យ៉ូស្វេ 16
16
1ឯចំណែកដែលគេបានចែកដល់ពួកកូនចៅយ៉ូសែប នោះចាប់តាំងពីទន្លេយ័រដាន់ត្រង់យេរីខូរ គឺពីខាងកើតទីក្រុងយេរីខូរ ក៏កាត់ទីរហោស្ថាន ដែលឡើងពីក្រុងយេរីខូរ តាមស្រុកភ្នំទៅដល់ក្រុងបេត-អែល 2រួចចេញពីក្រុងបេត-អែលទៅដល់ក្រុងលូស ក៏បណ្តោយទៅតាមព្រំស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត 3ពីទីនោះក៏ចុះទៅខាងលិច តាមព្រំស្រុករបស់ពួកយ៉ាផ្លេទីត ខាងព្រំក្រុងបេត-ហូរ៉ុនខាងក្រោម រហូតដល់ក្រុងកេស៊ើរ រួចក៏ទៅផុតត្រឹមសមុទ្រ 4ដូច្នេះពួកកូនចៅយ៉ូសែប គឺពួកម៉ាន៉ាសេ នឹងពួកអេប្រាអិមបានមរដករបស់គេហើយ។
5ឯព្រំស្រុករបស់ពួកកូនចៅអេប្រាអិមតាមគ្រួគេទាំងប៉ុន្មាន នោះប៉ែកខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ 6ពីទីនោះក៏ចេញទៅឯខាងលិច ត្រង់ខាងជើងក្រុងមីកមេថា រួចបត់ទៅខាងកើត រហូតដល់ក្រុងត្អាណាត-ស៊ីឡូរ រួចទៅតាមខាងកើតក្រុងយ៉ាណូហា 7ពីយ៉ាណូហាក៏ចុះទៅដល់ក្រុងអាថារ៉ូត ហើយនឹងក្រុងណ្អារ៉ាត រហូតដល់ក្រុងយេរីខូរ ទៅផុតត្រឹមទន្លេយ័រដាន់ 8ហើយពីក្រុងតាពួរ ព្រំនោះក៏ទៅលិច ទៅតាមស្ទឹងខាណា រួចផុតត្រឹមសមុទ្រ នេះហើយជាមរដករបស់ពូជអំបូរពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន 9ព្រមទាំងទីក្រុង នឹងភូមិជុំវិញទាំងប៉ុន្មាន ដែលសំរាប់ពួកកូនចៅអេប្រាអិម នៅក្នុងមរដករបស់ពួកកូនចៅម៉ាន៉ាសេនោះផង 10តែគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ពួកសាសន៍នោះគេនៅជាមួយនឹងពួកអេប្រាអិម ដរាបដល់សព្វថ្ងៃនេះ ហើយក៏ត្រឡប់ជាអ្នកបំរើដល់ពួកអេប្រាអិមទាំងបង្ខំ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 16: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.