យ៉ូប 3

3
1ក្រោយ​នោះ​មក យ៉ូប​ក៏​បើក​មាត់​ពោល​ពាក្យ​ប្រទេច​ផ្តាសា ដល់​ថ្ងៃ​កំណើត​របស់​ខ្លួន 2លោក​ពោល​ពាក្យ​ថា 3សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​វិនាស​ទៅ គឺ​ជា​យប់​ដែល​គេ​ប្រកាស​ថា មាន​កូន​មក​ចាប់​ទំ​ផ្ទៃ​នោះ 4សូម​ឲ្យ​ថ្ងៃ​នោះ​បាន​សូន្យ​ទៅ សូម​កុំ​ឲ្យ​ព្រះ​នឹក​រក​ពី​ស្ថាន​លើ​ឡើយ ក៏​កុំ​ឲ្យ​មាន​ពន្លឺ​ចាំង​មក​បំភ្លឺ​ឲ្យ​សោះ 5សូម​ឲ្យ​សេចក្ដី​ងងឹត នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់​មក​ទទួល​ធ្វើ​ជា​ម្ចាស់ សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ ហើយ​សូម​ឲ្យ​សូរ្យ‌គ្រាស​មក​បំភ័យ​ផង 6ឯ​យប់​នោះ សូម​ឲ្យ​សេចក្ដី​ងងឹត​សូន្យ‌សុង​ចាប់​ទុក កុំ​ឲ្យ​យប់​នោះ​មាន​កន្លែង នៅ​ជា​មួយ​នឹង​ថ្ងៃ​ឯ​ទៀត​ក្នុង​ឆ្នាំ​ឡើយ ក៏​កុំ​ឲ្យ​បាន​រាប់​ក្នុង​ខែ​នោះ​ដែរ 7អើ សូម​ឲ្យ​យប់​នោះ​បាន​ទៅ​ជា​អសារ​ឥត​ការ ឥត​មាន​ឮ​សូរ‌សៀង​អរ​សប្បាយ​ឡើយ 8សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ពេល​ថ្ងៃ បាន​ដាក់​បណ្តាសា​ដល់​យប់​នោះ ព្រម​ទាំង​ពួក​អ្នក​ដែល​ប្រុង​នឹង​ដាស់​ក្រពើ​ឡើង​ផង 9សូម​ឲ្យ​អស់​ទាំង​ផ្កាយ ដែល​ភ្លឺ​នៅ​ពេល​ព្រលប់​ក្នុង​យប់​នោះ​បាន​ងងឹត​វិញ ឲ្យ​បាន​រក​ពន្លឺ​ឥត​មាន​ឡើយ ក៏​កុំ​ឲ្យ​បាន​ឃើញ​បើក​ពន្លឺ នៅ​ពេល​បច្ចូស‌កាល​ដែរ 10ពី​ព្រោះ​មិន​បាន​បិទ​ទ្វារ​ផ្ទៃ​ម្តាយ​ខ្ញុំ​ទេ ក៏​មិន​បាន​បិទ​បាំង​សេចក្ដី​វេទនា ពី​ភ្នែក​ខ្ញុំ​ដែរ។
11ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​បាន​ស្លាប់ ចាប់​តាំង​ពី​ក្នុង​ផ្ទៃ ហើយ​ប្រគល់​វិញ្ញាណ​ទៅ​វិញ ក្នុង​កាល​ដែល​ម្តាយ​ខ្ញុំ​បាន​សំរាល​មក​នោះ 12ម្តេច​ក៏​មាន​ភ្លៅ​ទទួល​ទ្រ​ខ្ញុំ ហើយ​នឹង​ដោះ​ឲ្យ​ខ្ញុំ​បៅ 13កុំ​តែ​មាន​ដូច្នោះ នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ ដោយ​មាន​សេចក្ដី​ស្រាន្ត​ហើយ 14នៅ​ជា​មួយ​ពួក​ស្តេច នឹង​ពួក​អ្នក​ប្រាជ្ញ​នៃ​លោកីយ ជា​ពួក​អ្នក​ដែល​បាន​សង់​ទី​សំងាត់​សំរាប់​ខ្លួន 15ឬ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់ 16ឬ​នឹង​ឥត​មាន​ខ្ញុំ​សោះ ដូច​ជា​កូន​រំលូត​លាក់​កំបាំង គឺ​ជា​កូន​ដែល​មិន​បាន​ឃើញ​ពន្លឺ​ឡើយ 17នៅ​ទី​នោះពួក​អាក្រក់​លែង​ធ្វើ​ទុក្ខ នៅ​កន្លែង​នោះ ពួក​នឿយ‌ហត់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត 18នៅ​ទី​នោះ ពួក​អ្នក​ទោស​មាន​សេចក្ដី​សំរាក​ព្រម​គ្នា គេ​មិន​ឮ​សូរ​កំហែង​នៃ​អ្នក​នាយ​ដំរួត​ទៀត​ទេ 19មាន​ទាំង​អ្នក​តូច​អ្នក​ធំ​នៅ​ទី​នោះ ហើយ​បាវ​ក៏​បាន​រួច​ពី​ចៅហ្វាយ​ខ្លួន​ដែរ។
20ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិត ដល់​អ្នក​ដែល​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ 21គេ​ទន្ទឹង​ចាំ​តែ​ស្លាប់ តែ​សេចក្ដី​ស្លាប់​មិន​មក​ដល់​សោះ ទោះ​បើ​គេ​សង្វាត​រក​លើស​ជាង​រក​ទ្រព្យ​សម្បត្តិ​ផង​ក៏​ដោយ 22គេ​មាន​សេចក្ដី​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​អរ​សប្បាយ ក្នុង​កាល​ដែល​ប្រទះ​នឹង​ផ្នូរ​ហើយ 23ហេតុ​អ្វី​បាន​ជា​ឲ្យ​ពន្លឺ​ភ្លឺ​ដល់​មនុស្ស ដែល​ផ្លូវ​របស់​ខ្លួន​សុទ្ធ​តែ​ងងឹត​ដូច្នេះ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ហើយ 24ព្រោះ​សេចក្ដី​ដំអូញ​របស់​ខ្ញុំ ទុក​ដូច​ជា​អាហារ ហើយ​ដំងូរ​ខ្ញុំ​ក៏​ហូរ​ចេញ​ដូច​ជា​ទឹក 25ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ខ្លាច នោះ​បាន​កើត​ដល់​ខ្ញុំ សេចក្ដី​ដែល​នាំ​ឲ្យ​ខ្ញុំ​ភ័យ នោះ​ក៏​មក​ដល់​ខ្ញុំ​ហើយ 26ខ្ញុំ​គ្មាន​សេចក្ដី​សុខ គ្មាន​សេចក្ដី​ក្សេម‌ក្សាន្ត ក៏​គ្មាន​សេចក្ដី​សំរាក​ឡើយ គឺ​មាន​តែ​សេចក្ដី​ទុក្ខ​ប៉ុណ្ណោះ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល