លេវី‌វិន័យ 14

14
1ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា 2នេះ​ជា​ច្បាប់​ខាង​ឯ​មនុស្ស​ឃ្លង់ នៅ​ថ្ងៃ​ណា​ដែល​ញែក​គេ​ចេញ​ជា​ស្អាត ត្រូវ​តែ​នាំ​អ្នក​នោះ​ទៅ​ឯ​សង្ឃ 3រួច​ត្រូវ​ឲ្យ​សង្ឃ​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ពិនិត្យ​មើល បើ​ឃើញ​ថា មនុស្ស​ឃ្លង់​នោះ​បាន​ជា​ពិត 4នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់ ឲ្យ​យក​សត្វ​ហើរ​២ ដែល​រស់ ហើយ​ស្អាត មក​សំរាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តាត្រៅ សំពត់​ក្រហម នឹង​មែក​ហ៊ីសុប​ផង 5រួច​ត្រូវ​បង្គាប់​ឲ្យ​សំឡាប់​សត្វ​ហើរ​១ នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ 6ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​ឲ្យ​សង្ឃ​ជ្រលក់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សំឡាប់​ពី​លើ​ទឹក​ហូរ​នោះ ជា​មួយ​នឹង​ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប 7ទៅ​ប្រោះ​៧​ដង​លើ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​ពី​រោគ​ឃ្លង់ រួច​ប្រកាស​ថា​ជា​ស្អាត​ហើយ ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​លែង​នៅ​ឯ​វាល​ទៅ 8រួច​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​ស្អាត ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ព្រម​ទាំង​កោរ​សក់ ហើយ​ងូត​ទឹក​ចេញ រួច​នឹង​បាន​ស្អាត ហើយ​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​បាន តែ​ត្រូវ​នៅ​ខាង​ក្រៅ​ត្រសាល​របស់​ខ្លួន​អស់​៧​ថ្ងៃ 9ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​ត្រូវ​កោរ​សក់ កោរ​ពុក‌មាត់ នឹង​ចិញ្ចើម ហើយ​រោម​ខ្លួន​ទាំង​អស់​ចេញ ព្រម​ទាំង​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ទឹក​ផង នោះ​នឹង​បាន​ស្អាត​ហើយ។
10លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ នឹង​ចៀម​ញី​១​ឥត‌ខ្ចោះ​អាយុ​១​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​នឹង​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ហើយ​នឹង​ប្រេង​១​កំប៉ុង 11រួច​ត្រូវ​ឲ្យ​សង្ឃ​ដែល​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត នាំ​អ្នក​នោះ​មក​ដាក់​ជា​មួយ​នឹង​ដង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ 12ត្រូវ​ឲ្យ​សង្ឃ​យក​កូន​ចៀម​ឈ្មោល​១​ទៅ​ថ្វាយ​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង ព្រម​ទាំង​ប្រេង​១​កំប៉ុង​ផង រួច​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 13ត្រូវ​សំឡាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សំឡាប់​ដង្វាយ​លោះ​បាប ហើយ​នឹង​ដង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង ជា​របស់​ផង​សង្ឃ ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ ដង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត 14រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​របស់​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​លើ​មេ‌ដៃ​ស្តាំ នឹង​មេ‌ជើង​ស្តាំ​ផង 15ក៏​ត្រូវ​យក​ប្រេង​ពី​ក្នុង​កំប៉ុង ចាក់​ទៅ​ក្នុង​បាត​ដៃ​ឆ្វេង​ខ្លួន 16ហើយ​ជ្រលក់​ម្រាម‌ដៃ​ស្តាំ ទៅ​ក្នុង​ប្រេង​ដែល​នៅ​ក្នុង​បាត‌ដៃ ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 17ឯ​ប្រេង​ដែល​សល់​នៅ​បាត‌ដៃ នោះ​ត្រូវ​យក​ខ្លះ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ នឹង​មេ‌ដៃ​ស្តាំ ហើយ​នឹង​មេ‌ជើង​ស្តាំ​របស់​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​ដង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ 18ហើយ​ប្រេង​ដែល​សល់​នៅ​ក្នុង​បាត‌ដៃ​របស់​សង្ឃ ត្រូវ​ឲ្យ​ចាក់​លើ​ក្បាល​នៃ​អ្នក​ដែល​ញែក​ជា​ស្អាត​ទៅ រួច​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 19ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ដង្វាយ​លោះ​បាប ឲ្យ​បាន​ធួន​នឹង​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​នោះ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ខ្លួន រួច​មក​ត្រូវ​សំឡាប់​ដង្វាយ​ដុត​ទៀត 20ក៏​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​នឹង​ដង្វាយ​ម្សៅ​នៅ​លើ​អាសនា​ឲ្យ​បាន​ធួន​នឹង​អ្នក​នោះ​ដែរ នោះ​នឹង​បាន​ស្អាត​ហើយ។
21បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​ល្មម​នឹង​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​មក ដោយ​ព្រោះ​ការ​រំលង​សំរាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ នឹង​ប្រេង​១​កំប៉ុង 22ហើយ​លលក​២ ឬ​ព្រាប​ជំទើរ​២ តាម​កំឡាំង​របស់​ខ្លួន គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត 23នៅ​ថ្ងៃ​ទី​៨ អ្នក​នោះ​ត្រូវ​យក​របស់​ទាំង​នោះ​មក​ប្រគល់​ដល់​សង្ឃ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត 24ត្រូវ​ឲ្យ​សង្ឃ​យក​កូន​ចៀម​ដែល​សំរាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង នឹង​ប្រេង​១​កំប៉ុង ទៅ​ថ្វាយ​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 25រួច​ត្រូវ​សំឡាប់​កូន​ចៀម ដែល​សំរាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ហើយ​ត្រូវ​យក​ឈាម​នៃ​ដង្វាយ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​មេ‌ដៃ​ស្តាំ នឹង​មេ‌ជើង​ស្តាំ​ផង 26ក៏​ត្រូវ​ចាក់​ប្រេង​ទៅ​ក្នុង​បាត‌ដៃ​ឆ្វេង​របស់​ខ្លួន 27ហើយ​ប្រោះ​ប្រេង​នោះ​ដោយ​ម្រាម​ដៃ​ស្តាំ​អស់​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 28រួច​ត្រូវ​យក​ប្រេង​ដែល​នៅ​ក្នុង​បាត‌ដៃ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ នឹង​មេ‌ដៃ​ស្តាំ ហើយ​នឹង​មេ‌ជើង​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ 29ឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត‌ដៃ នោះ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​នៃ​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 30រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​លលក​១ ឬ​ព្រាប​ជំទើរ​១ តាម​កំឡាំង​ដែល​អ្នក​នោះ​នាំ​យក​មក​បាន 31គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត​ជា​មួយ​នឹង​ដង្វាយ​ម្សៅ​ផង រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ ឲ្យ​ធួន​នឹង​អ្នក ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 32នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​អ្នក​ដែល​កើត​រោគ​ឃ្លង់ ដែល​មិន​អាច​នឹង​លូក​ឈោង​ដល់​ដង្វាយ សំរាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​បាន។
33ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា 34កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នឹង​ឲ្យ​ជា​កេរ្តិ៍‌អាករ ដល់​ឯង​រាល់​គ្នា បើ​អញ​ធ្វើ​ឲ្យ​មាន​រោគ​ឃ្លង់ក្នុង​ផ្ទះ​ណា​មួយ​នៅ​ស្រុក​របស់​ផង​ឯង 35នោះ​ត្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​មក​ប្រាប់​ដល់​សង្ឃ​ថា មើល​ទៅ​ដូច​ជា​មាន​រោគ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ហើយ 36ដូច្នេះ ត្រូវ​ឲ្យ​សង្ឃ​បង្គាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ទៅ មុន​ដែល​ចូល​ទៅ​ពិនិត្យ​មើល​រោគ ដើម្បី​កុំ​ឲ្យ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​បាន​ទៅ​ជា​ស្មោក‌គ្រោក​ដែរ រួច​ហើយ​ត្រូវ​ចូល​ទៅ​ពិនិត្យ​មើល​ជា​ខាង​ក្រោយ 37ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោគ​ដែល​នៅ​ក្នុង​ជញ្ជាំង​ផ្ទះ​នោះ​មាន​កន្លែង​ខូង ពណ៌​បៃតង​ស្ទើរ ឬ​ក្រហម​ប្រឿង មើល​ទៅ​ទាប​ជាង​សាច់​ជញ្ជាំង​ហើយ 38នោះ​ត្រូវ​ចេញ​ទៅ​ឯ​មាត់​ទ្វារ ហើយ​បិទ​ខ្ទប់​ផ្ទះ​នោះ​គ្រប់​៧​ថ្ងៃ 39ដល់​ថ្ងៃ​ទី​៧ ត្រូវ​ត្រឡប់​មក​ពិនិត្យ​មើល​វិញ បើ​ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ទៅ​ក្នុង​ជញ្ជាំង​ទៀត​ទេ 40នោះ​ត្រូវ​បង្គាប់​គេ​ឲ្យ​យក​ថ្ម ដែល​មាន​រោគ​នោះ ចេញ​ទៅ​ចោល​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ 41រួច​ត្រូវ​ឲ្យ​គេ​កោស​ផ្ទះ​នៅ​ខាង​ក្នុង​ជុំវិញ ឯ​ផង់​ដែល​គេ​កោស​ចេញ​នោះ ត្រូវ​ឲ្យ​នាំ​យក​ទៅ​ចាក់​ឯ​កន្លែង​ស្មោក‌គ្រោក នៅ​ខាង​ក្រៅ​ទី​ក្រុង 42ហើយ​ត្រូវ​យក​ថ្ម​ឯ​ទៀត​មក​ប៉ះ​ជំនួស​ថ្ម​ចាស់ រួច​យក​បាយអ​ឯ​ទៀត​មក​បូក​វិញ។
43បើ​រោគ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​នោះ​ម្តង​ទៀត ក្នុង​ពេល​ក្រោយ​ដែល​បាន​យក​ថ្ម​ទាំង​នោះ​ចេញ ព្រម​ទាំង​កោស​ជញ្ជាំង នឹង​បូក​ជា​ថ្មី​ហើយ 44នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល បើ​ឃើញ​ថា​រោគ​នោះ​បាន​រាល‌ដាល​ឡើង​នៅ​ក្នុង​ផ្ទះ​មែន នោះ​គឺ​ជា​ឃ្លង់​ស៊ី​បង្ខូច​ហើយ ផ្ទះ​នោះ​ស្មោក‌គ្រោក​ពិត 45ត្រូវ​ឲ្យ​គេ​រំលំ​ផ្ទះ​នោះ ព្រម​ទាំង​ថ្ម នឹង​ឈើ ហើយ​នឹង​បាយអ​ទាំង​អស់​ចេញ ហើយ​នាំ​យក​ទាំង​អស់​ទៅ​ចាក់​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ 46ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ក្នុង​វេលា​ដែល​កំពុង​បិទ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 47បើ​អ្នក​ណា​ដែល​ដេក​ក្នុង​ផ្ទះ​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​បរិភោគ​នៅ​ក្នុង ផ្ទះ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ដែរ 48តែ​បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ឡើង​ក្នុង​ផ្ទះ ក្រោយ​ដែល​បាន​បូក​ជា​ថ្មី​ហើយ​នោះ​ទេ នោះ​ត្រូវ​ប្រកាស​ថា ផ្ទះ​នោះ​ស្អាត​វិញ ដ្បិត​រោគ​នោះ​បាត់​ហើយ។
49ដូច្នេះ ត្រូវ​ឲ្យ​យក​សត្វ​ស្លាប​២ ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប​មក​សំរាប់​នឹង​ញែក​ផ្ទះ​នោះ​ជា​ស្អាត 50ត្រូវ​សំឡាប់​សត្វ​១​នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ 51រួច​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប នឹង​សំពត់​ក្រហម ជា​មួយ​នឹង​សត្វ​១​ដែល​រស់​នៅ ជ្រលក់​ទាំង​អស់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​បាន​សំឡាប់ ហើយ​ក្នុង​ទឹក​ហូរ​នោះ​ដែរ រួច​ប្រោះ​ទៅ​លើ​ផ្ទះ​៧​ដង 52ដូច្នេះ ផ្ទះ​នោះ​នឹង​បាន​ញែក​ជា​ស្អាត ដោយ‌សារ​ឈាម​សត្វ​ស្លាប នឹង​ទឹក​ហូរ ហើយ​សត្វ​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​តាត្រៅ មែក​ហ៊ីសុប ហើយ​នឹង​សំពត់​ក្រហម​ផង 53តែ​ត្រូវ​លែង​សត្វ​រស់​នៅ​ឯ​វាល​ក្រៅ​ទី​ក្រុង​ទៅ គឺ​យ៉ាង​ដូច្នោះ​ដែល​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​ផ្ទះ​នោះ រួច​នឹង​បាន​ស្អាត​ហើយ។
54នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់​គ្រប់​យ៉ាង នឹង​ទឹលម៉ូវ 55ហើយ​ខាង​ឯ​ឃ្លង់​ដែល​កើត​នៅ​សំលៀក‌បំពាក់​ឬ​នៅ​ផ្ទះ 56នឹង​ខាង​ឯ​ពក ឬ​ស្នាម​ដែល​ស​ផង 57ដើម្បី​នឹង​បង្រៀន​ឲ្យ​ដឹង ក្នុង​កាល​ដែល​ស្មោក‌គ្រោក ឬ​ក្នុង​កាល​ដែល​ស្អាត នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 14: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល