យេរេ‌មា 33

33
1ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​យេរេមា​ម្តង​ទៀត ក្នុង​កាល​ដែល​លោក​នៅ​ជាប់​ឃុំ​ក្នុង​ទីលាន​គុក​ថា 2ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ គឺ​ព្រះ‌យេហូវ៉ា​ដែល​ជប​សូន​បង្កើត ដើម្បី​នឹង​តាំង​ឡើង ដែល​មាន​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា 3ចូរ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​ឯង​មិន​ដឹង 4ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ នឹង​ពី​ដំណាក់​ស្តេច​យូដា ដែល​ត្រូវ​រំលំ ដោយ‌សារ​ប្រដាប់​ចំបាំង ហើយ​នឹង​ដាវ 5ដែល​គេ​ចាក​ចេញ​ទៅ​ត‌យុទ្ធ នឹង​ពួក​ខាល់ដេ ហើយ​ក៏​បំពេញ​ផ្ទះ​ទាំង​នោះ ដោយ​សាក‌សព​នៃ​មនុស្ស ដែល​អញ​សំឡាប់ ដោយ​សេចក្ដី​កំហឹង នឹង​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ហើយ​បាន​គេច​មុខ​ចេញ​ពី​ទី​ក្រុង​នេះ ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គេ 6មើល អញ​នឹង​នាំ​សេចក្ដី​សុខ​ស្រួល នឹង​ការ​រំងាប់​រោគ​មក​ដល់ ហើយ​នឹង​មើល​គេ​ឲ្យ​ជា ព្រម​ទាំង​បើក​សេចក្ដី​សុខ នឹង​សេចក្ដី​ពិត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ 7អញ​នឹង​ធ្វើ​ឲ្យ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល ដែល​ជា​ឈ្លើយ​វិល​មក​វិញ ហើយ​នឹង​សង់​គេ​ឡើង​ដូច​កាល​ដើម 8ក៏​នឹង​សំអាត​គេ ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ ជា​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​អញ ហើយ​អញ​នឹង​អត់​ទោស​ចំពោះ​អស់​ទាំង​សេចក្ដី​ទុច្ចរិត ដែល​គេ​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​នឹង​អញ​នោះ 9ឯ​ទី​ក្រុង​នេះ នឹង​បាន​សំរាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​អញ សំរាប់​ជា​សេចក្ដី​សរសើរនឹង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​អញ​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត‌ខ្លាច ហើយ​ភ័យ​ញ័រ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ល្អ នឹង​សេចក្ដី​សុខ​ទាំង​ប៉ុន្មាន ដែល​អញ​ផ្តល់​ដល់​គេ។
10ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ទី​នេះ​ដែល​ឯង​រាល់​គ្នា​ថា ជា​ទី​ខូច​បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត 11ជា​សំឡេង​អរ​សប្បាយ នឹង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នឹង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​ដង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
12ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ស្រុក​នេះ​ដែល​ខូច​បង់ ឥត​មាន​មនុស្សឬ​សត្វ​ណា​សោះ ហើយ​នៅ​អស់​ទាំង​ទី​ក្រុង នោះ​នឹង​មាន​ទី​លំនៅ​របស់​ពួក​អ្នក​គង្វាល ដែល​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ដេក​សំរាក​ម្តង​ទៀត 13ហ្វូង​សត្វ​នឹង​ចូល​ក្រោម​ដៃ​នៃ​អ្នក​ដែល​រាប់​វា​ម្តង​ទៀត នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​បេន‌យ៉ាមីន នឹង​គ្រប់​កន្លែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
14ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា 15នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក 16នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា» 17ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​ឡើយ 18ហើយ​ពួក​សង្ឃ នឹង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស នៅ​ចំពោះ​អញ​សំរាប់​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ហើយ​នឹង​យញ្ញ‌បូជា​ជាប់​នៅ​ជានិច្ច​ដែរ។
19ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា 20ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​សិន​ជា​ឯង​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ ពី​ដំណើរ​ថ្ងៃ នឹង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃឬ​យប់​តាម​ធម្មតា​បាន 21នោះ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា​ដែល​តាំង​នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​អញ​ផង 22ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចំរើន​ពូជ​ដាវីឌ ជា​អ្នក​បំរើ​អញ នឹង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។
23រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា 24ឯង​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន‌ជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​២​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង នោះ​ទ្រង់​បាន​បោះ‌បង់​ចោល​វិញ ទេ​ឬ​អី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​រាស្ត្រ​អញ ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​ត​ទៅ 25ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា បើ​សិន​ជា​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃហើយ​នឹង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​អញ​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ នឹង​ផែនដី​ទេ 26នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ‌ពង្ស​យ៉ាកុប នឹង​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប​ឡើយ ដ្បិត​អញ​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 33: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល