យេរេមា 48
48
1ពីស្រុកម៉ូអាប់។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា វេទនាដល់ក្រុងនេបូរពីព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវខូចបង់ 2សាសន៍ម៉ូអាប់លែងមានសេចក្ដីអំនួត ពីក្រុងហែសបូនហើយ មានគេបានបង្កើតការអាក្រក់ទាស់នឹងវាថា ចូរមក យើងនឹងកាត់គេចេញ ពីដំណែងជានគរទៅ ហើយឯង ឱម៉ាតម៉ែនអើយ ឯងនឹងត្រូវស្ងៀមនៅដែរ ដាវនឹងដេញតាមឯង 3មានឮសូរសំរែកចេញពីក្រុងហូរ៉ូណែម គឺជាការខូចបង់ ហើយបំផ្លាញយ៉ាងសំបើម 4ស្រុកម៉ូអាប់បានត្រូវបំផ្លាញហើយ ពួកតូចៗរបស់គេបានស្រែកឲ្យឮ 5ដ្បិតគេនឹងឡើងតាមផ្លូវទៅឯលូគីតទាំងយំបណ្តើរជានិច្ច ឯត្រង់ផ្លូវចុះទៅឯហូរ៉ូណែម នោះមានឮសំរែកថប់ព្រួយពីការបំផ្លាញ 6ចូររត់ទៅឲ្យរួចជីវិតឯងចុះ ត្រូវឲ្យនៅដូចជាដើមឈើសោះកក្រោះ នៅទីរហោស្ថាន 7ដ្បិតដោយព្រោះឯងបានទុកចិត្តនឹងការរបស់ឯង ហើយនឹងទ្រព្យសម្បត្តិរបស់ឯង បានជាឯងនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវនាំចេញទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ នឹងពួកចៅហ្វាយរបស់វាទាំងអស់ផង 8នឹងមានមេបំផ្លាញមកលើគ្រប់ទាំងទីក្រុង ឥតមានណាមួយរួចឡើយ ឯច្រកភ្នំ នឹងត្រូវវិនាសទៅ ហើយស្រុកវាលនឹងត្រូវបំផ្លាញដែរ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយ 9ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ 10អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្តាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកំចាយឈាម នោះក៏ត្រូវបណ្តាសាដែរ។
11សាសន៍ម៉ូអាប់បាននៅដោយឥតកង្វល់ តាំងពីក្មេងមក គេបានរងនៅលើកកររបស់គេ ឥតដែលចាក់ផ្ទេរពីដប១ទៅដល់ដប១ទៀត ក៏មិនដែលត្រូវនាំទៅជាឈ្លើយឡើយ ហេតុនោះបានជាគេមានរសជាតិនៅដូចដដែល ហើយក្លិនរបស់គេក៏មិនបានផ្លាស់ប្រែទៅដែរ 12ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងចាត់ប្រើមនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយនឹងបំបែកដបឲ្យខ្ទេចខ្ទីដែរ 13នោះម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ 14ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងជាមនុស្សខ្លាំងពូកែ ហើយស្ទាត់ជំនាញក្នុងចំបាំងបាន 15ស្រុកម៉ូអាប់បានត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំឡោះជ្រើសរើសរបស់គេបានចុះទៅឯទីសំឡេះ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលទ្រង់ព្រះនាមជា ព្រះយេហូវ៉ានៃពួកពលបរិវារ 16សេចក្ដីអន្តរាយរបស់សាសន៍ម៉ូអាប់ជិតមកដល់ហើយ សេចក្ដីវេទនារបស់គេក៏ប្រញាប់រួសរាន់ដែរ 17ឯងរាល់គ្នាដែលនៅជុំវិញគេអើយ ចូរយំទួញនឹងគេចុះ ហើយឯងរាល់គ្នាដែលស្គាល់ឈ្មោះគេអើយ ចូរពោលថា ដំបងខែងមាំនោះបានបាក់យ៉ាងណាហ្ន៎ ជាដំបងរុងរឿងផង 18ឱកូនស្រីដែលអាស្រ័យនៅក្រុងឌីបូនអើយ ចូរចុះពីសណ្ឋានរុងរឿងឧត្តមរបស់ឯងមក ហើយអង្គុយនៅទីស្រេកវិញចុះ ដ្បិតមេដែលបំផ្លាញស្រុកម៉ូអាប់ បានឡើងមកទាស់នឹងឯងហើយ គេបានបំផ្លាញទីមាំមួនរបស់ឯងបង់ 19ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់ ហើយស្រីដែលបានរួចមកថា តើកើតមានអ្វី 20សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ ចូរស្រែកទ្រហោយំចុះ ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា ម៉ូអាប់ត្រូវខូចបង់ហើយ 21ការសំរេចទោសបានធ្លាក់មកលើស្រុកវាល គឺលើហូឡូន យ៉ាហាស នឹងមេផ្អាត 22លើឌីបូន នេបូរ បេត-ឌីប្លាថែម 23លើគារយ៉ាថែម បេត-កាមូល បេត-មេយ៉ូន 24ហើយលើកេរីយ៉ុត បុសរ៉ា នឹងអស់ទាំងទីក្រុង នៅស្រុកម៉ូអាប់ទាំងជិតទាំងឆ្ងាយផង 25ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
26ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកំអួតរបស់ខ្លួន ហើយនឹងត្រូវគេមើលងាយផង 27ដ្បិតតើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់ឯងឬ តើបានឃើញគេនៅកណ្តាលពួកចោរឬអី ដ្បិតវេលាណាដែលឯងនិយាយពីគេ នោះឯងចេះតែគ្រវីក្បាល 28ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ត្រូវឲ្យបានដូចជាព្រាប ដែលធ្វើសំបុកនៅមាត់ចំរែះរអាង 29យើងបានឮនិយាយពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេអួតអាងខ្លាំងណាស់ នឹងពីសេចក្ដីលើកខ្លួន សេចក្ដីអំនួត សេចក្ដីវាយឫក នឹងពីសេចក្ដីឆ្មើងឆ្មៃក្នុងចិត្តគេដែរ 30ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញស្គាល់សេចក្ដីឃោរឃៅរបស់គេថា មិនជាអ្វីទេ អស់ទាំងសេចក្ដីអំនួតរបស់គេ មិនបានបង្កើតអ្វីសោះ 31ដូច្នេះ អញនឹងទ្រហោយំនឹងសាសន៍ម៉ូអាប់ អើ អញនឹងស្រែកឡើង ដោយព្រោះសាសន៍ទាំងមូល ក៏នឹងសោយសោកចំពោះពួកមនុស្ស នៅគារ-ហារ៉ាសែតដែរ 32ឱដើមទំពាំងបាយជូរ នៅត្រង់ស៊ីបម៉ាអើយ អញនឹងយំនឹងឯង លើសជាងយំនឹងយ៉ាស៊ើរទៅទៀត ខ្នែងរបស់ឯងបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង បានលូកទៅដល់សមុទ្រយ៉ាស៊ើរផង មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ នឹងលើផលទំពាំងបាយជូររបស់ឯង 33ឯសេចក្ដីរីករាយ នឹងសេចក្ដីអំណរ នោះបានដកចេញពីចំការដុះដាល ហើយពីស្រុកម៉ូអាប់ទៅ អញបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ នៅក្នុងធុងឃ្នាបទៀត ក៏នឹងគ្មានអ្នកណាជាន់ផ្លែ ដោយសំរែកខ្ញៀវខ្ញារឡើយ សូរសំរែករបស់គេនឹងមិនមែនជាសំរែកពិតទេ 34មានឮសំរែកនៅក្រុងហែសបូន រហូតដល់អេលាលេ គេបានបព្ចោញសំឡេងរហូតដល់យ៉ាហាស ហើយពីសូអារទៅដល់ហូរ៉ូណែម ដូចជាគោញីអាយុ៣ខួប ដ្បិតទឹកនៃនីមរីមបានរីងស្ងួតទៅហើយ 35មួយទៀត ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងធ្វើឲ្យលែងមានអ្នកណាថ្វាយដង្វាយនៅលើទីខ្ពស់ នឹងអ្នកណាដែលដុតកំញានថ្វាយដល់ព្រះខ្លួន នៅក្នុងស្រុកម៉ូអាប់ទៀត។
36ដូច្នេះ ចិត្តអញនឹងឮឡើងដូចជាខ្លុយ ដោយព្រោះម៉ូអាប់ ហើយចិត្តអញនឹងឮឡើងដូចជាខ្លុយ ដោយព្រោះមនុស្សដែលអាស្រ័យនៅគារ-ហារ៉ាសែតដែរ ពីព្រោះផលបរិបូរ ដែលគេបានប្រមូលទុក បានវិនាសអស់ទៅហើយ 37ដ្បិតគ្រប់ទាំងមនុស្សបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយបានស្លៀកសំពត់ធ្មៃ 38នៅលើដំបូលផ្ទះ ហើយនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ នោះមានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតអញបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 39គេនឹងស្រែកទ្រហោថា ស្រុកត្រូវបែកបាក់ខូចយ៉ាងណាហ្ន៎ សាសន៍ម៉ូអាប់បានបែរខ្នង ដោយខ្មាសហ្ន៎ គឺយ៉ាងនោះដែលសាសន៍ម៉ូអាប់នឹងត្រឡប់ជាទីមើលងាយ នឹងជាទីស្ញែងខ្លាច ដល់អស់អ្នកនៅព័ទ្ធជុំវិញគេ 40ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល ខ្មាំងសត្រូវនឹងហើរមកដូចជាឥន្ទ្រី ហើយនឹងត្រដាងស្លាបពីលើស្រុកម៉ូអាប់ 41កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសំរាលកូន 42ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ទៅ ពីព្រោះគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា 43ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱពួកអ្នកស្រុកម៉ូអាប់អើយ សេចក្ដីស្ញែងខ្លាច រណ្តៅ នឹងអន្ទាក់ មកលើឯងហើយ 44អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ដ្បិតអញនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
45ពួកអ្នកដែលរត់ គេឈរនៅទាំងអស់កំឡាំងក្រោមម្លប់ក្រុងហែសបូន ប៉ុន្តែមានភ្លើងចេញពីហែសបូន នឹងអណ្តាតភ្លើងចេញពីកណ្តាលស៊ីហុន ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់ នឹងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ 46ឱម៉ូអាប់អើយ វរដល់ឯងហើយ ពួកព្រះកេម៉ូសកំពុងវិនាសទៅ ដ្បិតពួកកូនប្រុសកូនស្រីរបស់ឯងត្រូវចាប់ដឹកទៅជាឈ្លើយហើយ 47ប៉ុន្តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ដល់ជាន់ក្រោយ អញនឹងនាំពួកម៉ូអាប់ ដែលជាឈ្លើយនោះមកវិញ ទោសរបស់សាសន៍ម៉ូអាប់ត្រូវប៉ុណ្ណេះហើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 48: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.