យេរេមា 32
32
1នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងឆ្នាំទី១០ នៃរាជ្យសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា 2រីឯគ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូន កំពុងឡោមព័ទ្ធ ច្បាំងនឹងក្រុងយេរូសាឡិម ហើយហោរាយេរេមាត្រូវឃុំទុកនៅក្នុងទីលានគុក ដែលនៅក្នុងវាំងនៃស្តេចយូដា 3ពីព្រោះសេដេគាជាស្តេចយូដា បានឃុំលោក ដោយពាក្យថា ហេតុអ្វីបានជាឯងទាយថា ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ មើលអញនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្តាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន 4ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្តាប់ដៃនៃពួកខាល់ដេឡើយ គឺនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចស្រុកបាប៊ីឡូនជាពិត ហើយនឹងនិយាយនឹងគេផ្ទាល់មាត់គ្នា ឯភ្នែកទ្រង់ក៏នឹងឃើញភ្នែកគេដែរ 5គេនឹងនាំយកសេដេគា ទៅឯក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែអញប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើឯងរាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ។
6យេរេមានិយាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ប្រាប់ដូច្នេះ 7មើល ហាណាមាល ជាកូនសាលូម ឪពុកធំឯង នឹងមកនិយាយនឹងឯងថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំដែលនៅឯអាន៉ាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ 8ដូច្នេះហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ក៏មកឯខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយនឹងខ្ញុំថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំ ដែលនៅឯអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរដក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលបញ្ចាំ ទុកសំរាប់ខ្លួនអ្នកចុះយ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត 9ខ្ញុំក៏ទទួលបញ្ចាំចំការ ដែលនៅឯអាន៉ាថោត ពីហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ហើយបានថ្លឹងប្រាក់១៧រៀលឲ្យដល់គាត់ 10ក៏ធ្វើសំបុត្រ ហើយបិទត្រា រួចហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់ 11ដូច្នេះខ្ញុំបានយកសំបុត្របញ្ចាំ ទាំងសំបុត្រដែលបិទត្រាតាមច្បាប់ តាមទំនៀម នឹងសំបុត្រ១ដែលនៅបើកដែរ 12រួចប្រគល់សំបុត្របញ្ចាំដល់បារូក ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា នៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកធំខ្ញុំ នឹងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្របញ្ចាំនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក 13ខ្ញុំក៏ផ្តាំបារូកនៅមុខគេថា 14ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ចូរយកសំបុត្របញ្ចាំនេះ គឺជាសំបុត្របញ្ចាំដែលបិទត្រា នឹងសំបុត្រដែលនៅចំហ ទៅដាក់ក្នុងភាជនៈដី ដើម្បីឲ្យបានទុកជាយូរថ្ងៃតទៅ 15ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា នឹងមានគេបញ្ចាំទាំងផ្ទះ នឹងចំការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។
16ក្រោយដែលខ្ញុំបានប្រគល់សំបុត្របញ្ចាំដល់បារូកជាកូននេរីយ៉ាហើយ នោះខ្ញុំក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា 17ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ នឹងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ 18គឺទ្រង់សំដែងសេចក្ដីសប្បុរស ដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់ពួកព្ធយុកោ ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ទ្រង់ជាព្រះដ៏ធំហើយមានឫទ្ធិ ព្រះនាមទ្រង់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ 19ទ្រង់ប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិក្នុងការធ្វើ ព្រះនេត្រទ្រង់ទតឃើញអស់ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន 20ទ្រង់ក៏បានធ្វើទីសំគាល់ នឹងការអស្ចារ្យនៅស្រុកអេស៊ីព្ទ ដរាបដល់សព្វថ្ងៃនេះ ព្រមទាំងនៅពួកអ៊ីស្រាអែល ហើយកណ្តាលពួកមនុស្សដទៃផង ទ្រង់ក៏បានតាំងកិត្តិនាមរបស់ទ្រង់ឡើង ដូចជាមានសព្វថ្ងៃនេះ 21ហើយបាននាំអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញពីស្រុកអេស៊ីព្ទមក ដោយទីសំគាល់ នឹងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ នឹងព្រះពាហុលើកសំរេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំផង 22ក៏បានប្រទានស្រុកនេះឲ្យដល់គេ ជាស្រុកដែលទ្រង់បានស្បថនឹងពួកព្ធយុកោ ថានឹងឲ្យដល់គេ គឺជាស្រុកមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ 23គេក៏ចូលមកចាប់យកស្រុក ប៉ុន្តែមិនបានស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឬដើរតាមក្រឹត្យវិន័យរបស់ទ្រង់ឡើយ ក៏មិនបានធ្វើអ្វី១ដែលទ្រង់បានបង្គាប់ដល់គេដែរ ហេតុនោះបានជាទ្រង់បណ្តាល ឲ្យការអាក្រក់ទាំងនេះមកលើគេ 24មើល ប្រដាប់ចំបាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់អត់ នឹងអាសន្នរោគ ឯអស់ទាំងការដែលទ្រង់បានមានបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ 25ហើយ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានមានបន្ទូលមកទូលបង្គំថា ចូរឯងទទួលបញ្ចាំចំការដោយប្រាក់ ហើយហៅស្មរបន្ទាល់មក តែទីក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេហើយ។
26លំដាប់នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេរេមាថា 27មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ 28ហេតុនេះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន 29ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចដង្វាយច្រួចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្តាលឲ្យអញខឹង 30ពីព្រោះពួកកូនចៅអ៊ីស្រាអែល នឹងពួកកូនចៅយូដា បានប្រព្រឹត្តសុទ្ធតែការដែលអាក្រក់ នៅភ្នែកអញ តាំងតែពីក្មេងមក ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបណ្តាលឲ្យអញខឹង ដោយការដែលដៃគេធ្វើ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា 31ទីក្រុងនេះជាទីអុចអាល ឲ្យអញមានសេចក្ដីកំហឹង នឹងឃោរឃៅ ចាប់តាំងពីគ្រាដែលគេសង់ឡើង ដរាបដល់សព្វថ្ងៃនេះ បានជាគួរឲ្យអញបំបាត់ចេញពីមុខអញទៅ 32ដោយព្រោះអស់ទាំងអំពើអាក្រក់ ដែលពួកកូនចៅអ៊ីស្រាអែល នឹងពួកកូនចៅយូដាបានប្រព្រឹត្ត ជាហេតុបណ្តាលឲ្យអញខឹង គឺទាំងខ្លួនគេ ស្តេចគេ ពួកចៅហ្វាយ ពួកសង្ឃ នឹងពួកហោរារបស់គេ អស់ទាំងពួកស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង 33គេបានបែរខ្នងឲ្យអញ មិនមែនជាមុខឡើយ ហើយទោះបើអញបានបង្ហាត់បង្រៀនគេ ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងបង្រៀនផងក៏ដោយ គង់តែគេមិនបានស្តាប់តាម ដើម្បីនឹងទទួលសេចក្ដីប្រៀនប្រដៅដែរ 34គឺគេបានតាំងរបស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញ ជាការដែលបង្អាប់ដល់ទីនោះវិញ 35គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណំម សំរាប់នឹងធ្វើឲ្យកូនប្រុសកូនស្រីគេ ដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលអញមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតអញ ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនឹងនាំឲ្យពួកយូដាបានធ្វើបាបផងដែរ។
36ដោយហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលពីដំណើរទីក្រុងដែលឯងថា បានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូនដោយសារដាវ អំណត់អត់ ហើយនឹងអាសន្នរោគនេះថា 37មើល អញនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ ហើយនឹងសេចក្ដីគ្នាន់ក្នាញ់ដ៏ជាខ្លាំងរបស់អញ ក៏នឹងនាំគេមកឯទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត 38នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ 39អញនឹងឲ្យគេមានទឹកចិត្តតែ១ នឹងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សំរាប់ជាសេចក្ដីល្អដល់គេ នឹងកូនចៅគេតរៀងទៅ 40អញនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា អញនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ 41អើ អញនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្ដីល្អដល់គេ ពិតប្រាកដជាអញនឹងដាំគេចុះនៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងអញ 42ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើជនជាតិនេះយ៉ាងណា អញក៏នឹងនាំអស់ទាំងការដែលអញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ 43គ្រានោះមនុស្សនឹងទទួលបញ្ចាំចំការ នៅក្នុងស្រុកនេះទៀត ជាស្រុកដែលឯងរាល់គ្នាថា បានចោលស្ងាត់ហើយ ឥតមានមនុស្ស ឬសត្វនៅទៀតឡើយ គឺបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ 44មនុស្សនឹងទទួលបញ្ចាំស្រែចំការដោយប្រាក់ ព្រមទាំងចុះឈ្មោះ នឹងបិទត្រា ហើយហៅស្មរបន្ទាល់មកផង គឺនៅក្នុងស្រុកបេនយ៉ាមីននេះឯង នឹងនៅក្រវិលក្រុងយេរូសាឡិម នៅអស់ទាំងទីក្រុងរបស់ស្រុកយូដា នៅទីក្រុងស្រុកភ្នំ ទីក្រុងស្រុកទំនាប នឹងក្នុងទីក្រុងនៃស្រុកត្បូងទាំងប៉ុន្មានដែរ ដ្បិតអញនឹងធ្វើឲ្យពួកគេដែលជាប់ជាឈ្លើយ បានត្រឡប់មកវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
យេរេមា 32: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.