យ៉ាកុប 2:1-8

យ៉ាកុប 2:1-8 ពគប

បង​ប្អូន​អើយ កុំ​ឲ្យ​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ ដ្បិត​បើ​សិន​ជា​មាន​អ្នក​ណា​ចូល​មក​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ជៀន​មាស​នឹង​សំលៀក‌បំពាក់​ដ៏​មាន​ដំឡៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់​ស្លៀក‌ពាក់​កក្វក់​ចូល​មក​ដែរ រួច​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក‌ពាក់​មាន​ដំឡៃ​នោះ ក៏​អញ្ជើញ​គេ​ថា សូម​អង្គុយ​នៅ​ទី​ល្អ​នេះ រួច​ប្រាប់​ទៅ​អ្នក​ក្រ​ថា ចូរ​ឈរ​នៅ​ទី​នុ៎ះ​ចុះ ឬ​អង្គុយ​នៅ​ទៀប​កំណល់​ជើង​ខ្ញុំ​នេះ​ដូច្នេះ នោះ​តើ​មិន​មែន​ឈ្មោះ​ថា បាន​យោគ‌យល់​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​បាន​ត្រឡប់​ជា​អ្នក​រើស​មុខ ដែល​មាន​គំនិត​អាក្រក់​ទេ​ឬ​អី ចូរ​ស្តាប់​ចុះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្ដី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់‌សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ទេ​ឬ​អី តើ​គេ​មិន​ប្រមាថ​ដល់​ព្រះ‌នាម​ល្អ ដែល​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ​អី បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រិត្យ‌វិន័យ​ដ៏​ប្រសើរ ដូច​មាន​បទ​គម្ពីរ​ថា «ចូរ​ឲ្យ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង» នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ល្អ​ហើយ

អាន យ៉ាកុប 2