យ៉ូប 19

19
1នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា 2អ្នក​រាល់​គ្នា​នឹង​ធ្វើ​ទុក្ខ​ដល់​ព្រលឹង​ខ្ញុំ ហើយ​ឈ្លី‌ឈ្លក់​ខ្ញុំ​ដោយ​ពាក្យ​សំដី​ដល់​កាល​ណា​ទៀត 3មាន​ទាំង​១០​ដង​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ ព្រម​ទាំង​បញ្ឈឺ​ចិត្ត​ខ្ញុំ​ដោយ​ឥត​ខ្មាស 4បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ខុស​មែន សេចក្ដី​កំហុស​នោះ​ក៏​នៅ​ជាប់​តែ​នឹង​ខ្លួន​ខ្ញុំ​ទេ 5បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ធំ​លើ​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ​នេះ 6នោះ​ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ដោយ​មង​របស់​ទ្រង់។
7មើល ខ្ញុំ​ស្រែក​ឡើង​ថា ខ្ញុំ​ត្រូវ​គេ​ធ្វើ​អាក្រក់​ហើយ តែ​គ្មាន​អ្នក​ណា​ឮ​សោះ ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ តែ​គ្មាន​សេចក្ដី​យុត្តិ‌ធម៌​ឡើយ 8ទ្រង់​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ងងឹត​ទៅ 9ទ្រង់​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ពី​ក្បាល​ខ្ញុំ​ចេញ​ផង 10ទ្រង់​បាន​បំផ្លាញ​ខ្ញុំ​ពី​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​ទៅ​បាត់ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​ទ្រង់​បាន​រំលើង​ចេញ ដូច​ជា​ដើម​ឈើ 11ទ្រង់​បាន​បង្កាត់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ទ្រង់ 12ពល​ទ័ព​របស់​ទ្រង់​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ថ្នល់​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំវិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។
13ទ្រង់​បាន​ញែក​ពួក​បង​ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់ 14ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្រ​សំឡាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំ​អស់​ហើយ 15ទាំង​ពួក​អ្នក​នៅ​ផ្ទះ​ខ្ញុំ នឹង​បាវ​ស្រី ក៏​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ ខ្ញុំ​ដូច​ជា​អ្នក​កន្ទៀត​ដល់​ភ្នែក​គេ 16ខ្ញុំ​ហៅ​អ្នក​បំរើ​ខ្ញុំ តែ​វា​មិន​ឆ្លើយ​សោះ ទោះ​បើ​ខ្ញុំ​សូម​អង្វរ​វា​ផង 17ខ្យល់​មាត់​របស់​ខ្ញុំ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ប្រពន្ធ​ខ្ញុំ ហើយ​សេចក្ដី​អង្វរ​របស់​ខ្ញុំ​ជា​ទី​ខ្ពើម​ដល់​បង​ប្អូន​ពោះ​១​នឹង​ខ្ញុំ​ដែរ 18ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ 19ពួក​មិត្រ​សំឡាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ 20ឆ្អឹង​ខ្ញុំ​នៅ​ជាប់​នឹង​ស្បែក ហើយ​នឹង​សាច់​ខ្ញុំ ខ្ញុំ​រួច​បាន​តែ​ជីវិត​ប៉ុណ្ណោះ 21ឱ​អ្នក​រាល់​គ្នា ជា​សំឡាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​បាន​ពាល់​ខ្ញុំ​ហើយ 22ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត 23ឱ​បើ​សិន​ជា​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ 24គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ 25ប៉ុន្តែឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី 26ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ 27ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ 28ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា ដោយ​យល់​ឃើញ​ថា ដើម​ហេតុ​នៃ​សេចក្ដី​នេះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ 29យ៉ាង​នោះ​ត្រូវ​ឲ្យ​ខ្លាច​ចំពោះ​ដាវ​ចុះ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ​នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 19: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល