លោកុ‌ប្បត្តិ 21:22-34

លោកុ‌ប្បត្តិ 21:22-34 ពគប

នៅ​វេលា​នោះ អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​មក​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ ដូច្នេះ សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ ថា​អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​ខ្ញុំ​ត​រៀង​ទៅ ដោយ​សេចក្ដី​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ហើយ​ស្រុក​ដែល​អ្នក​បាន​សំណាក់​នៅ​នេះ​ដោយ​សេចក្ដី​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ អ័ប្រា‌ហាំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​សុខ​ចិត្ត​ស្បថ តែ​អ័ប្រា‌ហាំ​គាត់​បន្ទោស​ដល់​អ័ប៊ី‌ម៉្មា‌ឡិច ពី​ដំណើរ​អណ្តូង​ទឹក​ដែល​ពួក​បាវ​ទ្រង់​បាន​ដណ្តើម​យក អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ការ​នោះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ឥត​បាន​ឮ​អ្វី​ឡើយ ដរាប​ដល់​ថ្ងៃ​នេះ អ័ប្រា‌ហាំ​គាត់​យក​ចៀម​នឹង​គោ​មក​ថ្វាយ​អ័ប៊ី‌ម៉្មា‌ឡិច រួច​ក៏​តាំង​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អ័ប្រា‌ហាំ​គាត់​ដាក់​កូន​ចៀម​៧​ដោយ​ខ្លួន នោះ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​ថា កូន​ចៀម​៧​ដែល​អ្នក​ដាក់​ដោយ​ខ្លួន​នេះ តើ​មាន​ន័យ​ដូច​ម្តេច គាត់​ទូល​ឆ្លើយ​ថា ទ្រង់​ត្រូវ​ទទួល​កូន​ចៀម​៧​នេះ​ពី​ដៃ​ទូលបង្គំ ទុក​ជា​ទី​បន្ទាល់​ដល់​ទូលបង្គំ​ថា ទូលបង្គំ​បាន​ជីក​អណ្តូង​នេះ ដោយ​ហេតុ​នោះ​បាន​ជា​គាត់​ហៅ​ទី​នោះ​ថា «បៀរ-សេបា» ពី​ព្រោះ​បាន​ស្បថ​គ្នា​នៅ​ទី​នោះ​ឯង គឺ​យ៉ាង​នោះ​ហើយ​ដែល​បាន​តាំង​សញ្ញា​នឹង​គ្នា នៅ​ត្រង់​បៀរ-សេបា រួច​ហើយ​អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​ក្រោក​ឡើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​ភីលីស្ទីន​វិញ​ទៅ។ ឯ​អ័ប្រា‌ហាំ​គាត់​ដាំ​ដើម​ឈើ​១ នៅ​ត្រង់​បៀរ-សេបា ហើយ​នៅ​ទី​នោះ គាត់​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​‌កល្ប​ជានិច្ច រួច​គាត់​សំចត​នៅ​ស្រុក​ភីលីស្ទីន​នោះ​ជា​យូរ​ថ្ងៃ។