កាឡា‌ទី 3:10-29

កាឡា‌ទី 3:10-29 ពគប

តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម» ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រិត្យ‌វិន័យ​ឡើយ ពី​ព្រោះ«មនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្ដី​ជំនឿ» ឯ​ក្រិត្យ‌វិន័យ មិន​អាង​សេចក្ដី​ជំនឿ​ទេ គឺ​អ្នក​ណា​ដែល​អាច​នឹង​ប្រព្រឹត្ត តាម​សេចក្ដី​ទាំង​នោះ​បាន អ្នក​នោះ​នឹង​រស់​នៅ ដោយ‌សារ​សេចក្ដី​ទាំង​នោះ ព្រះ‌គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្តាសា​របស់​ក្រិត្យ‌វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ ដោយ‌សារ​សេចក្ដី​ជំនឿ។ បង​ប្អូន​អើយ ខ្ញុំ​និយាយ​តាម​បែប​ភាព​មនុស្ស​ថា សូម្បី​តែ​សេចក្ដី​សញ្ញា​របស់​មនុស្ស បើ​គេ​យល់​ព្រម​តាំង​នឹង​គ្នា​ជា​ស្រេច​ហើយ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ចោល ឬ​បន្ថែម​បញ្ចូល​អ្វី​ឡើយ រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រា‌ហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា «នឹង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «នឹង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះ‌គ្រីស្ទ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រិត្យ‌វិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្ដី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន ដ្បិត​បើ​សិន​ជា​មរដក​នោះ​បាន​មក ដោយ​អាង​ក្រិត្យ‌វិន័យ នោះ​មិន​មែន​អាង​សេចក្ដី​សន្យា​ទៀត​ទេ តែ​ព្រះ‌ទ្រង់​បាន​ប្រទាន​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រិត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ​បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ ដោយ‌សារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់ រីឯ​អ្នក​កណ្តាល នោះ​មិន​មែន​បង្រួប‌បង្រួម​អ្នក​ណា​តែ​ម្នាក់​ឯង​នោះ​ឡើយ តែ​ចំណែក​ព្រះ ទ្រង់​ជា​ព្រះ​តែ​១​ទេ។ ដូច្នេះ តើ​ក្រិត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្ដី​សន្យា​នៃ​ព្រះ​ឬ​អី មិន​មែន​ទេ ដ្បិត​បើ​សិន​ជា​មាន​ក្រិត្យ‌វិន័យ​ណា​ប្រទាន​មក ដែល​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្ដី​សុចរិត​នឹង​មក ដោយ‌សារ​ក្រិត្យ‌វិន័យ​នោះ​ហើយ ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្នុង​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​ដែល​ទ្រង់​សន្យា បាន​ប្រទាន​មក​ដល់​ពួក​អ្នក​ជឿ​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ តែ​កាល​មុន​ដែល​មាន​សេចក្ដី​ជំនឿ​ចូល​មក នោះ​យើង​រាល់​គ្នា​ត្រូវ​បង្ខាំង​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​ត្រូវ​ឃុំ​ទុក សំរាប់​សេចក្ដី​ជំនឿ ដែល​ត្រូវ​លេច​មក បាន​ជា​ក្រិត្យ‌វិន័យ​ធ្វើ​ជា​អ្នក​ដឹក‌នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្ដី​ជំនឿ តែ​លុះ​កាល​សេចក្ដី​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក‌នាំ​នោះ​ទៀត​ទេ ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ‌គ្រីស្ទ​ហើយ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស នឹង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្ដី​សន្យា​ផង។

អាន កាឡា‌ទី 3