យ៉ូប 18

18
1នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា ក៏​ឆ្លើយ​ឡើង​ថា 2តើ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​និយាយ​ដល់​កាល​ណា​ទៀត ចូរ​ពិចារណា​ចុះ រួច​មក​សឹម​យើង​និយាយ 3ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​រាប់​ទុក​ដូច​ជា​សត្វ​តិរច្ឆាន ហើយ​បាន​ត្រឡប់​ជា​ស្មោក‌គ្រោក​នៅ​ភ្នែក​អ្នក​ដូច្នេះ 4ឱ​អ្នក​ដែល​ហែក‌ហួរ​ខ្លួន​ដោយ​សេចក្ដី​កំហឹង តើ​ផែនដី​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​អ្នក ឬ​ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​ទៅ​ឬ​អី។
5ឯ​ពន្លឺ​នៃ​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ ហើយ​រងើក​ភ្លើង​របស់​គេ​នឹង​លែង​ភ្លឺ 6ពន្លឺ​នៅ​ក្នុង​ទី​លំនៅ​គេ​នឹង​ត្រូវ​ងងឹត​វិញ ហើយ​ចង្កៀង​នៅ​ពី​លើ​គេ​នឹង​រលត់​ទៅ 7អស់​ទាំង​ជំហាន​នៃ​កំឡាំង​គេ​នឹង​កាន់​តែ​អន់​ថយ ហើយ​គំនិត​របស់​ខ្លួន​នឹង​ផ្តួល​គេ​ផង 8ដ្បិត​ជើង​ខ្លួន​គេ​នាំ​ឲ្យ​គេ​ជាប់​មង គេ​ដើរ​លើ​រង្វង់​អន្ទាក់​ជានិច្ច 9អន្ទាក់​នឹង​រូត​ជាប់​កែង‌ជើង​គេ ហើយ​អន្ទាក់​សាង​នឹង​វាត់​ឡើង​ជាប់​គេ 10មាន​ខ្សែ‌រូត​បង្កប់​ក្នុង​ដី​សំរាប់​ចាប់​គេ ហើយ​មាន​អង្គប់​រង់‌ចាំ​គេ​នៅ​ផ្លូវ 11សេចក្ដី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង‌ជើង​គេ 12កំឡាំង​គេ​ហេវ​ទៅ​ដោយ​អត់‌ឃ្លាន ហើយ​សេចក្ដី​អន្តរាយ​នឹង​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ខាង​គេ 13អវយវៈ​រូប‌កាយ​គេ​នឹង​ត្រូវ​លេប​បាត់​ទៅ គឺ​កូន​ច្បង​នៃ​សេចក្ដី​ស្លាប់នឹង​ស៊ី​អវយវៈ​គេ​អស់​រលីង 14គេ​នឹង​ត្រូវ​រលើង​ចេញ​ពី​ទី​លំនៅ ដែល​បាន​យក​ជា​ទី​ពឹង ហើយ​នឹង​ត្រូវ​នាំ​ទៅ​ចំពោះ​ស្តេច​នៃ​សេចក្ដី​ស្ញែង​ខ្លាច 15មនុស្ស​ក្រៅ​វង្ស​ត្រកូល​របស់​គេ នឹង​មក​នៅ​ក្នុង​ទី​លំនៅ​គេ​វិញ ហើយ​នឹង​មាន​ស្ពាន់‌ធ័រ​រោយ​ចុះ​មក​លើ​ទី​អាស្រ័យ​របស់​គេ 16នៅ​ខាង​ក្រោម ឫស​គេ​នឹង​ត្រូវ​ក្រៀម​ស្ងួត​ទៅ ហើយ​ខាង​លើ មែក​គេ​នឹង​ត្រូវ​កាច់​ចេញ 17ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ហើយ​នឹង​លែង​ឮ​និយាយ​ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ 18គេ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ពន្លឺ​ទៅ​ក្នុង​ទី​ងងឹត ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយ​ផង 19គេ​នឹង​គ្មាន​កូន​ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​សល់​នៅ ក្នុង​កន្លែង​ដែល​គេ​អាស្រ័យ​នោះ​ឡើយ 20ពួក​ជំនាន់​ក្រោយ​នឹង​មាន​សេចក្ដី​អស្ចារ្យ​ពី​ប្រវត្តិ​របស់​គេ ដូច​ជា​ជំនាន់​មុន​បាន​ភ័យ​ខ្លាច​ដែរ 21ប្រាកដ​ជា​យ៉ាង​នោះ​ហើយ ដែល​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់ នេះ​ហើយ​ជា​កន្លែង​នៃ​អ្នក​ដែល​មិន​ស្គាល់​ព្រះ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 18: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល