ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ កាលណាឯងលុយកាត់ភ្លើង នោះឯងនឹងមិនត្រូវរលាក ហើយអណ្តាតភ្លើងក៏មិនឆាប់ឆេះឯងដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯង អញជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដ៏សង្គ្រោះរបស់ឯង អញបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះឯង ព្រមទាំងស្រុកអេធីយ៉ូពី នឹងស្រុកសេបា ជំនួសឯងផង អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗ ស្នងនឹងជីវិតឯង ដោយព្រោះឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង កុំឲ្យខ្លាចឡើយ ដ្បិតអញនៅជាមួយ អញនឹងនាំពូជពង្សឯងមកពីទិសខាងកើត ហើយនឹងប្រមូលគេមកពីទិសខាងលិច អញនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ គឺជាអ្នកដែលអញបានជបសូន អើ ជាអ្នកដែលអញបានតែងតាំងឡើង។
អាន អេសាយ 43
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 43:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ