អែសរ៉ា 7
7
1ក្រោយការទាំងនោះមក ក្នុងរាជ្យអើថាស៊ើកសេស ជាស្តេចពើស៊ី នោះអែសរ៉ា កូនសេរ៉ាយ៉ា ដែលជាកូនអ័សារាៗ ជាកូនហ៊ីលគីយ៉ា 2ហ៊ីលគីយ៉ា ជាកូនសាលូម សាលូមជាកូនសាដុកៗ ជាកូនអ័ហ៊ីទូប 3អ័ហ៊ីទូប ជាកូនអ័ម៉ារាៗ ជាកូនអ័សារាៗ ជាកូនមេរ៉ាយ៉ូត 4មេរ៉ាយ៉ូត ជាកូនសេរ៉ាហ៊ាៗ ជាកូនអ៊ូស៊ីៗ ជាកូនប៊ូកគី 5ប៊ូកគី ជាកូនអ័ប៊ីសួរៗ ជាកូនភីនេហាសៗ ជាកូនអេលាសារៗ ជាកូនអើរ៉ុនដ៏ជាសំដេចសង្ឃ 6អែសរ៉ានេះ លោកឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រិត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានមក ហើយដោយព្រោះព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃលោក បានសណ្ឋិតលើលោក បានជាស្តេចទ្រង់អនុញ្ញាតគ្រប់ទាំងសេចក្ដីដែលលោកសូម 7ក៏មានពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ នឹងពួកនេធីនិមខ្លះ ឡើងទៅឯក្រុងយេរូសាឡិម នៅឆ្នាំទី៧ក្នុងរាជ្យស្តេចអើថាស៊ើកសេសដែរ 8លោកបានមកដល់ក្រុងយេរូសាឡិម ក្នុងខែស្រាពណ៌នៅឆ្នាំទី៧ក្នុងរាជ្យស្តេចនោះ 9ដ្បិតលោកបានចេញពីក្រុងបាប៊ីឡូន នៅថ្ងៃ១ខែចេត្រ ក៏មកដល់ក្រុងយេរូសាឡិមនៅថ្ងៃទី១ ខែស្រាពណ៌ ដោយព្រះហស្តល្អរបស់ព្រះនៃលោក បានសណ្ឋិតលើលោក 10ពីព្រោះអែសរ៉ាបានតាំងចិត្តស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម ហើយបង្ហាត់បង្រៀនតាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌ក្នុងពួកអ៊ីស្រាអែល។
11នេះជាសំណៅពីសំបុត្រ ដែលអើថាស៊ើកសេសដ៏ជាស្តេចទ្រង់បានប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចំឡងអស់ទាំងព្រះបន្ទូល ក្នុងក្រិត្យក្រមទាំងប៉ុន្មាននៃព្រះយេហូវ៉ា នឹងបញ្ញត្តនៃទ្រង់ ដល់ពួកអ៊ីស្រាអែល មានសេចក្ដីថា 12អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចំឡងក្រិត្យវិន័យរបស់ព្រះនៃស្ថានសួគ៌៘ 13យើងចេញព្រះរាជឱង្ការថា ឯអស់អ្នកណាក្នុងពួកសាសន៍អ៊ីស្រាអែល ឬពួកសង្ឃ នឹងពួកលេវី នៅក្នុងនគរយើង ដែលចង់ទៅឯក្រុងយេរូសាឡិម ជាមួយនឹងអ្នក ដោយស្ម័គ្រពីចិត្ត នោះចូរឲ្យគេទៅចុះ 14ពីព្រោះស្តេច នឹងពួកសេនាបតីទាំង៧ បានចាត់អ្នកឲ្យទៅត្រួតត្រាមើល ក្នុងស្រុកយូដា នឹងក្រុងយេរូសាឡិម តាមក្រិត្យវិន័យរបស់ព្រះនៃអ្នក ជាច្បាប់ដែលនៅក្នុងកណ្តាប់ដៃអ្នក 15ហើយឲ្យនាំយកប្រាក់ នឹងមាសដែលយើង ជាស្តេច នឹងពួកសេនាបតីទាំង៧ បានថ្វាយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម 16ព្រមទាំងប្រាក់មាសទាំងប៉ុន្មានដែលអ្នកនឹងរៃបាន ពីគ្រប់ក្នុងខេត្តបាប៊ីឡូន ជាមួយនឹងបណ្ណាការដែលពួកជនទាំងអំបាលម៉ាន នឹងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិមទៅជាមួយផង 17ដូច្នេះ ត្រូវឲ្យអ្នកមានចិត្តខ្នះខ្នែង យកប្រាក់នោះទៅទិញគោ ចៀមឈ្មោល នឹងកូនចៀម ព្រមទាំងគ្រឿងដង្វាយម្សៅ នឹងដង្វាយច្រួចនោះផង នាំទៅថ្វាយនៅលើអាសនា ក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នា ដែលនៅក្រុងយេរូសាឡិមចុះ 18ឯប្រាក់ នឹងមាសដែលសល់នៅ នោះត្រូវឲ្យអ្នក នឹងពួកបងប្អូនអ្នក ប្រើការតាមតែគិតឃើញថាត្រឹមត្រូវ តាមព្រះហឫទ័យនៃព្រះរបស់អ្នករាល់គ្នាចុះ 19ហើយឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលបានឲ្យដល់អ្នក សំរាប់ការងារក្នុងព្រះវិហារនៃព្រះរបស់អ្នក នោះចូរអ្នកយកទៅប្រគល់ នៅចំពោះព្រះនៃក្រុងយេរូសាឡិមទៅ 20ហើយរបស់អ្វីផ្សេងទៀតដែលខ្វះខាតក្នុងព្រះវិហារនៃព្រះរបស់អ្នក ដែលអ្នកត្រូវការបញ្ចេញប្រាក់ទិញ នោះត្រូវបញ្ចេញយកពីឃ្លាំងហ្លួងចុះ 21មួយទៀត យើង អើថាស៊ើកសេសជាស្តេច យើងចេញព្រះរាជឱង្ការ បង្គាប់ដល់គ្រប់ទាំងមេឃ្លាំង នៅខាងនាយទន្លេថា របស់អ្វីៗដែលអែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចំឡងក្រិត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ លោកនឹងសូមក៏ដោយ នោះត្រូវតែឃ្មាតខ្មីនឹងឲ្យចុះ 22ទោះដល់ទៅប្រាក់១០០ហាប ស្រូវ១០០រង្វាល់ ស្រាទំពាំងបាយជូរ២០០ប៉ោត ប្រេង២០០ប៉ោត នឹងអំបិលឥតមានកំណត់ក្តី 23ត្រូវឲ្យធ្វើសំរេចគ្រប់ទាំងអស់ ដែលព្រះនៃស្ថានសួគ៌ទ្រង់បង្គាប់មក ដោយត្រូវចំពោះ សំរាប់ព្រះវិហាររបស់ព្រះនៃស្ថានសួគ៌ចុះ តើនឹងឲ្យមានសេចក្ដីក្រោធ ចំពោះរាជ្យស្តេច នឹងព្រះរាជបុត្រាទ្រង់ធ្វើអី 24មួយទៀត យើងបញ្ជាក់ដល់អ្នករាល់គ្នាថា ចំណែកពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ ពួកនេធីនិម នឹងពួកអ្នកបំរើ ក្នុងព្រះវិហារនៃព្រះនេះ នោះមិនត្រូវឲ្យទារសួយអាករ ពន្ធខ្លួន ឬពន្ធគយ ពីអ្នកទាំងនោះឡើយ 25ឯអែសរ៉ាឯង តាមប្រាជ្ញារបស់ព្រះនៃអ្នកដែលសណ្ឋិតលើអ្នក នោះត្រូវឲ្យអ្នកតាំងពួកអ្នកឡើង ដែលជាអ្នកជំនាញក្នុងក្រិត្យវិន័យរបស់ព្រះនៃអ្នក ឲ្យធ្វើជាចៅក្រម នឹងសុភា ឲ្យជំនុំជំរះ ដល់អ្នកទាំងសាសន៍នៅខាងនាយទន្លេ ហើយត្រូវបង្ហាត់បង្រៀនក្រិត្យវិន័យ ដល់អស់អ្នកណាដែលមិនស្គាល់ផង 26ឯអ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យ របស់ព្រះនៃអ្នក ហើយនឹងច្បាប់របស់ស្តេចផង នោះត្រូវតែកាត់ទោសជាប្រញាប់ចុះ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបយករបស់ទ្រព្យគេ ឬដាក់គុកក្តី។
27សូមសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោយើងរាល់គ្នា ដែលទ្រង់បានបណ្តាលព្រះទ័យស្តេច ឲ្យសំរេចនឹងតាក់តែងព្រះវិហារនៃព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិមឲ្យល្អឡើងដូច្នេះ 28ព្រមទាំងប្រោសផ្តល់សេចក្ដីសប្បុរសរបស់ទ្រង់ ដល់ខ្ញុំនៅចំពោះស្តេច ពួកសេនាបតីទ្រង់ ហើយពួកអ្នកប្រធានដ៏មានអំណាចរបស់ស្តេចផង ខ្ញុំក៏មានកំឡាំងចំរើនឡើង ដោយនូវព្រះហស្តនៃព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានទៅប្រមូលពួកអ្នក ដែលជាកំពូលក្នុងសាសន៍អ៊ីស្រាអែល ឲ្យឡើងទៅជាមួយ។
ទើបបានជ្រើសរើសហើយ៖
អែសរ៉ា 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.