកគ្រោក 4តែបើសិនជាស្នាមដែលនៅស្បែកនោះសវិញ មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ 5រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅ៧ថ្ងៃទៀត 6រួចដល់ថ្ងៃទី៧ ត្រូវឲ្យសង្ឃពិនិត្យមើលម្តងទៀត បើរោគអន់ថយហើយ មិនបានរាលក្នុងស្បែកទេ នោះត្រូវប្រកាសថា អ្នកនោះស្អាតវិញ គ្រាន់តែជាស្រែងប៉ុណ្ណោះ រួចអ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ 7តែបើដំបៅរាលធំឡើងនៅក្នុងស្បែក ក្រោយដែលសង្ឃបានពិនិត្យមើល ព្រមទាំងប្រកាសថា ជាស្អាតហើយ នោះត្រូវឲ្យបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្តងទៀត 8ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា ដំបៅនោះបានរាលជាខ្លាំងឡើងនៅក្នុងស្បែក នោះត្រូវប្រកាសថាជាស្មោកគ្រោកវិញ គឺជាឃ្លង់ហើយ។
9កាលណាមានរោគឃ្លង់កើតឡើងដល់មនុស្សណា នោះត្រូវតែនាំទៅឯសង្ឃ 10ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញមានពកសៗនៅនាស្បែក ដែលបានធ្វើរោមឲ្យទៅជាស ហើយមានសាច់ស្រស់នៅក្នុងពកនោះ 11នោះគឺជាឃ្លង់ចាស់នៅក្នុងសាច់ហើយ ត្រូវឲ្យសង្ឃប្រាប់ថាជាស្មោកគ្រោក មិនបាច់នឹងបង្ខាំងទុកទេ ព្រោះជាស្មោកគ្រោកហើយ 12បើកាលណារោគឃ្លង់នោះចេញមកគ្រប់នៅនាស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពី ក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ 13នោះត្រូវឲ្យពិនិត្យមើលអ្នកនោះ បើឃើញថា រោគឃ្លង់បានរាលពេញខ្លួនហើយ នោះត្រូវប្រកាសថា អ្នកដែលមានរោគនោះជាស្អាតវិញ ដ្បិតបានត្រឡប់ជាសទាំងអស់ហើយ គឺស្អាតទេ 14តែបើកាលណាឃើញមានសាច់ស្រស់ នោះស្មោកគ្រោកវិញ 15ត្រូវឲ្យសង្ឃពិនិត្យមើលសាច់ស្រស់នោះ រួចប្រកាសថា អ្នកនោះស្មោកគ្រោកពិត សាច់ស្រស់នោះស្មោកគ្រោកហើយ គឺជាឃ្លង់ 16ឬបើសាច់ស្រស់នោះទៅជាសទៅវិញ អ្នកនោះត្រូវមកឯសង្ឃម្តងទៀត 17ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគនោះបានត្រឡប់ជាសមែន នោះត្រូវប្រកាសថា អ្នកដែលមានរោគបានជាស្អាតវិញ គឺជាស្អាតទេ។
18កាលណាកើតមានបូសនៅនាស្បែក ហើយបានសះទៅ 19រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមប្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល 20ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ 21តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះ ហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរ គឺចង់ក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ 22បើរោគនោះរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ 23តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទេ គឺគ្រាន់តែជាស្នាមបូសប៉ុណ្ណោះ នោះត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតទេ។
24បើកាលណាស្បែកបានត្រូវរលាកភ្លើង ហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមប្រឿងៗឬសក្តី 25នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោមដែលនៅត្រង់ស្នាមនោះបានទៅជាសហើយ មើលទៅដូចជាខូងទាបជាងស្បែកដែរ នោះគឺជាឃ្លង់ដែលបានលេចមកត្រង់ស្នាមរលាកនោះ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ 26តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ 27រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះបានរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ 28តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទៅទៀតទេ គឺបានក្រៀមហើយ នោះគឺជាស្នាមផ្តួចឡើងត្រង់កន្លែងរលាកទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះជាស្អាតវិញ នោះគ្រាន់តែជាកំឡាំងដរប៉ុណ្ណោះ។
29បើកាលណាប្រុស ឬស្រី ណាកើតមានរោគនៅក្បាល ឬចង្កា 30នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាទឹលម៉ូវ ជាឃ្លង់នៅក្បាល ឬនៅចង្កា 31តែបើសង្ឃមើលទៅរោគទឹលម៉ូវនោះឃើញថា មិនខូងទាបជាងស្បែកទេ ក៏គ្មានរោមខ្មៅផង នោះត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ 32រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា រោគនោះមិនបានរាលដាលទៅទៀតទេ ហើយគ្មានរោមដែលលឿងស្លាំងផង ក៏មិនឃើញមានភាពខូងទាបជាងស្បែកដែរ 33នោះត្រូវកោរឲ្យអ្នកនោះចេញ តែត្រង់កន្លែងដែលកើតរោគ នោះមិនត្រូវកោរទេ ហើយត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលកើតរោគនោះទុកនៅ៧ថ្ងៃ 34រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះមិនបានរាលដាលនៅស្បែក ហើយមើលទៅដូចជាមិនខូងទាបជាងស្បែកទេ នោះត្រូវឲ្យសង្ឃប្រកាសថា ជាស្អាតវិញ ហើយអ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ 35តែបើរោគនោះរាលដាលធំឡើងនៅនាស្បែក ក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយ 36នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា បានរាលដាលនៅនាស្បែកមែន នោះមិនបាច់រករោមដែលលឿងស្លាំងទេ ដ្បិតជាមនុស្សស្មោកគ្រោកហើយ 37បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគទឹលម៉ូវបានជាហើយ គឺជាស្អាតទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតពិត។
38បើកាលណាមនុស្សប្រុស ឬស្រីណា កើតមានស្នាមភ្លឺៗ គឺជាស្នាមសភ្លឺ 39នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថាស្នាមភ្លឺៗនៅក្នុងស្បែកអ្នកនោះបែបសៗ នោះគឺជាស្រែងដែលបានកើតមកនៅស្បែក អ្នកនោះស្អាតទេ។
40បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះទំពែកហើយ តែស្អាតទេ 41បើបានជ្រុះសក់ក្បាលត្រង់ចំហៀងខាងមុខ អ្នកនោះឆកហើយ តែស្អាតទេ 42ប៉ុន្តែ បើមានដំបៅក្រហមប្រឿងៗនៅកន្លែងទំពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងទំពែកនោះ ទោះខាងលើ ឬពីមុខក្តី 43ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមប្រឿងៗនៅកន្លែងដែលទំពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ 44នោះគឺជាឃ្លង់ហើយ ជាមនុស្សស្មោកគ្រោក ត្រូវឲ្យសង្ឃប្រកាសជាកុំខានថា អ្នកនោះស្មោកគ្រោកពិត ដ្បិតមានរោគនៅលើក្បាលហើយ។
45ឯមនុស្សណាដែលកើតឃ្លង់ នោះត្រូវឲ្យស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយស្រែកថា ខ្ញុំស្មោកគ្រោកៗ 46អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។
47ឯសំលៀកបំពាក់ដែលមានរោគឃ្លង់ ទោះបើធ្វើពីរោមចៀមឬពីខ្លូតទេស 48ទោះបើតាមអំបោះអន្ទងឬអំបោះចាក់ ពីអំបោះខ្លូតទេស នឹងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី 49បើរោគនោះមានសម្បុរបៃតងខ្ចី ឬក្រហមប្រឿងនៅក្នុងសំលៀកបំពាក់នោះ ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅស្បែកនោះ ឬរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជារោគឃ្លង់ហើយ ត្រូវឲ្យបង្ហាញដល់សង្ឃ 50ត្រូវឲ្យសង្ឃពិនិត្យមើល រួចយករបស់ដែលមានរោគនោះ ទៅបង្ខាំងទុកគ្រប់៧ថ្ងៃ 51ដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា បានរាលដាលធំឡើងនៅសំលៀកបំពាក់នោះ ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ឬនៅស្បែកនោះ ដែលជាស្បែកប្រើធ្វើការអ្វីក៏ដោយ នោះគឺជារោគដែលស៊ីបង្ខូចរបស់នោះស្មោកគ្រោកហើយ 52ត្រូវដុតសំលៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតនឹងភ្លើងទៅ។
53តែបើសង្ឃពិនិត្យមើលទៅឃើញថា រោគនោះមិនបានរាលដាលឡើងនៅសំលៀកបំពាក់នោះទេ ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬនៅរបស់អ្វីដែលធ្វើពីស្បែកនោះដែរ 54នោះត្រូវឲ្យសង្ឃបង្គាប់ឲ្យលាងរបស់ដែលមានរោគនោះចេញ រួចត្រូវយកទៅបង្ខាំងទុក៧ថ្ងៃទៀត 55ក្រោយដែលបានលាងរួចហើយ នោះត្រូវឲ្យសង្ឃពិនិត្យមើលទៀត បើឃើញថា រោគនោះមិនបានប្រែសម្បុរទេ ក៏មិនបានរាលដាលឡើងផង របស់នោះស្មោកគ្រោកហើយ ត្រូវដុតចោលក្នុងភ្លើងទៅ ដ្បិតជារោគស៊ីបង្ខូចពិត ទោះបើខាងក្នុង ឬខាងក្រៅក្តី 56បើសង្ឃពិនិត្យមើលឃើញថា រោគនោះចង់ស្រអាប់ហើយ ក្នុងពេលក្រោយដែលបានលាងចេញ នោះត្រូវហែកត្រង់ដុំនោះពីសំលៀកបំពាក់ ឬពីស្បែកនោះ ពីអំបោះអន្ទង ឬពីអំបោះចាក់យកចេញ 57រួចបើចេះតែលេចមកនៅសំលៀកបំពាក់នោះទៀត ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជាដំណួចរោគឃ្លង់ហើយ ត្រូវតែយករបស់ដែលមានរោគនោះទៅដុតនឹងភ្លើងទៅ 58តែសំលៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ បើសិនជារោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត រួចនឹងបានស្អាត 59នេះហើយជាច្បាប់ខាងឯរោគឃ្លង់ នៅក្នុងសំលៀកបំពាក់ដែលធ្វើពីរោមចៀម ឬខ្លូតទេស ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី ដើម្បីឲ្យចេះសំរេចថា នេះស្អាត នេះមិនស្អាត។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 13: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.