ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចតាមពាក្យល្អ ដែលអញបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល នឹងពួកវង្សយូដា នៅគ្រានោះ គឺនៅជាន់នោះឯង អញនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះទ្រង់នឹងសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុក នៅគ្រានោះ ពួកយូដានឹងបានសង្គ្រោះ ហើយក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត ឯលំពង់នោះ គេនឹងហៅថា «ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា» ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដាវីឌនឹងមិនដែលអាក់ខានមានមនុស្ស សំរាប់អង្គុយលើបល្ល័ង្ករបស់ពូជពង្សនៃអ៊ីស្រាអែលឡើយ ហើយពួកសង្ឃ នឹងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្ស នៅចំពោះអញសំរាប់ថ្វាយដង្វាយដុត ដង្វាយម្សៅ ហើយនឹងយញ្ញបូជាជាប់នៅជានិច្ចដែរ។ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យេរេមាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ បើសិនជាឯងរាល់គ្នាអាចនឹងផ្តាច់សេចក្ដីសញ្ញារបស់អញ ពីដំណើរថ្ងៃ នឹងយប់ ដើម្បីមិនឲ្យមានថ្ងៃឬយប់តាមធម្មតាបាន នោះសេចក្ដីសញ្ញាដែលអញបានតាំងនឹងដាវីឌ ជាអ្នកបំរើអញក៏នឹងផ្តាច់ទៅបានដែរ ដើម្បីមិនឲ្យដាវីឌមានកូនចៅណាមួយសោយរាជ្យ នៅលើបល្ល័ង្ករបស់លោក ព្រមទាំងសេចក្ដីសញ្ញាដែលតាំងនឹងពួកលេវីដ៏ជាសង្ឃ ជាពួកអ្នកដែលទទួលការងាររបស់អញផង ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះអញនឹងចំរើនពូជដាវីឌ ជាអ្នកបំរើអញ នឹងពួកលេវី ជាពួកអ្នកទទួលការងាររបស់អញឲ្យមានច្រើនឡើងយ៉ាងនោះដែរ។ រួចព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យេរេមាថា ឯងមិនបានពិចារណាសេចក្ដីដែលជនជាតិទាំងនេះពោលថា គ្រួទាំង២ដែលព្រះយេហូវ៉ាបានរើសតាំង នោះទ្រង់បានបោះបង់ចោលវិញ ទេឬអី គឺយ៉ាងនោះដែលគេមើលងាយដល់រាស្ត្រអញ ដោយបំណងនឹងឲ្យគេលែងធ្វើជានគរនៅមុខខ្លួនតទៅ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើសិនជាសេចក្ដីសញ្ញាពីដំណើរថ្ងៃហើយនឹងយប់ មិនស្ថិតស្ថេរនៅ បើអញមិនបានតាំងអស់ទាំងរបៀបនៃផ្ទៃមេឃ នឹងផែនដីទេ នោះអញនឹងបោះបង់ចោលពូជពង្សយ៉ាកុប នឹងដាវីឌ ជាអ្នកបំរើរបស់អញបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុបឡើយ ដ្បិតអញនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
អាន យេរេមា 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 33:14-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ