យ៉ូហាន 14:1-13

យ៉ូហាន 14:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ។ នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌វរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ ហើយ​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ។ អ្នក​រាល់​គ្នា​ស្គាល់​ផ្លូវ​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ហើយ»។ ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះ‌អង្គ​យាង​ទៅ​ឯ​ណា​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ​ហើយ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌វរបិតា​ដែរ ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ព្រះ‌អង្គ​ទៀត​ផង»។ ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះ‌វរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ទើប​យើង​ខ្ញុំ​អស់​ចិត្ត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​យូរ​ណាស់​ហើយ អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​បាន​ឃើញ​ព្រះ‌វរបិតា​ដែរ។ ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ថា "សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះ‌វរបិតា​ផង​ដូច្នេះ?" តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា ហើយ​ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​មិន​មែន​ប្រាប់​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ ព្រះ‌វរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ព្រះ‌អង្គ​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា ហើយ​ព្រះ‌វរបិតា​នៅ​ក្នុង​ខ្ញុំ ឬ​យ៉ាង​ហោច​ណាស់ ចូរ​ជឿ​ខ្ញុំ ដោយ​ព្រោះ​ឃើញ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ទៅ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នឹង​ធ្វើ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​នេះ​ទៅ​ទៀត ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា។ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​គ្រប់​យ៉ាង ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌វរបិតា​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា។

ចែក​រំលែក
អាន យ៉ូហាន 14

យ៉ូហាន 14:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កុំ​រន្ធត់​ចិត្ត​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះ‌ជាម្ចាស់​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង។ ក្នុង​ដំណាក់​របស់​ព្រះ‌បិតា​ខ្ញុំ​មាន​លំ‌នៅ​ជា​ច្រើន។ បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ ពេល​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ យក​អ្នក​រាល់​គ្នា​ទៅ​ជា​មួយ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ។ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ»។ លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​ស្គាល់​ផ្លូវ​ទៅ​បាន បើ​យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ទី​ណា​ផង​នោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ​ហើយ ព្រម​ទាំង​បាន​ឃើញ​ព្រះអង្គ​ថែម​ទៀត​ផង»។ លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ត​ហើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ‌បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ព្រះ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ? តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​ព្រះ‌បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ទ្រង់​បំពេញ​កិច្ចការ​របស់​ព្រះអង្គ។ ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​នៅ​ក្នុង​ខ្ញុំ ចូរ​ជឿ​ខ្ញុំ​ចុះ បើ​មិន​ជឿ​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ទេ ចូរ​ជឿ​ដោយ​ឃើញ​កិច្ចការ​ទាំង​នោះ​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ​ជា​មិន​ខាន ដើម្បី​ឲ្យ​ព្រះ‌បិតា​សម្តែង​សិរី‌រុងរឿង​ក្នុង​ព្រះ‌បុត្រា។

ចែក​រំលែក
អាន យ៉ូហាន 14

យ៉ូហាន 14:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​ដឹង ហើយ​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ ថូម៉ាស​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ជា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរ‌បិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង ភីលីព​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរ‌បិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរ‌បិតា​ផង​ដូច្នេះ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរ‌បិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរ‌បិតា ហើយ​ព្រះវរ‌បិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោត ឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដើម្បី​ឲ្យ​ព្រះវរ‌បិតា​បាន​ដំកើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា

ចែក​រំលែក
អាន យ៉ូហាន 14

យ៉ូហាន 14:1-13

យ៉ូហាន 14:1-13 គខបយ៉ូហាន 14:1-13 គខប