មានបុរសម្នាក់ ឈ្មោះឡាសារ មានជំងឺឈឺ គាត់នៅភូមិបេថានី ជាភូមិរបស់នាងម៉ារា នឹងបងនាងឈ្មោះម៉ាថា ឯនាងម៉ារា ដែលប្អូននាងឈ្មោះឡាសារមានជំងឺនេះ គឺនាងនេះហើយ ដែលបានចាក់ប្រេងក្រអូប លាបថ្វាយព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទទ្រង់ បងប្អូនស្រី២នាក់នោះ ក៏ចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ កាលទ្រង់បានឮដូច្នេះ នោះក៏មានបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង រីឯព្រះយេស៊ូវ ទ្រង់ស្រឡាញ់នាងម៉ាថា នឹងប្អូនស្រីនាង ហើយនឹងឡាសារផង ដូច្នេះ កាលទ្រង់បានឮថា គាត់ឈឺ នោះទ្រង់ក៏គង់នៅកន្លែងដដែល២ថ្ងៃទៀត ក្រោយនោះមក ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅឯស្រុកយូដាវិញ ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ក្នុង១ថ្ងៃ មាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយនេះ តែបើអ្នកណាដើរនៅពេលយប់ នោះត្រូវជំពប់ជើងវិញ ពីព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ ក្រោយដែលទ្រង់មានបន្ទូលសេចក្ដីទាំងនេះហើយ នោះក៏មានបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ ព្រះយេស៊ូវមានបន្ទូលទៅគេជាយ៉ាងច្បាស់ថា ឡាសារស្លាប់ហើយ ខ្ញុំក៏អរណាស់ ដោយយល់ដល់អ្នករាល់គ្នា ព្រោះខ្ញុំមិនបាននៅឯណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ឥឡូវ ចូរយើងទៅឯគាត់ចុះ ដូច្នេះ ថូម៉ាសដែលហៅថា ឌីឌីម គាត់និយាយទៅពួកសិស្ស ជាគូកនគាត់ថា ចូរយើងរាល់គ្នាទៅដែរ ដើម្បីនឹងប្តូរស្លាប់ជាមួយនឹងលោក។ កាលព្រះយេស៊ូវយាងទៅដល់ហើយ នោះបានឮថា ឡាសារនៅក្នុងផ្នូរអស់៤ថ្ងៃហើយ រីឯភូមិបេថានី នោះនៅជិតក្រុងយេរូសាឡិម ប្រហែលជា៣គីឡូម៉ែត្រទេ ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកំសាន្តទុក្ខនាងម៉ាថា នឹងម៉ារា ពីដំណើរប្អូនស្លាប់ កាលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នោះនាងក៏ទៅទទួលទ្រង់ តែម៉ារាអង្គុយនៅឯផ្ទះ ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន ព្រះយេស៊ូវមានបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថា ទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយមែន។ កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសំងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង កាលនាងម៉ារាបានឮពាក្យនោះ ក៏ក្រោកឡើងជាប្រញាប់ទៅឯទ្រង់ ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះ កំពុងតែជួយកំសាន្តចិត្តនាងម៉ារា បានឃើញថា នាងក្រោកឡើងចេញទៅជាប្រញាប់ដូច្នេះ គេក៏តាមនាងទៅ ដោយនិយាយគ្នាថា នាងគិតទៅយំឯផ្នូរហើយ។ នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ ហើយមានបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎ ហើយពួកគេខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្ដីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់ ព្រះយេស៊ូវមានបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ ព្រះយេស៊ូវមានបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន កាលទ្រង់មានបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។
អាន យ៉ូហាន 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 11:1-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ