កូនមនុស្សអើយ ចូរទាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរ ថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យឯងថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់ផងយើងហើយ ដូច្នេះ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយហេតុនេះ គឺដោយព្រោះតែគេបានធ្វើឲ្យឯងនៅស្ងាត់ច្រៀប ព្រមទាំងលេបឯងចូលនៅគ្រប់ទិស ឲ្យឯងបានទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើមបានចាប់តាំងនិយាយពីឯង ហើយជនទាំងឡាយនិយាយអាក្រក់ពីឯងផង ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក នឹងច្រកភ្នំ ព្រមទាំងទីខូចបង់ នឹងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ គឺព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ឯសំណល់នៃអស់ទាំងសាសន៍ ព្រមទាំងស្រុកអេដំមទាំងមូល ដែលបានដំរូវស្រុកអញទុកជារបស់ផងគេ ដោយសេចក្ដីអំណរអស់ពីចិត្ត ទាំងមានចិត្តមើលងាយផង ដើម្បីនឹងបោះបង់ចោលចេញទុកជារំពា នោះពិតប្រាកដជាអញបានតបនឹងគេដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ ដូច្នេះ ចូរទាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក នឹងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញបាននិយាយ ដោយសេចក្ដីប្រចណ្ឌ នឹងសេចក្ដីក្រោធរបស់អញ ហើយដោយព្រោះឯងរាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា អញបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញឯង គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។ តែចំណែកឯង ឱភ្នំអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់ឯង ឲ្យអ៊ីស្រាអែលជារាស្ត្រអញ ពីព្រោះគេរៀបនឹងមកហើយ ដ្បិតមើល អញកាន់ខាងឯង ហើយអញនឹងវិលមកឯឯងវិញ នោះនឹងមានគេភ្ជួររាស់ហើយសាបព្រោះឯងឡើង អញនឹងឲ្យមនុស្សចំរើនឡើងនៅក្នុងឯង គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល ដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងមានមនុស្សនៅ ហើយអស់ទាំងទីខូចបង់នឹងបានសង់ឡើងវិញ អញនឹងធ្វើឲ្យទាំងមនុស្សនឹងសត្វផង បានចំរើនឡើងនៅក្នុងឯង គេនឹងចំរើនឡើង ហើយសាយគ្រាយចេញទៅ នោះអញនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងឯងដូចយ៉ាងពីដើម ហើយប្រព្រឹត្តនឹងឯងដោយល្អជាងជាន់ដើមទៅទៀត នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត អើ អញនឹងឲ្យមានមនុស្សដើរលើឯង គឺអ៊ីស្រាអែលជារាស្ត្ររបស់អញ គេនឹងបានឯងជារបស់ផងគេ ហើយឯងនឹងបានជាមរដកដល់គេ នោះឯងនឹងមិនធ្វើឲ្យគេព្រាត់ប្រាសកូនទៀតឡើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះគេនិយាយពីឯងថា ឯងជាស្រុកដែលលេបមនុស្សបាត់ ហើយបំរាសកូនរបស់សាសន៍ឯង ដូច្នេះ ឯងនឹងលែងលេបមនុស្សបាត់តទៅ ក៏មិនបំរាសកូនរបស់សាសន៍ឯងទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា អញក៏មិនឲ្យឯងឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតដែរ ឯងមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេតទៅ ឯងនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់ឯង ចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា កូនមនុស្សអើយ កាលពួកវង្សអ៊ីស្រាអែលបាននៅក្នុងស្រុករបស់ខ្លួន នោះគេបានបង្អាប់ស្រុកនោះ ដោយផ្លូវប្រព្រឹត្ត នឹងកិរិយារបស់ខ្លួន ផ្លូវដែលគេប្រព្រឹត្តនៅមុខអញ ប្រៀបដូចជាសេចក្ដីស្មោកគ្រោកនៃស្រីដែលមានរដូវ ហេតុនោះបានជាអញចាក់សេចក្ដីក្រោធរបស់អញទៅលើគេ គឺដោយព្រោះឈាមដែលគេបានកំចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ ដូច្នេះ អញបានកំចាត់កំចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុកផង អញបានជំនុំជំរះគេតាមផ្លូវគេប្រព្រឹត្ត នឹងតាមកិរិយារបស់គេ កាលគេបានចូលទៅឯសាសន៍ណាដែលគេត្រូវខ្ចាយទៅនោះ គេក៏បង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ដោយមានមនុស្សថា ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ទ្រង់មក ប៉ុន្តែអញបានយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ ដែលពួកវង្សអ៊ីស្រាអែលបានបង្អាប់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន ដែលគេបានទៅដល់នោះ។ ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ ជាឈ្មោះដែលឯងរាល់គ្នាបានបង្អាប់ នៅកណ្តាលអស់ទាំងសាសន៍ដែលឯងបានទៅដល់នោះ អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ ដែលត្រូវបង្អាប់នៅកណ្តាលអស់ទាំងសាសន៍ គឺដែលឯងរាល់គ្នាបានបង្អាប់ នៅក្នុងពួកគេ ចេញជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានញែកជាបរិសុទ្ធក្នុងពួកឯង នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
អាន អេសេគាល 36
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 36:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ