រួចព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ក្នុងកាលដែលគាត់កំពុងអង្គុយនៅមាត់ទ្វារត្រសាល នៅវេលាថ្ងៃពេញកំដៅ គាត់ងើបភ្នែកឡើង ក៏មើលឃើញមនុស្ស៣នាក់ឈរនៅចំពោះមុខ កាលគាត់ឃើញដូច្នោះ នោះគាត់រត់ពីមាត់ទ្វារត្រសាលទៅទទួល ដោយក្រាបរាបនឹងដី ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ សូមរង់ចាំឲ្យគេយកទឹកមកបន្តិចនឹងលាងព្រះបាទទ្រង់ ហើយសូមទ្រង់ឈប់សំរាកក្រោមដើមឈើនេះសិន ទូលបង្គំនឹងយកនំបុ័ងបន្តិចបន្តួចមកថ្វាយ ឲ្យទ្រង់មានកំឡាំងឡើង រួចសឹមយាងទៅចុះ ដ្បិតទ្រង់បានយាងមកដល់ទូលបង្គំជាអ្នកបំរើទ្រង់ហើយ នោះទ្រង់មានបន្ទូលថា ចូរធ្វើដូចជាឯងបាននិយាយចុះ អ័ប្រាហាំក៏ប្រញាប់ប្រញាល់ចូលទៅក្នុងត្រសាល ប្រាប់សារ៉ាថា ចូរយកម្សៅយ៉ាងម៉ដ្ត៣រង្វាល់មកលាយធ្វើនំឲ្យឆាប់ៗ រួចគាត់រត់ទៅឯហ្វូងសត្វ ចាប់យកកូនគោ១ដែលមានសាច់ទន់ល្វន់ល្អ ប្រគល់ឲ្យដល់បាវបំរើម្នាក់ ហើយបាវនោះក៏បានចាត់ចែងយ៉ាងប្រញាប់ប្រញាល់ នោះគាត់យកខ្លាញ់ទឹកដោះ ហើយនឹងទឹកដោះរាវ នឹងកូនគោដែលបានរៀបចំទៅថ្វាយដល់ទ្រង់ រួចឈរនៅក្រោមដើមឈើជិតទ្រង់ ហើយទ្រង់ក៏សោយទៅ។ ទ្រង់មានបន្ទូលសួរគាត់ថា សារ៉ាប្រពន្ធឯងនៅឯណា គាត់ទូលឆ្លើយថា នៅក្នុងត្រសាលឯណោះ ទ្រង់មានបន្ទូលថា ដល់កំណត់ អញនឹងមកឯឯងវិញជាមិនខាន នោះសារ៉ាប្រពន្ធឯងនឹងមានកូនប្រុស១ ចំណែកសារ៉ាដែលនៅមាត់ទ្វារត្រសាលខាងក្រោយគាត់ នាងក៏បានឮដែរ រីឯអ័ប្រាហាំ នឹងសារ៉ា គាត់ជាមនុស្សចាស់មានអាយុច្រើនណាស់ សារ៉ាអស់មានរដូវកាលតាមទំលាប់ស្ត្រីទៀតហើយ នាងនឹកអស់សំណើចក្នុងខ្លួនថា អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានដំរេកទៀតដែរឬអី ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអ័ប្រាហាំថា ហេតុអ្វីបានជាសារ៉ាសើចដូច្នេះថា ដែលចាស់ប៉ុណ្ណោះហើយ តើនឹងមានកូនដែរឬ តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ដល់វេលាកំណត់ នោះអញនឹងមកឯឯង លុះគ្រប់ខែហើយ សារ៉ានឹងបង្កើតបានកូនប្រុស១ ឯសារ៉ានាងប្រកែកថា ខ្ញុំម្ចាស់មិនបានសើចទេ ពីព្រោះនាងខ្លាច តែទ្រង់មានបន្ទូលថា ទេ គឺឯងបានសើចមែន។
អាន លោកុប្បត្តិ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 18:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ