យ៉ូហាន 14:1-13

យ៉ូហាន 14:1-13 ពគប

កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​ដឹង ហើយ​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ ថូម៉ាស​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ជា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរ‌បិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង ភីលីព​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរ‌បិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរ‌បិតា​ផង​ដូច្នេះ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរ‌បិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោត ឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដើម្បី​ឲ្យ​ព្រះវរ‌បិតា​បាន​ដំកើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា

អាន យ៉ូហាន 14