អេសាយ 15

15
1នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​ម៉ូអាប់ ពី​ព្រោះ​នៅ​ក្នុង​យប់​១ នោះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​១ ក្រុង​គារ របស់​ស្រុក​ម៉ូអាប់​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ 2គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​គេ​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ ហើយ​នឹង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក‌ចង្កា​ទាំង​អស់​គ្នា​ដែរ 3នៅ​តាម​ផ្លូវ គេ​ស្លៀក​សំពត់​ធ្មៃ ហើយ​នៅ​លើ​ដំបូល​ផ្ទះ នឹង​នៅ​ទី‌ធ្លា គេ​ទ្រហោ​ពិលាប ទាំង​យំ​ជា​ច្រើន 4ក្រុង​ហែសបូន នឹង​ក្រុង​អេលាលេ គេ​នាំ​គ្នា​ស្រែក​ឡើង សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់ គេ​ស្រែក​ជា​ខ្លាំង ចិត្ត​គេ​ញ័រ​ក្នុង​ខ្លួន 5ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​៣​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ​តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម 6ពី​ព្រោះ​ទី​ទឹក​របស់​ក្រុង​នីមរីម នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត​ទៅ ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ 7ដូច្នេះ គេ​នឹង​ប្រមូល​របស់​ទ្រព្យ​ដែល​គេ​បាន​ទាំង​ប៉ុន្មាន ហើយ​ដែល​គេ​បាន​សន្សំ​ទុក ឆ្លង​ជ្រោះ​ដើម​ចាក​ទៅ 8ពី​ព្រោះ​សំរែក​បាន​ឮ​ព័ទ្ធ​ជុំវិញ​ព្រំ​ស្រុក​ម៉ូអាប់​ហើយ សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​ប្អៀរ-អេលីម 9ឯ​ទឹក​នៃ​ក្រុង​ឌីម៉ូន​បាន​ពេញ​ទៅ​ដោយ​ឈាម ពី​ព្រោះ​អញ​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ក្រុង​ឌីម៉ូន​ទៀត គឺ​ជា​សត្វ​សិង្ហ ឲ្យ​ស្ទុះ​លើ​ពួក​ម៉ូអាប់​ដែល​រត់​រួច​បាន ហើយ​លើ​ពួក​ដែល​សល់​នៅ​ក្នុង​ស្រុក​ដែរ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 15: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល