យ៉ាកុប 2:1-8
យ៉ាកុប 2:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនខ្ញុំអើយ បងប្អូនមានជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ប្រកបដោយសិរីល្អរបស់យើងហើយ មិនត្រូវរើសមុខអ្នកណាឡើយ។ ដ្បិតប្រសិនបើមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ប្រសិនបើអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់ដ៏មានតម្លៃនោះ ហើយពោលថា «សូមអញ្ជើញអង្គុយនៅកន្លែងទីល្អនេះ» តែប្រាប់ទៅអ្នកក្រថា «ចូរឈរនៅទីនោះទៅ» ឬថា «អង្គុយនៅក្បែរជើងខ្ញុំនេះហើយ» នោះតើអ្នករាល់គ្នាមិនបានរាប់អានមនុស្សដោយរើសមុខ ក្នុងចំណោមអ្នករាល់គ្នា ហើយត្រឡប់ជាវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ? បងប្អូនស្ងួនភ្ងាអើយ ចូរស្តាប់ចុះ តើព្រះមិនបានរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានខាងជំនឿ ហើយជាអ្នកទទួលមត៌កក្នុងព្រះរាជ្យ ដែលព្រះអង្គបានសន្យាដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ? តែអ្នករាល់គ្នាបែរជាបន្តុះបង្អាប់អ្នកក្រនោះទៅវិញ។ តើមិនមែនជាពួកអ្នកមានទេឬ ដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាចូលទៅតុលាការ? តើមិនមែនជាពួកគេទេឬ ដែលប្រមាថដល់ព្រះនាមដ៏ប្រសើរ ដែលអ្នករាល់គ្នាបានអំពាវនាវរក? ប្រសិនបើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យ ដូចមានចែងក្នុងបទគម្ពីរថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» នោះអ្នកប្រព្រឹត្តបានល្អប្រសើរហើយ។
យ៉ាកុប 2:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?។ បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។ រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស! តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូន ទេឬ!។ ប្រសិនបើបងប្អូនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះរាជ្យ ស្របតាមគម្ពីរ ពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។
យ៉ាកុប 2:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ កុំឲ្យមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ ដ្បិតបើសិនជាមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ជៀនមាសនឹងសំលៀកបំពាក់ដ៏មានដំឡៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កក្វក់ចូលមកដែរ រួចអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់មានដំឡៃនោះ ក៏អញ្ជើញគេថា សូមអង្គុយនៅទីល្អនេះ រួចប្រាប់ទៅអ្នកក្រថា ចូរឈរនៅទីនុ៎ះចុះ ឬអង្គុយនៅទៀបកំណល់ជើងខ្ញុំនេះដូច្នេះ នោះតើមិនមែនឈ្មោះថា បានយោគយល់នៅក្នុងពួកអ្នករាល់គ្នា ហើយបានត្រឡប់ជាអ្នករើសមុខ ដែលមានគំនិតអាក្រក់ទេឬអី ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយនេះ ដែលជាអ្នកមានខាងសេចក្ដីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី តែអ្នករាល់គ្នាបន្តុះបង្អាប់អ្នកក្រនោះវិញ តើពួកអ្នកមានមិនសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅនៅមុខទីជំនុំជំរះទេឬអី តើគេមិនប្រមាថដល់ព្រះនាមល្អ ដែលបានឲ្យដល់អ្នករាល់គ្នាទេឬអី បើអ្នករាល់គ្នាកាន់តាមក្រិត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ