អេសេ‌គាល 10

10
1គ្រា​នោះ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​នៅ​ក្នុង​អាកាស​ដែល​នៅ​ពី​លើ​ក្បាល​ចេរូប៊ីន មាន​ភាព​ដូច​ជា​ត្បូង‌កណ្តៀង​ដែល​មើល​ទៅ​ដូច​ជា​សណ្ឋាន​នៃ​បល្ល័ង្ក លេច​មក​ពី​លើ​ចេរូប៊ីន​នោះ 2ទ្រង់​ក៏​មាន​បន្ទូល​ដល់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក​ថា ចូរ​ឲ្យ​ចូល​ទៅ​កណ្តាល​កង់​ទាំង​នោះ គឺ​ក្រោម​ចេរូប៊ីន ហើយ​កើប​រងើក​ភ្លើង​ពេញ​ដៃ​ទាំង​២ ពី​កណ្តាល​ចេរូប៊ីន​នោះ រួច​បាច​ទៅ​លើ​ទី​ក្រុង​ទៅ អ្នក​នោះ​ក៏​ចូល​ទៅ​នៅ​ចំពោះ​ភ្នែក​ខ្ញុំ 3កំពុង​ដែល​មនុស្ស​នោះ​ចូល​ទៅ ចេរូប៊ីន​ក៏​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​ពពក​ក៏​នៅ​ពេញ​ក្នុង​ទីលាន​ខាង​ក្នុង 4នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ផុត​ពី​ចេរូប៊ីន ទៅ​នៅ​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឯ​ព្រះ‌វិហារ​ក៏​ពេញ​ដោយ​ពពក​នោះ ហើយ​ទីលាន​មាន​ពេញ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា 5ក៏​មាន​ឮ​សូរ​សន្ធឹក​ស្លាប​របស់​ចេរូប៊ីន រហូត​ដល់​ទីលាន​ខាង​ក្រៅ ហាក់​ដូច​ជា​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល 6រីឯ​កាល​ទ្រង់​បាន​បង្គាប់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក ឲ្យ​កើប​យក​រងើក​ភ្លើង​ពី​កណ្តាល​កង់​ទាំង​នោះ គឺ​ពី​កណ្តាល​ចេរូប៊ីន​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ឈរ​នៅ​ក្បែរ​កង់​ទាំង​នោះ 7ចំណែក​ចេរូប៊ីន​១​ក៏​លូក​ដៃ​ពី​កណ្តាល​ពួក​ចេរូប៊ីន ទៅ​ចាប់​យក​ភ្លើង​ដែល​នៅ​កណ្តាល​ចេរូប៊ីន ទៅ​ដាក់​ក្នុង​ដៃ​របស់​មនុស្ស ដែល​ស្លៀក​សំពត់​ទេស‌ឯក ហើយ​អ្នក​នោះ​ទទួល​យក រួច​ចេញ​ទៅ 8ខណៈ​នោះ នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន ឃើញ​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស​លេច​មក។
9ខ្ញុំ​ក៏​ក្រឡេក​ទៅ ឃើញ​មាន​កង់​៤​នៅ​ខាង​ចេរូប៊ីន គឺ​កង់​១​ខាង​ចេរូប៊ីន​១ ហើយ​កង់​១​ខាង​ចេរូប៊ីន​១​ទៀត កង់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល 10ឯ​ភាព​នៃ​កង់​ទាំង​៤​នោះ មាន​សណ្ឋាន​ដូច​គ្នា​ទាំង​អស់ គឺ​បែប​ដូច​ជា​មាន​កង់​១​នៅ​ក្នុង​កង់​១​ទៀត 11កាល​ណា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​ខាង ឥត​ងាក​បែរ​ទៅ​ឯ​ណា​ក្នុង​កាល​ដែល​កំពុង​តែ​ទៅ​នោះ​ឡើយ គឺ​ទិស​ណា​ដែល​ដំរង់​ទៅ នោះ​ទាំង​អស់​ក៏​ទៅ​តាម ឥត​ងាក​បែរ​ទៅ​ឯ​ណា​ឡើយ 12ហើយ​តួ​ទាំង​មូល នឹង​ខ្នង ដៃ ស្លាប ព្រម​ទាំង​កង់​ផង ក៏​មាន​ពេញ​ដោយ​ភ្នែក​នៅ​ជុំវិញ គឺ​ទាំង​កង់​៤​នោះ​ផង 13រីឯ​កង់​ទាំង​នោះ ខ្ញុំ​ឮ​គេ​ហៅ​ថា«កង់​វិល» 14គ្រប់​គ្នា​មាន​មុខ​៤ មុខ​ទី​១​ជា​មុខ​ដូច​ជា​ចេរូប៊ីន មុខ​ទី​២​ជា​មុខ​មនុស្ស មុខ​ទី​៣​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​៤​ជា​មុខ​ឥន្ទ្រី 15ពួក​ចេរូប៊ីន​នោះ​ក៏​ឡើង​ទៅ នេះ​ហើយ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​ឃើញ​ក្បែរ​ទន្លេ​កេបារ 16កាល​ណា​ចេរូប៊ីន​ទៅ​ឯ​ណា នោះ​កង់​ក៏​អម​ទៅ​ជា​មួយ ហើយ​កាល​ណា​ចេរូប៊ីន​កាង​ស្លាប ដើម្បី​ឡើង​ផុត​ពី​ដី នោះ​កង់​ក៏​មិន​ខាន​នឹង​អម​ទៅ​ជា​មួយ​ដែរ 17កាល​ណា​ពួក​នេះ​ឈប់ ពួក​នោះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នេះ​ហើរ​ឡើង​ទៅ ពួក​នោះ​ក៏​ឡើង​ទៅ​ជា​មួយ​គ្នា ដ្បិត​វិញ្ញាណ​នៃ​តួ​មាន​ជីវិត​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។
18ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូប៊ីន 19រួច​ចេរូប៊ីន​ក៏​កាង​ស្លាប ក្នុង​កាល​ដែល​ចេញ​ទៅ​នោះ ហើយ​ហើរ​ឡើង​ផុត​ពី​ដី នៅ​ចំពោះ​ភ្នែក​ខ្ញុំ មាន​ទាំង​កង់​អម​ទៅ​ផង នោះ​ក៏​ទៅ​ឈរ នៅ​មាត់​ទ្វារ​កំផែង​ទិស​ខាង​កើត របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ក៏​សណ្ឋិត​នៅ​ពី​លើ។
20នេះ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ត្រង់​ទន្លេ​កេបារ ហើយ​ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូប៊ីន​ដែរ 21គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤​ដែរ នៅ​ក្រោម​ស្លាប​នោះ​ក៏​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស 22ឯ​សណ្ឋាន​មុខ​របស់​តួ​ទាំង​នោះ គឺ​ជា​មុខ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ ព្រម​ទាំង​ភាពនឹង​តួ​ទាំង​នោះ​ផង គ្រប់​គ្នា​បាន​ហើរ​ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

អេសេ‌គាល 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល