ចៅហ្វាយ 12

12
1រីឯ​ពួក​អេប្រា‌អិម គេ​ក៏​ប្រមូល​គ្នា ដើរ​ទៅ​ខាង​ជើង បន្ទោស​ដល់​យែបថា​ថា ហេតុ​អ្វី​បាន​ជា​ឯង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ឥត​ហៅ​យើង​ឲ្យ​ទៅ​ជា​មួយ​ផង​ដូច្នេះ យើង​នឹង​ដុត​ផ្ទះ​ឯង​ឥឡូវ ព្រម​ទាំង​ឯង​នៅ​ក្នុង​ផង 2យែបថា​ឆ្លើយ​ទៅ​គេ​ថា អញ ហើយ​នឹង​ពួក​អញ​នេះ មាន​ហេតុ​ទាស់‌ទែង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្លាំង អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា​ដែរ តែ​ឯង​មិន​បាន​ជួយ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ទេ 3ដូច្នេះ​កាល​អញ​ឃើញ​ថា ឯង​រាល់​គ្នា​មិន​ជួយ​អញ​ទេ នោះ​អញ​បាន​ប្រថុយ​ជីវិត​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ឡើង​មក​ត​នឹង​អញ​នៅ​ថ្ងៃ​នេះ​ដូច្នេះ 4យែបថា​ក៏​ប្រមូល​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាត ទៅ​តស៊ូ​នឹង​ពួក​អេប្រា‌អិម ពួក​កាឡាត​បាន​វាយ​ពួក​អេប្រា‌អិម ដោយ​ព្រោះ​គេ​ថា ពួក​កាឡាត​ឯង​រាល់​គ្នា​នេះ ដែល​នៅ​កណ្តាល​ពួក​អេប្រា‌អិម នឹង​ពួក​ម៉ាន៉ាសេ ឯង​ជា​ពួក​ដែល​រត់​ចេញ​ពី​ពួក​អេប្រា‌អិម​ទៅ​ទេ 5ពួក​កាឡាត​ក៏​ចាប់​ស្កាត់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​មុខ​ពួក​អេប្រា‌អិម រួច​កាល​ណា​មាន​ពួក​អេប្រា‌អិម​ដែល​រត់​រួច​បាន គេ​មក​អង្វរ​ថា សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង នោះ​ពួក​កាឡាត​សួរ​ទៅ​ថា តើ​ឯង​ជា​ពួក​អេប្រា‌អិម​ឬ​អី បើ​គេ​ឆ្លើយ​ថា​ទេ 6នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​ចេញ​ពាក្យ​ថា «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត» វិញ ដោយ​គេ​ធ្វើ​មាត់​ឲ្យ​ចេញ​ខ្យល់​នោះ​មិន​ត្រូវ នោះ​ក៏​ចាប់​គេ​សំឡាប់​ទៅ ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​វេលា​នោះ មាន​ពួក​អេប្រា‌អិម​ដួល​ស្លាប់ អស់​ចំនួន​៤​ម៉ឺន​២​ពាន់​នាក់ 7ឯ​យែបថា​បាន​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល​អស់​៦​ឆ្នាំ រួច​លោក​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង​១​របស់​ស្រុក​កាឡាត។
8ក្រោយ​ពី​លោក​មក នោះ​មាន​ឈ្មោះ​អ៊ីបសាន ជា​អ្នក​ក្រុង​បេថ្លេ‌ហិម បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល 9លោក​មាន​កូន​ប្រុស​៣០ ហើយ​បាន​ឲ្យ​កូន​ស្រី​៣០ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ ក៏​នាំ​យក​កូន​ស្រី​ដទៃ​៣០ មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​វិញ អ៊ីបសាន​នេះ​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​៧​ឆ្នាំ 10រួច​ក៏​ស្លាប់​ទៅ គេ​បញ្ចុះ​សព​នៅ​ត្រង់​បេថ្លេ‌ហិម។
11ក្រោយ​ពី​លោក​នោះ​មក មាន​ឈ្មោះ​អេឡូន ជា​ពួក​សាប់‌យូល៉ូន បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​១០​ឆ្នាំ 12រួច​អេឡូន ជា​ពួក​សាប់‌យូល៉ូន ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​អាយ៉ា‌ឡូន ក្នុង​ស្រុក​សាប់‌យូល៉ូន។
13ក្រោយ​ពី​លោក​មក មាន​ឈ្មោះ​អាបដូន ជា​កូន​ហ៊ីលេល ក្នុង​ពួក​ពីរ៉ាថូន បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល 14លោក​មាន​កូន​ប្រុស​៤០​នាក់ ហើយ​មាន​ចៅ​៣០​នាក់ ដែល​សុទ្ធ​តែ​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ អាបដូន ជា​កូន​ហ៊ីលេល ក្នុង​ពួក​ពីរ៉ាថូន បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​៨​ឆ្នាំ 15រួច​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​ពីរ៉ាថូន​ក្នុង​ស្រុក​អេប្រា‌អិម ជា​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ា‌លេក។

ទើបបានជ្រើសរើសហើយ៖

ចៅហ្វាយ 12: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល