យ៉ូហាន 11:1-44
យ៉ូហាន 11:1-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានបុរសម្នាក់ ឈ្មោះឡាសារ ដែលមានជំងឺ គាត់នៅភូមិបេថានីជាមួយបងស្រីគាត់ គឺម៉ារា និងម៉ាថា។ នាងម៉ារា ជាម្នាក់ដែលបានចាក់ប្រេងក្រអូបលាបព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទព្រះអង្គ គឺនាងជាបងស្រីរបស់ឡាសារ ដែលឈឺនោះ។ បងប្អូនស្រីពីរនាក់នោះ បានចាត់គេឲ្យទៅទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គស្រឡាញ់នោះកំពុងមានជំងឺ»។ ប៉ុន្តែ ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីល្អដល់ព្រះ ដើម្បីលើកតម្កើងព្រះរាជបុត្រារបស់ព្រះ ដោយសារជំងឺនេះវិញ»។ ព្រះយេស៊ូវស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងឡាសារណាស់។ ក្រោយពីបានជ្រាបថាគាត់ឈឺ ព្រះអង្គក៏គង់នៅកន្លែងនោះពីរថ្ងៃទៀត។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងត្រឡប់ទៅស្រុកយូដាវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី ពួកសាសន៍យូដាទើបនឹងរកគប់លោកនឹងដុំថ្មថ្មីៗនេះសោះ តែលោកចង់ទៅទីនោះទៀតឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «នៅពេលថ្ងៃ តើមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងឡើយ ព្រោះឃើញពន្លឺរបស់ពិភពលោកនេះ។ ប៉ុន្តែ បើអ្នកណាដើរនៅពេលយប់វិញ អ្នកនោះជំពប់ជើងហើយ ព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ»។ បន្ទាប់ពីមានព្រះបន្ទូលពីសេចក្ដីទាំងនេះហើយព្រះអង្គប្រាប់គេថា៖ «ឡាសារ ជាសម្លាញ់យើង បានដេកលក់ទៅហើយ តែខ្ញុំនឹងទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញមិនខាន»។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ព្រះអង្គមានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកលក់ធម្មតា។ ព្រះយេស៊ូវមានព្រះបន្ទូលប្រាប់គេយ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ហើយ តែដោយយល់ដល់អ្នករាល់គ្នា ខ្ញុំសប្បាយដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ តែឥឡូវនេះ ចូរយើងនាំគ្នាទៅផ្ទះគាត់»។ ថូម៉ាសដែលហៅថា ឌីឌីម ពោលទៅពួកសិស្សជាគូកនគាត់ថា៖ «មក! យើងនាំគ្នាទៅដែរ ដើម្បីប្តូរស្លាប់ជាមួយព្រះអង្គ»។ ពេលព្រះយេស៊ូវយាងទៅដល់ ព្រះអង្គជ្រាបថា ឡាសារនៅក្នុងផ្នូរអស់បួនថ្ងៃហើយ។ ភូមិបេថានីនោះ នៅជិតក្រុងយេរូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។ ពេលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នាងចេញទៅទទួលព្រះអង្គ រីឯម៉ារាវិញអង្គុយនៅក្នុងផ្ទះ។ ម៉ាថាទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ។ ប៉ុន្តែ សូម្បីតែពេលនេះ ខ្ញុំម្ចាស់ដឹងថា អ្វីដែលព្រះអង្គសូមពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គជាមិនខាន»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ ម៉ាថាទូលព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?» នាងទូលព្រះអង្គថា៖ «ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាព្រះអង្គជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលត្រូវយាងមកក្នុងពិភពលោកនេះមែន»។ ពេលនាងម៉ាថានិយាយដូច្នេះហើយ នាងក៏ទៅហៅម៉ារាជាប្អូន ដោយស្ងាត់ៗថា៖ «លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅឯង»។ កាលនាងម៉ារាបានឮដូច្នេះ នាងក្រោកឡើងជាប្រញាប់ទៅរកព្រះអង្គ។ ពេលនេះ ព្រះយេស៊ូវមិនទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅត្រង់កន្លែងដែលម៉ាថាបានជួប។ កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះជាមួយនាង កំពុងកម្សាន្តចិត្តនាង ឃើញម៉ារាក្រោកឡើង ហើយចេញទៅយ៉ាងប្រញាប់ប្រញាល់ដូច្នេះ គេក៏ទៅតាមនាង ព្រោះគេគិតថានាងទៅយំនៅឯផ្នូរ។ ពេលនាងម៉ារាទៅដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក្រាបនៅទៀបព្រះបាទ ទូលថា៖ «ព្រះអម្ចាស់អើយ បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនស្លាប់ទេ»។ កាលព្រះយេស៊ូវឃើញនាងយំ ហើយពួកសាសន៍យូដា ដែលមកជាមួយនាងយំដែរ ព្រះអង្គមានព្រះហឫទ័យរំជួល និងរន្ធត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាបញ្ចុះសពគាត់នៅឯណា?» គេទូលឆ្លើយថា៖ «ព្រះអម្ចាស់ សូមយាងទៅមើលចុះ»។ ព្រះយេស៊ូវទ្រង់ព្រះកន្សែង។ ដូច្នេះ ពួកសាសន៍យូដានិយាយថា៖ «មើល៍! លោកស្រឡាញ់គាត់ណាស់ហ្ន៎»។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកនេះអាចធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ ហេតុអ្វីបានជាមិនឃាត់មនុស្សនេះកុំឲ្យស្លាប់ផងទៅ?» ពេលនោះ ព្រះយេស៊ូវរំជួលព្រះហឫទ័យម្តងទៀត រួចយាងទៅឯផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មមួយបិទសន្ធប់។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរយកថ្មចេញ» តែម៉ាថា ជាបងស្រីរបស់សព ទូលថា៖ «ព្រះអម្ចាស់អើយ សពនេះធុំក្លិនអាក្រក់ ព្រោះស្លាប់បួនថ្ងៃមកហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬ?» ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាជនដែលឈរនៅទីនេះ ដើម្បីឲ្យគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន»។ ពេលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «ឡាសារអើយ ចេញមក!» អ្នកដែលបានស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់នៅដៃជើង ហើយមានកន្សែងគ្របមុខផង ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរស្រាយក្រណាត់គាត់ចេញ ហើយឲ្យគាត់ទៅចុះ»។
យ៉ូហាន 11:1-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ នាងម៉ារីនេះជាស្ត្រីម្នាក់ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ នាងទាំងពីរនាក់បានចាត់គេឲ្យទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់ អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ»។ កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ»។ ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺ ព្រះអង្គគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «ព្រះគ្រូ ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាព្រះអង្គចង់វិលទៅស្រុកនោះវិញ!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ ផ្ទុយទៅវិញ អ្នកណាដើរនៅពេលយប់ អ្នកនោះមុខតែជំពប់ជើងដួលជាមិនខាន ព្រោះគេគ្មានពន្លឺនៅក្នុងខ្លួនទេ»។ ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសម្លាញ់របស់យើងសម្រាន្ដលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សម្រាន្ដលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ តាមពិត ព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែ ពួកសិស្សស្មានថា ព្រះអង្គមានព្រះបន្ទូលថា គាត់សម្រាន្ដលក់ធម្មតា។ ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ត ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះ យើងនាំគ្នាទៅផ្ទះគាត់»។ ពេលនោះ សិស្សថូម៉ាស ហៅឌីឌីម ពោលទៅសិស្សឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ!»។ កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរបួនថ្ងៃហើយ។ ភូមិបេតថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។ កាលនាងម៉ាថាបានដឹងថាព្រះយេស៊ូយាងមកដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គមុខជាប្រទានឲ្យមិនខាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឲ្យរស់ឡើងវិញ ខ្ញុំនឹងផ្ដល់ឲ្យគេមានជីវិត ។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។ នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។ នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូន ដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយ ព្រះអង្គហៅប្អូនឯង»។ នាងម៉ារីឮហើយ ក៏ស្ទុះក្រោកឡើង ទៅគាល់ព្រះយេស៊ូជាប្រញាប់។ ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។ ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទា ទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមក លោកនឹងឃើញ»។ ពេលនោះ ព្រះយេស៊ូទ្រង់ព្រះកន្សែង។ ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។ ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។ ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មបាំងនៅមាត់រូង។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថា ជាបងរបស់សព ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ សពធុំក្លិនហើយ ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញទូលបង្គំ ជឿថាព្រះអង្គពិតជាបានចាត់ទូលបង្គំឲ្យមកមែន»។ លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។ ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
យ៉ូហាន 11:1-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានបុរសម្នាក់ ឈ្មោះឡាសារ មានជំងឺឈឺ គាត់នៅភូមិបេថានី ជាភូមិរបស់នាងម៉ារា នឹងបងនាងឈ្មោះម៉ាថា ឯនាងម៉ារា ដែលប្អូននាងឈ្មោះឡាសារមានជំងឺនេះ គឺនាងនេះហើយ ដែលបានចាក់ប្រេងក្រអូប លាបថ្វាយព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទទ្រង់ បងប្អូនស្រី២នាក់នោះ ក៏ចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ កាលទ្រង់បានឮដូច្នេះ នោះក៏មានបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង រីឯព្រះយេស៊ូវ ទ្រង់ស្រឡាញ់នាងម៉ាថា នឹងប្អូនស្រីនាង ហើយនឹងឡាសារផង ដូច្នេះ កាលទ្រង់បានឮថា គាត់ឈឺ នោះទ្រង់ក៏គង់នៅកន្លែងដដែល២ថ្ងៃទៀត ក្រោយនោះមក ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅឯស្រុកយូដាវិញ ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ក្នុង១ថ្ងៃ មាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយនេះ តែបើអ្នកណាដើរនៅពេលយប់ នោះត្រូវជំពប់ជើងវិញ ពីព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ ក្រោយដែលទ្រង់មានបន្ទូលសេចក្ដីទាំងនេះហើយ នោះក៏មានបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ ព្រះយេស៊ូវមានបន្ទូលទៅគេជាយ៉ាងច្បាស់ថា ឡាសារស្លាប់ហើយ ខ្ញុំក៏អរណាស់ ដោយយល់ដល់អ្នករាល់គ្នា ព្រោះខ្ញុំមិនបាននៅឯណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ឥឡូវ ចូរយើងទៅឯគាត់ចុះ ដូច្នេះ ថូម៉ាសដែលហៅថា ឌីឌីម គាត់និយាយទៅពួកសិស្ស ជាគូកនគាត់ថា ចូរយើងរាល់គ្នាទៅដែរ ដើម្បីនឹងប្តូរស្លាប់ជាមួយនឹងលោក។ កាលព្រះយេស៊ូវយាងទៅដល់ហើយ នោះបានឮថា ឡាសារនៅក្នុងផ្នូរអស់៤ថ្ងៃហើយ រីឯភូមិបេថានី នោះនៅជិតក្រុងយេរូសាឡិម ប្រហែលជា៣គីឡូម៉ែត្រទេ ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកំសាន្តទុក្ខនាងម៉ាថា នឹងម៉ារា ពីដំណើរប្អូនស្លាប់ កាលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នោះនាងក៏ទៅទទួលទ្រង់ តែម៉ារាអង្គុយនៅឯផ្ទះ ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន ព្រះយេស៊ូវមានបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថា ទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយមែន។ កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសំងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង កាលនាងម៉ារាបានឮពាក្យនោះ ក៏ក្រោកឡើងជាប្រញាប់ទៅឯទ្រង់ ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះ កំពុងតែជួយកំសាន្តចិត្តនាងម៉ារា បានឃើញថា នាងក្រោកឡើងចេញទៅជាប្រញាប់ដូច្នេះ គេក៏តាមនាងទៅ ដោយនិយាយគ្នាថា នាងគិតទៅយំឯផ្នូរហើយ។ នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ ហើយមានបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎ ហើយពួកគេខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្ដីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់ ព្រះយេស៊ូវមានបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ ព្រះយេស៊ូវមានបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន កាលទ្រង់មានបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។