យ៉ូហាន 21

21
1ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​សំដែង​អង្គ​ទ្រង់ ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត ត្រង់​សមុទ្រ​ទីបេរាស គឺ​ទ្រង់​សំដែង​មក​បែប​យ៉ាង​នេះ 2មាន​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា ស្រុក​កាលី‌ឡេ កូន​សេបេដេ​ទាំង​២ នឹង​ពួក​សិស្ស​២​នាក់​ទៀត នៅ​ជា​មួយ​គ្នា 3នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ 4ដល់​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ 5ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ 6រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់ 7នោះ​សិស្ស​១​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះ‌អម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក 8ពួក​សិស្ស​ឯ​ទៀត​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិន‌សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ 9កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ នឹង​នំបុ័ង​ដែរ 10ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​យក​ត្រី​ខ្លះ ដែល​ទើប​នឹង​ចាប់​នោះ​មក 11ស៊ីម៉ូន-ពេត្រុស​ក៏​ឡើង​មក​ទាំង​ទាញ​អួន ដាក់​លើ​គោក បាន​ពេញ​ដោយ​ត្រី​ធំៗ​១៥៣ ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​ដល់​ម៉្លេះ គង់​តែ​អួន​មិន​បាន​ធ្លាយ​ដែរ 12ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​គេ​មក​ថា ចូរ​មក​ពិសា​សិន ប៉ុន្តែ គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ណា​នុ៎ះ ដោយ​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ហើយ 13ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង នឹង​ត្រី ប្រទាន​ដល់​គេ 14នោះ​ជា​គំរប់​៣​ដង​ហើយ ដែល​ព្រះ‌យេស៊ូវ​សំដែង​មក ឲ្យ​ពួក​សិស្ស​ឃើញ ក្នុង​ពេល​ក្រោយ​ដែល​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។
15កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង 16រួច​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ 17រួច​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង 18ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង 19ទ្រង់​មាន​បន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ 20ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នោះ ដែល​បញ្ជូន​ទ្រង់ 21កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ 22ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ 23ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរ‌ខ្ចាយ​ទួទៅ ក្នុង​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​បាន​មាន​បន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ។
24គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់​គ្នា​ដឹង​ថា សេចក្ដី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ 25មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 21: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល