យ៉ូប 23
23
1នោះយ៉ូបក៏ឆ្លើយឡើងថា 2នៅថ្ងៃនេះសេចក្ដីដំអូញរបស់ខ្ញុំទុកជាសេចក្ដីបះបោរទៀត តែព្រះហស្តដែលសង្កត់លើខ្ញុំ នោះធ្ងន់ជាងអស់ទាំងដំងូរខ្ញុំផង 3ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ 4នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្ដីជជែកតវ៉ា 5ខ្ញុំនឹងបានស្គាល់ពាក្យណាដែលទ្រង់នឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលទ្រង់ចង់មានបន្ទូលតប 6តើទ្រង់នឹងតវ៉ានឹងខ្ញុំ ដោយនូវអំណាចទ្រង់ដ៏ធំឬអី ទេ គឺទ្រង់នឹងប្រុងស្តាប់ខ្ញុំវិញជាពិត 7នៅទីនោះមនុស្សទៀងត្រង់នឹងប្រឹក្សានឹងទ្រង់បាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជំរះខ្ញុំ 8តែមើល ខ្ញុំដើរទៅខាងមុខ តែទ្រង់មិនមែននៅទីនោះក៏ថយទៅក្រោយ តែរកសំគាល់ទ្រង់មិនបាន 9ក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការ តែខ្ញុំមើលទ្រង់មិនឃើញ ហើយទ្រង់ពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។
10ប៉ុន្តែទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាទ្រង់បានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស 11ជើងខ្ញុំបានដើរជាប់តាមជំហានទ្រង់ ខ្ញុំបានកាន់តាមផ្លូវទ្រង់ ឥតងាកបែរទៅខាងណាឡើយ 12ខ្ញុំមិនដែលគេចថយចេញពីបង្គាប់នៃព្រះរឹមទ្រង់ទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះឱស្ឋទ្រង់ ជាជាងអាហារដែលខ្ញុំត្រូវការផង 13ទ្រង់មានគំនិតតែ១ តើអ្នកណានឹងបំផ្លាស់បំប្រែព្រះហឫទ័យទ្រង់បាន ការអ្វីដែលទ្រង់ចង់ធ្វើ នោះក៏ធ្វើទៅ 14ដ្បិតទ្រង់ធ្វើសំរេចសេចក្ដីដែលបានដំរូវទុកសំរាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀតនៅនឹងទ្រង់ដែរ 15ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះទ្រង់ បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា នោះខ្ញុំខ្លាចទ្រង់ណាស់ 16ដ្បិតព្រះទ្រង់បានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់បានធ្វើឲ្យខ្ញុំស្ញែងខ្លាច 17ដោយព្រោះទ្រង់មិនបានកាត់ខ្ញុំចេញពីមុខសេចក្ដីងងឹតនេះ ក៏មិនបានលាក់សេចក្ដីងងឹតយ៉ាងក្រាស់នេះនឹងខ្ញុំដែរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 23: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.