យ៉ូប 22

22
1នោះ​អេលី‌ផាស សាសន៍​ថេម៉ាន ក៏​ឆ្លើយ​ឡើង​ថា 2តើ​មនុស្ស​នឹង​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​ឬ​ទេ ឯ​មនុស្ស​ប្រាជ្ញ គេ​មាន​ប្រយោជន៍​ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ 3បើ​អ្នក​ជា​មនុស្ស​សុចរិត នោះ​តើ​ចំរើន​សេចក្ដី​អំណរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឬ​អី បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម‌ត្រូវ​ឡើង នោះ​តើ​ជា​កំរៃ​ដល់​ទ្រង់​ឬ 4តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា​មួយ​នឹង​អ្នក​ឬ 5ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សំបើម​វិញ​ទេ​ឬ​អី ហើយ​សេចក្ដី​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ 6ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង​ប្អូន​អ្នក​ដោយ​ឥត​ហេតុ ហើយ​បាន​សំរាត​យក​ពី​មនុស្ស​កំសត់​ទុគ៌ត​ផង 7អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ 8មនុស្ស​ខ្លាំង​ពូកែ​បាន​ជា​ម្ចាស់​លើ​ផែនដី មនុស្ស​មាន​បណ្តា​សក្តិ​បាន​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក 9អ្នក​បាន​បណ្តេញ​ស្រី​មេម៉ាយ​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​បាន​បំបាក់​ដៃ​នៃ​ពួក​កំព្រា 10ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ភ្លាមៗ​មក​បំភ័យ​អ្នក 11ឬ​ជា​សេចក្ដី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។
12ឯ​ព្រះ តើ​ទ្រង់​មិន​គង់​នៅ​ជាន់​ខ្ពស់ នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី ចូរ​មើល​ផ្កាយ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន ដែល​ជា​ខ្ពស់​ដល់​ណា​ទៅ 13អ្នក​ពោល​ថា តើ​ព្រះ‌ទ្រង់​ជ្រាប​អ្វី​ខ្លះ តើ​ទ្រង់​អាច​ទត​ទំលុះ​សេចក្ដី​ងងឹត​មក​ជំនុំ‌ជំរះ​បាន​ដែរ​ឬ 14មាន​ពពក​យ៉ាង​ក្រាស់​នៅ​ហុំ​ទ្រង់​ជុំវិញ មិន​ឲ្យ​ឃើញ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​យាង​នៅ​តែ​លើ​ផ្ទៃ​មេឃ 15តើ​អ្នក​រក្សា​ទុក​ផ្លូវ​ចាស់ ដែល​មនុស្ស​អាក្រក់​បាន​ដើរ​ហើយ​ឬ​អី 16ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ ដែល​ទី​ពឹង​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ 17គេ​បាន​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ហើយ​ថា តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​អាច​នឹង​ប្រោស​ដល់​យើង​យ៉ាង​ណា​បាន 18ប៉ុន្តែគឺ​ទ្រង់​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ 19ពួក​មនុស្ស​សុចរិត​ក៏​ឃើញ ហើយ​មាន​សេចក្ដី​អំណរ ពួក​មនុស្ស​ផូរ‌ផង់​នឹង​សើច​ឡក​ឲ្យ​គេ​ថា 20ពួក​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​យើង គេ​ត្រូវ​សាប‌សូន្យ​ហើយ ឯ​សំណល់​របស់​គេ នោះ​ភ្លើង​បាន​ឆេះ​អស់​ទៅ។
21ដូច្នេះ ចូរ​អ្នក​ផ្គាប់‌ផ្គុន​ទ្រង់ ហើយ​មាន​សេចក្ដី​មេត្រី​នឹង​ទ្រង់​ចុះ នោះ​នឹង​បាន​ចំរើន​ប្រយោជន៍​ដល់​ខ្លួន 22ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​សេចក្ដី​បង្រៀន​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​ប្រមូល​ទុក​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​ក្នុង​ចិត្ត​ចុះ 23បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កំចាត់​សេចក្ដី​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ​ពី​ទី​លំនៅ​របស់​អ្នក​ទៅ 24ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស​របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ស្រុក​អូភារ​ទៅ​ក្នុង​ថ្ម​នៅ​បាត​ជ្រោះ​ទឹក​ផង 25នោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​នឹង​បាន​ជា​ទ្រព្យ​វិសេស នឹង​ជា​ប្រាក់​មាន​សាច់​សុទ្ធ​ដល់​អ្នក​ហើយ 26ដ្បិត​យ៉ាង​នោះ​អ្នក​នឹង​បាន​ពេញ​ចិត្ត ដោយ‌សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ក៏​នឹង​អាច​ងើប​មុខ​មើល​ចំ​ទៅ​ឯ​ទ្រង់​ផង 27អ្នក​នឹង​អធិ‌ស្ឋាន​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល យ៉ាង​នោះ​អ្នក​នឹង​បាន​លា​បំណន់​របស់​អ្នក 28កាល​ណា​អ្នក​សំរេច​នឹង​ធ្វើ​ការ​អ្វី នោះ​នឹង​បាន​សំរេច​ដូច​បំណង នឹង​មាន​ពន្លឺ​ភ្លឺ​មក​លើ​ផ្លូវ​របស់​អ្នក​ដែរ 29កាល​ណា​គេ​បន្ទាប​ទៅ នោះ​អ្នក​នឹង​នឹក​ថា មាន​ការ​លើក​ឡើង​វិញ ឯ​មនុស្ស​សុភាព​ទ្រង់​នឹង​ជួយ​សង្គ្រោះ 30ទ្រង់​នឹង​ជួយ​ទាំង​មនុស្ស​ដែល​មិន​មែន​ឥត​ទោស​ឲ្យ​រួច​ផង អើ អ្នក​នោះ​នឹង​បាន​រួច​ដោយ‌សារ​សេចក្ដី​បរិសុទ្ធ​របស់​ដៃ​អ្នក។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 22: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល