យេរេ‌មា 51

51
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​បង្កើត​ឲ្យ​មាន​ខ្យល់ ដែល​បំផ្លាញ​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​កណ្តាល​សាសន៍​ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​អញ​ដែរ 2អញ​នឹង​ចាត់​មនុស្ស​ដទៃ​ឲ្យ​ទៅ​ឯ​ក្រុង​បាប៊ីឡូន អ្នក​ទាំង​នោះ​នឹង​អុំ​គេ ហើយ​នឹង​រំលីង​ទាំង​អស់ ចេញ​ពី​ស្រុក​ទៅ ដ្បិត​នៅ​ថ្ងៃ​អន្តរាយ អ្នក​ទាំង​នោះ​នឹង​ឡោម‌ព័ទ្ធ​ជុំវិញ​គេ 3ចូរ​យឹត​ធ្នូ​បាញ់​ពួក​អ្នក​ដែល​យឹត​ធ្នូ​ចុះ ព្រម​ទាំង​អ្នក​ដែល​ក្រោក​ឡើង ទាំង​ពាក់​អាវ​ក្រោះ​ផង កុំ​ឲ្យ​ប្រណី​ពួក​កំឡោះៗ​របស់​គេ​ឡើយ ត្រូវ​ឲ្យ​បំផ្លាញ​ពល‌ទ័ព​គេ​ឲ្យ​អស់​រលីង​ទៅ 4គេ​នឹង​ត្រូវ​ដួល​ស្លាប់ នៅ​ក្នុង​ស្រុក​របស់​ពួក​ខាល់ដេ គេ​នឹង​ត្រូវ​ចាក់​ទំលុះ​នៅ​ផ្លូវ​ទី​ក្រុង។
5ដ្បិត​ព្រះ​នៃ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មិន​បាន​ព្រាត់‌ប្រាស​ពី​គេ​ឡើយ ទោះ​បើ​ស្រុក​គេ​មាន​ពេញ ដោយ​ទោស ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ក៏​ដោយ 6ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​រត់​ចេញ​ពី​កណ្តាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​សេចក្ដី​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​តប​ស្នង​ដល់​គេ 7ពី​ដើមបាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់​បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ 8ក្រុង​បាប៊ីឡូន​ស្រាប់​តែ​រំលំ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ភ្លាម ចូរ​ទ្រហោ​យំ​នឹង​វា​ចុះ ត្រូវ​ឲ្យ​យក​ប្រទាល​មុខ‌សះ​ទៅ​បិទ​ឲ្យ​វា​បាត់​ឈឺ បើ​សិន​ជា​នឹង​មើល​ឲ្យ​ជា​បាន 9យើង​រាល់​គ្នា​ចង់​តែ​មើល​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង 10ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចេញ​មក​ហើយ ចូរ​មក យើង​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង។
11ចូរ​សំរួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ដាស់​វិញ្ញាណ​របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ទ្រង់​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចេញ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​នៃ​ទ្រង់ 12ចូរ​ដំឡើង​ទង់‌ជ័យ​ទាស់​នឹង​កំផែង​ក្រុង​បាប៊ីឡូន​ចុះ ត្រូវ​ឲ្យ​ពួក​យាម​បាន​កំឡាំង​ឡើង ចូរ​ដាក់​ពួក​ចាំ​យាម ហើយ​រៀប​ទ័ព​បង្កប់​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច ហើយ​បាន​បង្ហើយ​ការ ដែល​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន 13ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​ឯង​បាន​មក​ដល់​ហើយ សេចក្ដី​លោភ​របស់​ឯង​ក៏​ដល់​កំណត់​ផង 14ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​ឯង។
15ឯ​ព្រះ‌ទ្រង់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា ទ្រង់​ក៏​បាន​តាំង​លោកីយ​ឡើង ដោយ​ប្រាជ្ញា​របស់​ទ្រង់ ក៏​បាន​លាត​ផ្ទៃ​មេឃ ដោយ​យោបល់​ទ្រង់ 16កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សូរ‌សៀង នោះ​មាន​ឮ​សូរ​សន្ធឹក​នៃ​ទឹក​នៅ​លើ​មេឃ ហើយ​ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី ទ្រង់​បង្កើត​ផ្លេក‌បន្ទោរ​សំរាប់​ភ្លៀង ក៏​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​នៃ​ទ្រង់​ផង 17គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​កំរោល ហើយ​ក៏​ឥត​មាន​ដំរិះ​ផង គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ 18វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែង​បញ្ឆោត​ទទេ នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ 19ឯ​ចំណែក​របស់​ពួក​យ៉ាកុប មិន​មែន​ដូច្នោះ​ទេ ដ្បិត​គឺ​ទ្រង់​ដែល​ជប​សូន​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រាអែល​ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
20ឯង​ជា​ពូថៅ​ចំបាំង ហើយ​ជា​គ្រឿង​សស្ត្រា‌វុធ​របស់​អញ អញ​នឹង​បំបាក់‌បំបែក​អស់​ទាំង​សាសន៍ ឲ្យ​ខ្ទេច‌ខ្ទី​ដោយ‌សារ​ឯង ហើយ​នឹង​បំផ្លាញ​នគរ​ផ្សេងៗ ដោយ‌សារ​ឯង​ដែរ 21អញ​នឹង​បំបាក់​បំបែក​ទាំង​សេះ នឹង​អ្នក​ជិះ​ផង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចំបាំង នឹង​អ្នក​បរ ដោយ‌សារ​ឯង 22អញ​នឹង​បំបាក់​បំបែក​ទាំង​ប្រុស​ទាំង​ស្រី ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ចាស់​ទាំង​ក្មេង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ពួក​កំឡោះ នឹង​ក្រមុំ ដោយ‌សារ​ឯង 23អញ​នឹង​បំបាក់​បំបែក​ទាំង​អ្នក​គង្វាល នឹង​ហ្វូង​សត្វ ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​អ្នក​ភ្ជួរ នឹង​គោ ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ចៅហ្វាយ នឹង​នាយ​ផង ដោយ‌សារ​ឯង 24ហើយ​អញ​នឹង​សង​ដល់​ក្រុង​បាប៊ីឡូន នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ទាំង​ប៉ុន្មាន​នៅ​ភ្នែក​ឯង តាម​គ្រប់​ទាំង​ការ​អាក្រក់​ដែល​គេ​បាន​ធ្វើ​ដល់​ក្រុង​ស៊ីយ៉ូន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
25ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ភ្នំ​ដែល​បំផ្លាញ គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ មើល អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង ហើយ​ប្រមៀល​ឯង​ទំលាក់​ពី​លើ​ថ្មដា ព្រម​ទាំង​ឲ្យ​ឯង​ឆេះ​អស់​ទៅ 26គេ​នឹង​មិន​យក​ថ្ម​ពី​ឯង សំរាប់​ធ្វើ​ជា​ថ្ម​ជ្រុង​ផ្ទះ ឬ​ជា​ឫស​ជញ្ជាំង​ឡើយ គឺ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ជា​ដរាប​ត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
27ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី នឹង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង 28ចូរ​ប្រមូល​ផ្តុំ​សាសន៍​ទាំង​ប៉ុន្មាន​មក​ទាស់​នឹង​វា គឺ​អស់​ទាំង​ស្តេច​នៃ​សាសន៍​មេឌី នឹង​ពួក​ចៅហ្វាយ ពួក​នាយ​របស់​គេ ព្រម​ទាំង​ស្រុក​ទាំង​មូល ដែល​នៅ​ក្រោម​អំណាច​គេ​ផង 29ផែនដី​កំពុង​ញាប់‌ញ័រ ក៏​ឈឺ‌ចាប់ ពី​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​នឹង​ធ្វើ​ដល់​ក្រុង​បាប៊ីឡូន នោះ​ស្ថិត‌ស្ថេរ​នៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុក​បាប៊ីឡូន​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ 30ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់‌ខាន​តស៊ូ គេ​នៅ​តែ​ក្នុង​ទី​មាំ‌មួន​របស់​គេ កំឡាំង​គេ​ស្បើយ​ហើយ ក៏​បាន​ត្រឡប់​ដូច​ជា​ស្រី​វិញ ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​បាន​ឆេះ​អស់​ហើយ រនុក​ទ្វារ​ក្រុង​ទាំង​អស់​ត្រូវ​បាក់​ផង 31អ្នក​យាម​នឹង​រត់​ច្រវាត់​ទៅ​មក ហើយ​អ្នក​នាំ​ដំណឹង​នឹង​រត់​ប្រទាក់​គ្នា ដើម្បី​នឹង​បន្ត​ដំណឹង​ដល់​ស្តេច​បាប៊ីឡូន​ឲ្យ​ជ្រាប​ថា ទី​ក្រុង​ត្រូវ​គេ​ចាប់​យក​នៅ​គ្រប់​ទិស​ហើយ 32ឯ​ផ្លូវ​ទឹក គេ​ចាប់​យក​បាន ហើយ​វាល​បឹង​គេ​ដុត​អស់​ទៅ ដូច្នេះ ពួក​ទាហាន​មាន​ចិត្ត​ភ័យ​ខ្លាច។
33ដ្បិត​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចំរូត​នឹង​មក​ដល់​នាង 34នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ស៊ី​បង្ហិន​ខ្ញុំ បាន​ទាំង​ជាន់​ឈ្លី បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ភាជនៈ​ទទេ​បាន​លេប​ខ្ញុំ​ទៅ ដូច​ជា​សត្វ​សំបើម ក៏​បាន​បំពេញ​ផ្ទៃ ដោយ​របស់​ទាំង​ប៉ុន្មាន​ដែល​គាប់​ចិត្ត​ខ្ញុំ ហើយ​បាន​បោះ​ខ្ញុំ​ចេញ​ទៅ​ក្រៅ 35សូម​ឲ្យ​ការ​យុក‌យាក់​ដែល​គេ​បាន​ធ្វើ​ដល់​ខ្ញុំ ហើយ​ដល់​សាច់​ខ្ញុំ​បាន​ធ្លាក់​ទៅ​លើ​បាប៊ីឡូន​វិញ នេះ​ជា​ពាក្យ​ដែល​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​នឹង​ថា គឺ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ពោល​ថា សូម​ឲ្យ​ឈាម​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​ពួក​អ្នក​នៅ​ស្រុក​ខាល់ដេ​ដែរ 36ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​កាន់​ក្តី​ឯង ហើយ​នឹង​សង‌សឹក​ជំនួស​ឯង អញ​នឹង​ពង្រីង​សមុទ្រ​គេ​ទៅ ហើយ​ធ្វើ​ឲ្យ​រន្ធ​ទឹក​របស់​គេ​ស្ងួត​ដែរ 37ឯ​ក្រុង​បាប៊ីឡូន​នឹង​ត្រឡប់​ជា​កង​គំនរ ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឥត​មាន​អ្នក​ណា​នៅ​ឡើយ 38គេ​នឹង​ស្រែក​ជា​មួយ​គ្នា ដូច​ជា​សិង្ហ​ស្ទាវ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ 39កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​អញ​នឹង​រៀប​ជប់‌លៀង​ឲ្យ​គេ អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់​ទៅ​ជានិច្ច ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 40អញ​នឹង​នាំ​គេ​ចុះ​ទៅ​ដល់​ទី​សំឡាប់ ដូច​ជា​កូន​ចៀម​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​ចៀម​ឈ្មោល នឹង​ពពែ​ឈ្មោល​ផង។
41សេសាក​បាន​ត្រូវ​ចាប់​យក​យ៉ាង​ណា​ហ្ន៎ ទី​គួរ​លើក​សរសើរ​របស់​ផែនដី​ទាំង​មូល ត្រូវ​ចាប់​បាន​យ៉ាង​ណា​ហ្ន៎ អើ បាប៊ីឡូន​បាន​ទៅ​ជា​ទី​ស្ងាត់​ច្រៀប នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎ 42សមុទ្រ​បាន​ឡើង​មក​លើ​ស្រុក​បាប៊ីឡូន វា​ត្រូវ​គ្រប​ដោយ​រលក​ដ៏​ក្រាស់‌ក្រៃ 43ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ទី​ស្ងាត់​ច្រៀប ជា​ដី​ហួត‌ហែង ជា​វាល​ស្ងាត់ ជា​ទី​ដែល​ឥត​មាន​អ្នក​ណា​នៅ ហើយ​គ្មាន​មនុស្ស​ជាតិ​ណា​មួយ​ដើរ​តាម​នោះ​ឡើយ 44អញ​នឹង​ធ្វើ​ទោស​ដល់​ព្រះ‌បាល នៅ​ស្រុក​បាប៊ីឡូន ហើយ​នឹង​ធ្វើ​ឲ្យ​របស់​ទាំង​ប៉ុន្មាន ដែល​វា​បាន​លេប​ទៅ បាន​ចេញ​ពី​មាត់​មក​វិញ នោះ​អស់​ទាំង​សាសន៍​នឹង​លែង​ទៅ​ជា​ហូរ‌ហែ​រក​វា​ទៀត ហើយ​កំផែង​នៃ​ក្រុង​បាប៊ីឡូន​នឹង​រលំ​ចុះ។
45ឱ​រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ត្រូវ​ឲ្យ​គ្រប់​គ្នា​ដោះ​ខ្លួន ឲ្យ​រួច​ពី​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា 46កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្រយុត​ចិត្ត​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ដំណឹង​ដែល​ឮ​នៅ​ក្នុង​ស្រុក​ដែរ ដ្បិត​នៅ​ឆ្នាំ​១ នឹង​មាន​ឮ​ដំណឹង​មក​ដល់ រួច​ដល់​ឆ្នាំ​ក្រោយ ក៏​នឹង​ឮ​ដំណឹង​១​ទៀត ព្រម​ទាំង​មាន​ការ​យុក‌យាក់​នៅ​ក្នុង​ស្រុក​ផង គឺ​ជា​ស្តេច​១​ទាស់​នឹង​ស្តេច​១​ទៀត 47ហេតុ​នោះ​មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​ស្រុក​បាប៊ីឡូន ហើយ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ជ្រប់​មុខ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​សំឡាប់​នោះ នឹង​ដួល​នៅ​កណ្តាល​វា 48គ្រា​នោះ ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ នឹង​ច្រៀង​អរ​សប្បាយ ពី​ដំណើរ​ក្រុង​បាប៊ីឡូន ពី​ព្រោះ​ពួក​បំផ្លាញ​នឹង​មក​ដល់​វា ពី​ទិស​ខាង​ជើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 49រីឯ​ក្រុង​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ដួល​ស្លាប់​ទៅ​យ៉ាង​ណា នោះ​ពួក​អ្នក​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ដួល​ស្លាប់ នៅ​ត្រង់​ក្រុង​បាប៊ីឡូន​យ៉ាង​នោះ​ដែរ។
50នែ ឯង​រាល់​គ្នា​ដែល​បាន​រួច​ពី​ដាវ​អើយ ចូរ​ទៅ​ចុះ​កុំ​បង្អង់​ឡើយ ចូរ​នឹក​ដល់​ព្រះ‌យេហូវ៉ា​ពី​ទី​ចំងាយ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ចូល​ក្នុង​គំនិត​ឯង​ដែរ 51យើង​រាល់​គ្នា​ត្រូវ​ខ្មាស ដោយ​បាន​ឮ​ពាក្យ​ត្មះ‌តិះដៀល យើង​រាល់​គ្នា​បាន​ឡើង​មុខ​ក្រហម​ហើយ ដ្បិត​មាន​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា 52ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​ទោស ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស​ក៏​នឹង​ថ្ងូរ នៅ​ពេញ​ក្នុង​ស្រុក 53ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចំរើន​កំឡាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹង‌រឹត‌តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​អញ​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។
54មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​បាប៊ីឡូន​មក នឹង​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សំបើម មក​ពី​ស្រុក​របស់​ពួក​ខាល់ដេ 55ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​រំលាង​ក្រុង​បាប៊ីឡូន ហើយ​ក៏​បំផ្លាញ​សំឡេង​យ៉ាង​ធំ​ឲ្យ​បាត់​ចេញ​ពី​វា​ទៅ រលក​គេ​ឮ​សន្ធឹក​ដូច​ជា​ទឹក​ធំ ក៏​ឮ​សូរ​របស់​គេ​ចេញ​មក 56ដ្បិត​មេ​បំផ្លាញ​បាន​មក​លើ​វា​ហើយ គឺ​លើ​ក្រុង​បាប៊ីឡូន ពួក​ខ្លាំង​ពូកែ​របស់​វា​ត្រូវ​គេ​ចាប់​បាន ហើយ​ធ្នូ​ទាំង​ប៉ុន្មាន​របស់​គេ​ត្រូវ​បាក់​ខ្ទេច‌ខ្ទី ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​សង​សំណង ទ្រង់​នឹង​តប​ស្នង​ជា​មិន​ខាន 57ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅហ្វាយ ពួក​នាយ នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រាប​ដរាប ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 58ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​ជន‌ជាតិ​ទាំង‌ឡាយ​បាន​ខំ​ធ្វើ​ការ​ឲ្យ​តែ​បាន​ទទេៗ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ដែរ គេ​នឹង​នឿយ‌ហត់​ទៅ។
59នេះ​ជា​ពាក្យ ដែល​ហោរា​យេរេមា​បាន​ផ្តាំ ដល់​សេរ៉ាយ៉ា ជា​កូន​នេរីយ៉ា ដែល​ជា​កូន​ម៉ាសេយ៉ា ក្នុង​កាល​ដែល​លោក​បាន​ទៅ​ឯ​ក្រុង​បាប៊ីឡូន ជា​មួយ​នឹង​សេដេគា​ស្តេច​យូដា នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​ទ្រង់ រីឯ​សេរ៉ាយ៉ា​នេះ​លោក​ជា​ចៅហ្វាយ​ស្លូត​ល្អ 60យេរេមា​ក៏​សរសេរ​ចុះ​ក្នុង​សៀវភៅ ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ត្រូវ​កើត​ដល់​ក្រុង​បាប៊ីឡូន គឺ​គ្រប់​ពាក្យ​ទាំង​នេះ​ដែល​បាន​កត់​ទុក ពី​ដំណើរ​ក្រុង​បាប៊ីឡូន​ហើយ 61យេរេមា​ក៏​ជំរាប​សេរ៉ាយ៉ា​ថា កាល​ណា​លោក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ហើយ នោះ​ត្រូវ​ឲ្យ​លោក​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នេះ 62បន្ទាប់​មកត្រូវ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ពី​ដំណើរ​ទី​នេះ ដើម្បី​នឹង​កាត់​ចេញ ឲ្យ​ឥត​មាន​អ្វី​នៅ​ទៀត​ឡើយ ទោះ​មនុស្សឬ​សត្វ​ក្តី គឺ​ឲ្យ​ទី​នេះ​បាន​នៅ​ចោល​ស្ងាត់​ជា​រៀង‌រាប​ដរាប​ទៅ 63រួច​កាល​ណា​លោក​អាន​មើល​សៀវភៅ​នេះ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​យក​ថ្ម​មក​ចង​ភ្ជាប់ ហើយ​បោះ​ទំលាក់​ទៅ​កណ្តាល​ទន្លេ​អ៊ើប្រាត​ទៅ 64រួច​ត្រូវ​ថា ក្រុង​បាប៊ីឡូន​នឹង​លិច​បាត់​យ៉ាង​ដូច្នេះ​ដែរ ឥត​ដែល​ងើប​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ការ​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​វា នោះ​គេ​នឹង​នឿយ‌ហត់​ទៅ។
ពាក្យ​របស់​យេរេមា​ចប់​តែ​ប៉ុណ្ណេះ។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 51: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល