យ៉ូហាន 4
4
1ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត 2(តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) 3នោះទ្រង់ក៏យាងចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ 4ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី 5ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារី ហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន 6នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កំឡាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ 7មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង 8ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ 9ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ) 10ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ នឹងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង 11ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក 12តើលោកធំជាងយ៉ាកុប ជាឰយុកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ នឹងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី 13ព្រះយេស៊ូវមានបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត 14តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច 15ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត 16ព្រះយេស៊ូវមានបន្ទូលថា ចូរទៅហៅប្ដីនាងមកឯណេះ 17ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្ដីទេ រួចព្រះយេស៊ូវមានបន្ទូលថា ដែលនាងថា គ្មានប្ដី នោះថាត្រូវហើយ 18ដ្បិតនាងបានមានប្ដី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្ដីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ 19ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា 20ឯពួកឰយុកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡិមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ 21ព្រះយេស៊ូវមានបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ 22អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា 23តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតា ដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ 24ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ 25ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់ 26ព្រះយេស៊ូវមានបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។
27ខណនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថា ទ្រង់សួររកអ្វី ឬថា ទ្រង់មានបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ 28ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា 29ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី 30គេក៏ចេញពីទីក្រុងទៅឯទ្រង់។
31ក្នុងរវាងនោះ ពួកសិស្សទូលទ្រង់ថា លោកគ្រូ អញ្ជើញពិសា 32តែទ្រង់មានបន្ទូលថា ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់ 33ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី 34នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង 35តើអ្នករាល់គ្នាមិនថា នៅ៤ខែទៀត ទើបដល់រដូវចំរូតទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ 36អ្នកណាដែលច្រូត នោះបានរង្វាន់ ក៏ប្រមូលផលសំរាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលព្រោះ នឹងអ្នកដែលច្រូត បានអរសប្បាយផងគ្នា 37ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត 38ខ្ញុំបានចាត់អ្នករាល់គ្នាទៅច្រូតចំរូត ដែលមិនបាននឿយនឹងធ្វើសោះ មានអ្នកឯទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានចូលទៅក្នុងការរបស់គេ។
39នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា លោកប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត 40ដូច្នេះ កាលពួកសាសន៍សាម៉ារីបានមកដល់ទ្រង់ហើយ នោះគេសូមទ្រង់ ឲ្យនៅជាមួយនឹងគេ ទ្រង់ក៏គង់នៅទីនោះអស់២ថ្ងៃ 41ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់ 42រួចគេនិយាយទៅស្ត្រីនោះថា ឥឡូវនេះ យើងជឿ មិនមែនដោយព្រោះពាក្យសំដីរបស់អ្នកទៀតទេ គឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់ខ្លួនយើងវិញ ហើយយើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន។
43កន្លង២ថ្ងៃនោះមក ព្រះយេស៊ូវក៏ចេញពីទីនោះ ទៅឯស្រុកកាលីឡេវិញ 44ដ្បិតទ្រង់ធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា គេមិនរាប់អានហោរា នៅក្នុងស្រុករបស់ខ្លួនទេ 45ដូច្នេះ កាលទ្រង់បានយាងមកដល់ស្រុកកាលីឡេហើយ នោះពួកអ្នកនៅស្រុកនោះក៏ទទួលទ្រង់ ដោយបានឃើញអស់ទាំងការដែលទ្រង់ធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ពីព្រោះគេក៏បានទៅឯបុណ្យនោះដែរ។
46រួចមក ទ្រង់យាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត គឺនៅភូមិនោះហើយ ដែលទ្រង់ធ្វើទឹកឲ្យប្រែទៅជាស្រាទំពាំងបាយជូរ នោះមាននាម៉ឺនម្នាក់មានកូនឈឺ នៅឯកាពើណិម 47កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដា មកដល់ស្រុកកាលីឡេហើយ នោះលោកក៏ទៅសូមទ្រង់ ឲ្យយាងចុះទៅប្រោសកូនឲ្យជា ដ្បិតកូននោះជិតស្លាប់ហើយ 48ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា បើអ្នករាល់គ្នាមិនឃើញទីសំគាល់ នឹងការអស្ចារ្យ នោះមិនព្រមជឿទេ 49នាម៉ឺននោះទូលទ្រង់ថា លោកម្ចាស់ សូមអញ្ជើញចុះទៅជាប្រញាប់ ក្រែងកូនខ្ញុំស្លាប់ 50ព្រះយេស៊ូវមានបន្ទូលទៅលោកថា អញ្ជើញទៅចុះ កូនលោកនឹងរស់នៅទេ លោកក៏ជឿព្រះបន្ទូលនៃព្រះយេស៊ូវ ហើយចេញទៅ 51កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជំរាបថា កូនលោកជាហើយ 52ដូច្នេះ លោកក៏សួរគេ ពីពេលណាដែលកូនបានគ្រាន់បើ គេជំរាបថា បាត់គ្រុនពីម៉ោង១ម្សិលមិញ 53នោះឪពុកបានដឹងថា គឺជាពេលនោះឯង ដែលព្រះយេស៊ូវមានបន្ទូលថា កូនរស់នៅទេ ហើយលោកក៏ជឿ ព្រមទាំងពួកផ្ទះលោកទាំងអស់ដែរ 54នេះជាទីសំគាល់ទី២ដែលព្រះយេស៊ូវទ្រង់ធ្វើ ក្នុងកាលដែលទ្រង់យាងត្រឡប់ពីស្រុកយូដា មកក្នុងស្រុកកាលីឡេវិញ។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.