អេសេ‌គាល 8

8
1នៅ​ថ្ងៃ​៥ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​៦ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ផង នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ 2ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ភាព​រូប​មាន​សណ្ឋាន​ដូច​ជា​ភ្លើងពី​សណ្ឋាន​ចង្កេះ​ទៅ​ក្រោម នោះ​សុទ្ធ​តែ​ជា​ភ្លើង ហើយ​ពី​ចង្កេះ​ទៅ​ខាង​លើ នោះ​មើល​ទៅ​ដូច​ជា​ពន្លឺ​ចាំង គឺ​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ 3ទ្រង់​ក៏​លូក​ចេញ​មក មាន​រាង​ដូច​ជា​ដៃ​ចាប់​សក់​ក្បាល​ខ្ញុំ រួច​ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​ទៅ​កណ្តាល​មេឃ ហើយ​នឹង​ដី ក៏​នាំ​ខ្ញុំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដោយ​ការ​ជាក់‌ស្តែង​នៃ​ព្រះ គឺ​ទៅ​ដល់​មាត់​ទ្វារ​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​ជើង ជា​កន្លែង​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ ដែល​បណ្តាល​ឲ្យ​ប្រចណ្ឌ 4នៅ​ទី​នោះ​ឃើញ​មាន​សិរី‌ល្អ​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល ដូច​ជា​ការ​ជាក់‌ស្តែង ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​វាល​ពី​មុន​នោះ។
5នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ងើប​ភ្នែក​ឡើង មើល​ទៅ​ទិស​ខាង​ជើង​ឥឡូវ ដូច្នេះ ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​មើល​ទៅ​ខាង​ជើង​ទៅ នោះ​ខាង​ជើង​ទ្វារ​ដែល​ចូល​ទៅ​ឯ​អាសនា ឃើញ​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ​នៅ​ទី​នោះ 6ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ​ឯង​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម ដែល​ពូជ‌ពង្ស​អ៊ីស្រាអែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​អញ​បាន​ឃ្លាត​ចេញ ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​អញ តែ​ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សំបើម​ជាង​ទៅ​ទៀត។
7គ្រា​នោះ ទ្រង់​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទីលាន កាល​ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ នោះ​ឃើញ​មាន​ប្រហោង​១​ក្នុង​កំផែង 8រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ នោះ​ឃើញ​មាន​ទ្វារ​១ 9ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ខាង​ក្នុង មើល​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​អាក្រក់​ដែល​គេ​ធ្វើ​នៅ​ទី​នេះ 10ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​មើល ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​គួរ​ខ្ពើម​ឆ្អើម នឹង​អស់​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រាអែល ដែល​គេ​គូរ​នៅ​ជញ្ជាំង​ជុំវិញ 11ក៏​មាន​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រាអែល​៧០​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ហើយ​មាន​យ្អាសានា​ជា​កូន​សាផាន ឈរ​នៅ​កណ្តាល​គេ គ្រប់​គ្នា​កាន់​ជើង‌ពាន ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់ 12នោះ​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ ដែល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ធ្វើ​ដោយ​សំងាត់ នៅ​ក្នុង​គំនិត​យល់​ឃើញ​នៃ​គេ​រៀង​ខ្លួន​ឬ​ទេ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ 13ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម ដែល​គេ​ប្រព្រឹត្ត​ទៀត។
14រួច​ទ្រង់​នាំ​ខ្ញុំ​ទៅ​ដល់​មាត់​ទ្វារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​បើក​ទៅ​ខាង​ជើង នៅ​ទី​នោះ​ក៏​ឃើញ​ពួក​ស្រីៗ​អង្គុយ​យំ​នឹង​ព្រះ​ថាមូស 15នោះ​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឯង​ឃើញ​ឬ​ទេ ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម​ជាង​នេះ​ទៅ​ទៀត។
16រួច​ទ្រង់​នាំ​ខ្ញុំ ចូល​ទៅ​ឯ​ទីលាន​ខាង​ក្នុង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ឃើញ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​កណ្តាល​បាំង‌សាច នឹង​អាសនា មាន​មនុស្ស​ប្រហែល​ជា​២៥​នាក់ បែរ​ខ្នង​ទៅ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មុខ​ទៅ​ខាង​កើត គេ​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ នៅ​ទិស​ខាង​កើត​នោះ 17ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឯង​ឃើញ​ឬ​ទេ តើ​ពួក​វង្ស​យូដា​រាប់​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដែល​គេ​ប្រព្រឹត្ត​នៅ​ទី​នេះ​ថា​ជា​ការ​ស្រាល​ឬ​អី ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត ហើយ​បាន​បែរ​ជា​បណ្តាល​ឲ្យ​អញ​ខឹង​ម្តង​ទៀត ហើយ​មើល គេ​លើក​មែក​ឈើ​ប្រណម្យ​នៅ​ច្រមុះ​គេ​ផង 18ដូច្នេះ អញ​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ក្រោធ​ដែរ ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​នឹង​មិន​អាណិត​មេត្តា​ទេ ទោះ​បើ​គេ​អំពាវ‌នាវ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ត្រចៀក​អញ​ក៏​ដោយ គង់​តែ​អញ​មិន​ព្រម​ស្តាប់​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសេ‌គាល 8: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល