អេសាយ 23

23
1នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​ទីរ៉ុស។
នែ ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​ក្រុង​ឯង​ត្រូវ​បំផ្លាញ​ហើយ ទាល់​តែ​គ្មាន​ផ្ទះ​ណា​សល់​នៅ ឬ​ផ្លូវ​ណា​ចូល​ទៅ​បាន​ឡើយ ដំណឹង​នោះ​បាន​សំដែង​ឲ្យ​គេ​ដឹង​នៅ​ត្រង់​ស្រុក​គីទីម 2អស់​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ ដែល​បាន​ស្បៀង​គ្រប់‌គ្រាន់ ដោយ‌សារ​ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន ដែល​លក់​ដូរ​តាម​ផ្លូវ​សមុទ្រ​អើយ ចូរ​ស្ងៀម​នៅ​ចុះ 3ទី​ក្រុង​របស់​ឯង​បាន​កំរៃ ដោយ‌សារ​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចំរូត​នៃ​ស្រុក​ក្បែរ​ទន្លេ​ធំ ដែល​គេ​ដឹក​មក​តាម​ផ្លូវ​សមុទ្រ ទី​ក្រុង​នោះ​ក៏​ជា​ផ្សារ​សំរាប់​គ្រប់​ទាំង​សាសន៍ 4ឱ​ក្រុង​ស៊ីដូន​អើយ ចូរ​មាន​សេចក្ដី​ខ្មាស​ចុះ ដ្បិត​សមុទ្រ​បាន​ពោល​ហើយ គឺ​ទី​មាំ‌មួន​នៃ​សមុទ្រ​បាន​ថា អញ​មិន​បាន​ឈឺ‌ចាប់ ឬ​សំរាល​កូន​ឡើយ ក៏​មិន​បាន​ចិញ្ចឹម​មនុស្ស​កំឡោះ ឬ​ស្រី​ក្រមុំ​ដែរ 5កាល​ណា​ដំណឹង​នេះ​បាន​ឮ​ទៅ​ដល់​ស្រុក​អេស៊ីព្ទ នោះ​គេ​នឹង​សោក‌សៅ​ជា​ពន្លឹក ដោយ‌សារ​ដំណឹង​ពី​ក្រុង​ទីរ៉ុស​នោះ 6ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ 7នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​ឯង​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ។
8តើ​អ្នក​ណា​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ 9គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ទេ ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត​របស់​គ្រប់​ទាំង​ការ​រុងរឿង​ឧត្តម ហើយ​នឹង​បន្ទាប​បណ្តា​សក្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ផែនដី​ផង 10ឱ​កូន​ស្រី​ស្រុក​តើ​ស៊ីស​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ឯង​ដូច​ជា​ទន្លេ គ្មាន​ការ​ឃាត់‌ឃាំង​ទៀត​ឡើយ 11ព្រះ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ទ្រង់​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន​ថា ត្រូវ​ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ 12ហើយ​ទ្រង់​មាន​បន្ទូល​ថា ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ ឯង​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។
13មើល​ន៏ ស្រុក​របស់​សាសន៍​ខាល់ដេ ពួក​នោះ​មិន​មែន​ជា​សាសន៍​ណា​ទេ ទាល់​តែ​ពួក​អាសស៊ើរ​បាន​តាំង​នគរ​ឡើង ឲ្យ​ពួក​អ្នក​ដែល​នៅ​ទី​រហោ‌ស្ថាន​នោះ គេ​បាន​ដំឡើង​ប៉ម​របស់​គេ ហើយ​បាន​រំលំ​អស់​ទាំង​ដំណាក់​នៃ​ក្រុង​ទីរ៉ុស ទាំង​បំផ្លាញ​អស់​រលីង​ទៅ 14ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​មាំ‌មួន​របស់​ឯង​បាន​ត្រូវ​បំផ្លាញ​ហើយ 15នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​៧០​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​១​អង្គ លុះ​ផុត​ពី​៧០​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចំរៀង​របស់​ស្រី​សំផឹង 16ឱ​ស្រី​សំផឹង​ដែល​គេ​ភ្លេច​អើយ ចូរ​កាន់​ស៊ុង​ដើរ​ចុះ​ឡើង​ក្នុង​ទី​ក្រុង ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​ឯង​ឡើង​វិញ 17លុះ​ដល់​ផុត​៧០​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​ក្រុង​ទីរ៉ុស ហើយ​ក្រុង​នោះ​នឹង​ត្រឡប់​ទៅ​ឯ​ការ​ស៊ី​ឈ្នួល​ដូច​ដើម​វិញ ព្រម​ទាំង​ធ្វើ​សំផឹង​នឹង​គ្រប់​ទាំង​នគរ​របស់​លោកីយ ដែល​នៅ​លើ​ផែនដី​ផង 18ឯ​ការ​ជំនួញ នឹង​ឈ្នួល​របស់​គេ នោះ​នឹង​បាន​ជា​សេចក្ដី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា គេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ គឺ​ទំនិញ​របស់​គេ​នឹង​បាន​សំរាប់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ឆ្អែត ហើយ​សំរាប់​ជា​សំលៀក‌បំពាក់​យ៉ាង​ជាប់‌លាប់​ដែរ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 23: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល