បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បន្តិចទៀត លោកីយនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង យូដាស (មិនមែនអ៊ីស្ការីយ៉ុត) គាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើកើតមានហេតុដូចម្តេច បានជាទ្រង់នឹងសំដែងមកឲ្យយើងខ្ញុំស្គាល់ទ្រង់ តែមិនឲ្យលោកីយស្គាល់ផង ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ។ ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្នានៅឡើយ តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា ខ្ញុំទៅ ហើយនឹងមកឯអ្នករាល់គ្នាវិញ បើសិនជាអ្នករាល់គ្នាស្រឡាញ់ដល់ខ្ញុំ នោះនឹងមានសេចក្ដីអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាទ្រង់ធំលើសជាងខ្ញុំ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនដែលការនោះមកដល់ ដើម្បីកាលណាមកហើយ នោះឲ្យអ្នករាល់គ្នាបានជឿ ពីនេះទៅមុខ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយនេះជិតមកដល់ហើយ តែវាគ្មានអ្វីនៅក្នុងខ្ញុំទេ គឺខ្ញុំធ្វើបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយបានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់ ចូរយើងក្រោកឡើងចេញពីទីនេះទៅ។
អាន យ៉ូហាន 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 14:15-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ