អេសាយ 16
16
1ចូរយកកូនចៀមទាំងប៉ុន្មាន ដែលសំរាប់អ្នកគ្រប់គ្រងលើស្រុក ចាប់តាំងពីក្រុងសេឡា រហូតដល់ទីរហោស្ថាន ផ្ញើទៅឯភ្នំនៃពួកកូនស្រីស៊ីយ៉ូន 2ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសំបុក 3ចូរជួយប្រឹក្សា ហើយសំរេចសេចក្ដីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលឯងបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នករត់យោងខ្លួនឡើយ 4ចូរឲ្យពួករបស់អញ ដែលត្រូវពង្រាត់នោះ បានអាស្រ័យនៅជាមួយនឹងឯងចុះ ចំណែកពួកម៉ូអាប់ ចូរឲ្យឯងធ្វើជាទីគ្របបាំងឲ្យគេបានពួនរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ទៅ ការបំផ្លាញបានឈប់ស្ងប់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ 5នោះនឹងមានបល្ល័ង្ក១ តាំងឡើងដោយសេចក្ដីសប្បុរស ហើយស្តេច១អង្គក្នុងពូជពង្សរបស់ដាវីឌនឹងគង់លើបល្ល័ង្កនោះ ដោយសេចក្ដីពិត ទាំងជំនុំជំរះ ហើយរកសំរេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។
6យើងបានឮនិយាយ ពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេជាអ្នកអួតអាងណាស់ គឺពីសេចក្ដីឆ្មើងឆ្មៃ សេចក្ដីអំនួត នឹងសេចក្ដីក្រេវក្រោធរបស់គេផង តែការអួតអាងរបស់គេជាអសារឥតការទទេ 7ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាបចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ ឯងរាល់គ្នានឹងយំស្តាយ ចំពោះផែនទំពាំងបាយជូរនៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួលក្តុក 8ដ្បិតចំការនៃក្រុងហែសបូនសុទ្ធតែស្រពោនទៅ ព្រមទាំងដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ាដែរ ពួកចៅហ្វាយនៃសាសន៍ដទៃទាំងប៉ុន្មាន គេបានកាច់បំបាក់ខ្នែងល្អបំផុត ដែលបានលូតរហូតដល់ក្រុងយ៉ាស៊ើរ ហើយវារប្រទាក់ទៅក្នុងទីរហោស្ថាន លំពង់ក៏លូតទៅតែពាស កាត់ទាំងសមុទ្រផង 9ដូច្នេះ អញនឹងយំចំពោះដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន នឹងក្រុងអេលាលេអើយ អញនឹងស្រោចឯងដោយទឹកភ្នែក ដ្បិតសូរសំរែករបស់សឹកសង្គ្រាមបានធ្លាក់មកចំនឹងការប្រមូលផល នឹងការច្រូតកាត់របស់ឯងហើយ 10ដូច្នេះ សេចក្ដីអំណរនឹងសេចក្ដីរីករាយបានដកចេញពីស្រែចំការដ៏ដុះដាលរបស់ឯង នៅក្នុងចំការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ អញបានបញ្ឈប់សូរសំរែក នៃការធ្វើទំពាំងបាយជូរហើយ 11ហេតុនោះ ពោះអញនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តអញដែរ ពីព្រោះគារ-ហារ៉ាសែត 12កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។
13នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលពីសាសន៍ម៉ូអាប់កាលពីដើម 14តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ក្នុងរវាង៣ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង ឯសំណល់ដែលសល់នៅ នឹងបានតិចតួចណាស់ ហើយហោចល្អោញផង។
ទើបបានជ្រើសរើសហើយ៖
អេសាយ 16: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.