និក្ខមនំ 40
40
1រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា 2នៅថ្ងៃ១កើតខែដំបូង នោះត្រូវដំឡើងរោងឧបោសថផងត្រសាលជំនុំ 3ត្រូវដាក់ហឹបនៃសេចក្ដីបន្ទាល់ទៅក្នុងត្រសាលនោះ ហើយយកវាំងននមកបាំង 4ត្រូវយកតុមករៀបតាមរបៀប ហើយយកជើងចង្កៀងមកទាំងរៀបចំអស់ទាំងចង្កៀងផង 5ត្រូវដាក់អាសនាមាសសំរាប់ដុតគ្រឿងក្រអូបនៅមុខហឹបនៃសេចក្ដីបន្ទាប់ រួចត្រូវបាំងរនាំងនៅមាត់ទ្វាររោងឧបោសថ 6ត្រូវដាក់អាសនាដង្វាយដុត នៅមុខមាត់ទ្វាររោងឧបោសថរបស់ផងត្រសាលជំនុំ 7ហើយត្រូវដាក់ចានក្លាំ នៅជាកណ្តាលត្រសាលជំនុំ នឹងអាសនានោះ រួចដាក់ទឹកចុះក្នុងចានក្លាំផង 8ឯទីលានត្រូវរៀបចំជុំវិញ ព្រមទាំងបាំងរនាំងនៅមាត់ទ្វារដែរ 9ត្រូវយកប្រេងចាក់លាបមកលាបរោងឧបោសថ នឹងប្រដាប់ទាំងប៉ុន្មាននៅក្នុងរោងនោះ ទាំងញែកចេញជាបរិសុទ្ធ ព្រមទាំងគ្រឿងប្រដាប់ទាំងប៉ុន្មានផង នោះនឹងបានបរិសុទ្ធទាំងអស់ 10ត្រូវលាបប្រេងនៅអាសនាដង្វាយដុត នឹងគ្រឿងប្រដាប់អាសនានោះទាំងប៉ុន្មាន ទាំងញែកចេញជាបរិសុទ្ធ ដូច្នេះអាសនានោះនឹងបានបរិសុទ្ធជាទីបំផុត 11ត្រូវលាបប្រេងនៅចានក្លាំនឹងជើងនៃចាននោះ ទាំងញែកចេញជាបរិសុទ្ធ 12ត្រូវនាំអើរ៉ុន នឹងពួកកូនលោកមកជិតទ្វារត្រសាលជំនុំ ហើយផ្ងូតអ្នកទាំងនោះដោយទឹក 13រួចយកសំលៀកបំពាក់បរិសុទ្ធមកបំពាក់អើរ៉ុន ហើយចាក់ប្រេងញែកលោកចេញជាបរិសុទ្ធ ដើម្បីឲ្យលោកបានធ្វើការងារជាសង្ឃដល់អញ 14រួចត្រូវនាំពួកកូនលោកមកបំពាក់អាវខ្លីឲ្យ 15ហើយចាក់ប្រេងដល់គេដូចជាបានចាក់ប្រេងឲ្យឪពុកគេដែរ ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ បុណ្យចាក់លាបប្រេងនេះនឹងបានសំរាប់ការងារជាសង្ឃដល់អ្នកទាំងនោះអស់កល្បជានិច្ច គ្រប់ទាំងដំណគេតទៅ។
16ឯម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសំរេចទាំងអស់ 17នៅថ្ងៃ១កើតក្នុងខែដំបូងឆ្នាំទី២ នោះរោងឧបោសថបានដំឡើងរួចជាស្រេច 18ម៉ូសេបានដំឡើងរោងឧបោសថ លោកដាក់ជើងទាំងប៉ុន្មាន ក៏បញ្ឈរក្តារ ហើយរៀបរនុកក៏លើកសសរទាំងប៉ុន្មានឡើង 19រួចលោកលាត្រសាលបាំងរោងឧបោសថ ហើយដាក់គំរបពីលើត្រសាល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក 20លោកយកសេចក្ដីបន្ទាល់មកដាក់ក្នុងហឹប រួចប្រហកឈើស្នែងភ្ជាប់នឹងហឹប ហើយដាក់ទីសន្តោសប្រោសនៅលើហឹបនោះ 21លោកយកហឹបទៅដាក់ក្នុងរោងឧបោសថ ហើយលាវាំងននបាំងហឹបនៃសេចក្ដីបន្ទាល់ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក 22លោកដាក់តុនៅខាងជើងក្នុងត្រសាលជំនុំត្រង់ខាងមុខវាំងនន 23រួចរៀបនំបុ័ងលើតុនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក 24លោកក៏ដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ប្រទល់មុខនឹងតុ គឺខាងត្បូង ក្នុងរោងឧបោសថ 25រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក 26លោកដាក់អាសនាមាស នៅមុខវាំងនន ក្នុងត្រសាលជំនុំ 27ហើយក៏ដុតគ្រឿងក្រអូបនៅលើអាសនានោះ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក 28លោកដាក់រនាំង បាំងនៅមាត់ទ្វាររោងឧបោសថ 29ហើយក៏ដាក់អាសនាដង្វាយដុតនៅមុខទ្វាររោងឧបោសថផងត្រសាលជំនុំ រួចលោកថ្វាយដង្វាយដុត នឹងដង្វាយម្សៅ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក 30លោកដាក់ចានក្លាំនៅជាកណ្តាលត្រសាលជំនុំ ហើយនឹងអាសនា រួចដាក់ទឹកក្នុងចាននោះ សំរាប់នឹងលាងសំអាត 31ហើយម៉ូសេ អើរ៉ុន នឹងពួកកូនអើរ៉ុនក៏លាងដៃ លាងជើងត្រង់ចាននោះ 32វេលាណាដែលអ្នកទាំងនោះចូលទៅក្នុងត្រសាលជំនុំ ឬទៅជិតអាសនា នោះតែងលាងសំអាតសិន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក 33លោកដំឡើងរនាំងនៃទីលាននៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។
34នោះពពកក៏គ្របត្រសាលជំនុំ ហើយសិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ 35ឯម៉ូសេ លោកចូលទៅក្នុងត្រសាលជំនុំមិនបាន ពីព្រោះពពកនៅពីលើ ហើយដោយព្រោះសិរីល្អនៃព្រះយេហូវ៉ាដែលនៅពេញក្នុងរោងឧបោសថនោះផង 36បើកាលណាពពកបានឡើង ផុតពីលើរោងឧបោសថ នោះពួកកូនចៅអ៊ីស្រាអែលក៏តែងធ្វើដំណើរដើរទៅជាដរាប ក្នុងគ្រប់ទាំងវេលាដែលគេកំពុងតែធ្វើដំណើរនោះ 37តែបើកាលណាពពកមិនបានឡើងទេ នោះគេក៏មិនធ្វើដំណើរទៅដែរ ទាល់តែពពកឡើងផុតចេញ 38ដ្បិតក្នុងអស់ទាំងការដំណើរនៃពួកកូនចៅអ៊ីស្រាអែល នោះនៅវេលាថ្ងៃ តែងមានពពកនៃព្រះយេហូវ៉ា ស្ថិតនៅលើរោងឧបោសថ ហើយនៅវេលាយប់ មានភ្លើងវិញ ឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ។:៚
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 40: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.