យ៉ូស្វេ 16

16
1ឯ​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពួក​កូន​ចៅ​យ៉ូសែប នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ត្រង់​យេរីខូរ គឺ​ពី​ខាង​កើត​ទី​ក្រុង​យេរីខូរ ក៏​កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូរ តាម​ស្រុក​ភ្នំ​ទៅ​ដល់​ក្រុង​បេត-អែល 2រួច​ចេញ​ពី​ក្រុង​បេត-អែល​ទៅ​ដល់​ក្រុង​លូស ក៏​បណ្តោយ​ទៅ​តាម​ព្រំ​ស្រុក​សាសន៍​អើគី រហូត​ដល់​ក្រុង​អាថារ៉ូត 3ពី​ទី​នោះ​ក៏​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត ខាង​ព្រំ​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម រហូត​ដល់​ក្រុង​កេស៊ើរ រួច​ក៏​ទៅ​ផុត​ត្រឹម​សមុទ្រ 4ដូច្នេះ​ពួក​កូន​ចៅ​យ៉ូសែប គឺ​ពួក​ម៉ាន៉ាសេ នឹង​ពួក​អេប្រា‌អិម​បាន​មរដក​របស់​គេ​ហើយ។
5ឯ​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​ប៉ែក​ខាង​កើត គឺ​ក្រុង​អាថារ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ 6ពី​ទី​នោះ​ក៏​ចេញ​ទៅ​ឯ​ខាង​លិច ត្រង់​ខាង​ជើង​ក្រុង​មីក‌មេថា រួច​បត់​ទៅ​ខាង​កើត រហូត​ដល់​ក្រុង​ត្អាណាត-ស៊ីឡូរ រួច​ទៅ​តាម​ខាង​កើត​ក្រុង​យ៉ាណូហា 7ពី​យ៉ាណូហា​ក៏​ចុះ​ទៅ​ដល់​ក្រុង​អាថារ៉ូត ហើយ​នឹង​ក្រុង​ណ្អារ៉ាត រហូត​ដល់​ក្រុង​យេរីខូរ ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ 8ហើយ​ពី​ក្រុង​តាពួរ ព្រំ​នោះ​ក៏​ទៅ​លិច ទៅ​តាម​ស្ទឹង​ខាណា រួច​ផុត​ត្រឹម​សមុទ្រ នេះ​ហើយ​ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន 9ព្រម​ទាំង​ទី​ក្រុង នឹង​ភូមិ​ជុំវិញ​ទាំង​ប៉ុន្មាន ដែល​សំរាប់​ពួក​កូន​ចៅ​អេប្រា‌អិម នៅ​ក្នុង​មរដក​របស់​ពួក​កូន​ចៅ​ម៉ាន៉ាសេ​នោះ​ផង 10តែ​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ពួក​សាសន៍​នោះ​គេ​នៅ​ជា​មួយ​នឹង​ពួក​អេប្រា‌អិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​ត្រឡប់​ជា​អ្នក​បំរើ​ដល់​ពួក​អេប្រា‌អិម​ទាំង​បង្ខំ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 16: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល