និក្ខមនំ 36
36
1ដូច្នេះ បេតសាលាល នឹងអូហូលីអាប់ ហើយអស់អ្នកចំណានការ ដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ហើយនឹងយោបល់ឲ្យចេះធ្វើការគ្រប់មុខ គេនឹងធ្វើអស់ទាំងប្រដាប់ ដែលសំរាប់ការងារក្នុងទីបរិសុទ្ធ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក 2ម៉ូសេក៏ហៅបេតសាលាលនឹងអូហូលីអាប់ ហើយអស់អ្នកចំណានការដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ឲ្យមក គឺជាអស់អ្នកណា ដែលមានចិត្តបណ្តាលឡើង ឲ្យមកធ្វើការនោះ 3ម៉ូសេក៏ប្រគល់អស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ សំរាប់ការស្អាងទីបរិសុទ្ធដល់អ្នកទាំងនោះ ហើយរាល់តែព្រឹកគេចេះតែយកដង្វាយថ្វាយស្ម័គ្រពីចិត្ត មកជូនម៉ូសេជានិច្ច 4នោះអស់អ្នកចំណានការដែលកំពុងតែធ្វើទីបរិសុទ្ធ គេឈប់ធ្វើការគ្រប់គ្នា 5ទៅជំរាបម៉ូសេថា បណ្តាជនគេចេះតែយកដង្វាយមកសំរាប់ការធ្វើនេះ បានច្រើនហួសប្រមាណពីអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យធ្វើហើយ 6នោះម៉ូសេបង្គាប់ឲ្យគេទៅប្រកាសប្រាប់គ្រប់ក្នុងទីដំឡើងត្រសាលថា កុំឲ្យអ្នកណា ទោះប្រុស ឬស្រី ធ្វើការអ្វីទៀតសំរាប់ជាដង្វាយដល់ទីបរិសុទ្ធឡើយ ដូច្នេះ គេក៏បញ្ឈប់ពួកជនមិនឲ្យយកមកទៀត 7ដ្បិតមានរបស់គ្រប់គ្រាន់នឹងធ្វើការទាំងនោះហើយ ថែមទាំងសល់ផង។
8រួចអស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ នឹងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីនតាមរចនានៃជាងមានស្នាដៃ 9ឯសំពត់១ផ្ទាំងនោះ មានបណ្តោយ២៨ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់ 10គាត់ក៏ដេរ៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៥ទៀតក៏ដេរភ្ជាប់គ្នាដែរ 11រួចគាត់ធ្វើខ្សែក្រវិលខៀវតាមជាយសំពត់ នៅចុងផ្ទាំងសំពត់ទី១ ក៏ធ្វើដូចគ្នាតាមជាយសំពត់ នៅចុងផ្ទាំងទី២ 12គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់ទី១ ហើយក៏ធ្វើខ្សែក្រវិល៥០ នៅចុងផ្ទាំងទី២ដែរ ខ្សែក្រវិលទាំងនោះស្មើគ្នាទាំងអស់ 13គាត់ធ្វើទំពក់មាស៥០ ហើយភ្ជាប់ផ្ទាំងសំពត់ទាំង២ជាមួយគ្នា ដោយសារទំពក់នោះ ដូច្នេះ រោងឧបោសថបានភ្ជាប់គ្នាតែ១។
14រួចគាត់ធ្វើសំពត់១១ផ្ទាំងពីរោមពពែ សំរាប់គ្របលើរោងឧបោសថ 15សំពត់១ផ្ទាំងនោះ មានបណ្តោយ៣០ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់ 16គាត់យកសំពត់៥ផ្ទាំង ដេររួមគ្នាជា១ផ្នែក ហើយ៦ទៀតក៏ដេររួមគ្នាជា១ផ្នែកដែរ 17គាត់ធ្វើខ្សែក្រវិល៥០ តាមជាយសំពត់នៅចុងផ្ទាំងទី១ ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ នៅចុងផ្ទាំងទី២ 18រួចធ្វើទំពក់លង្ហិន៥០ សំរាប់ភ្ជាប់ត្រសាលឲ្យបានជាប់គ្នាតែ១។
19គាត់ក៏ធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របលើត្រសាល ហើយ១ទៀតពីស្បែកផ្សោតសំរាប់នឹងគ្របពីលើនោះថែមទៀត។
20គាត់ធ្វើក្តារសំរាប់រោងឧបោសថ ជាក្តារឈើនាងនួនដាក់បញ្ឈរ 21ក្តារ១សន្លឹក មានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ 22នៅគ្រប់តែក្តារ មានពន្លួញ២ រៀងតាមជួរជញ្ជាំង គាត់ធ្វើអស់ទាំងក្តារសំរាប់រោងឧបោសថនោះ ឲ្យដូចៗគ្នា 23គឺក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ 24ក៏ដាក់ជើងធ្វើពីប្រាក់ទាំង៤០ នៅក្រោមក្តារទាំង២០នោះ ក្រោមក្តារ១មានជើង២ សំរាប់ស៊កពន្លួញទាំង២ដែលនៅចុងក្តារនោះ 25គាត់ធ្វើក្តារ២០ទៀត សំរាប់រោងឧបោសថម្ខាង គឺជាខាងជើង ហើយជើងក្តារ៤០ដែរ 26រាល់តែក្តារ មានជើងពីរៗ 27គាត់ធ្វើក្តារ៦ សំរាប់ចុងរោងឧបោសថខាងលិច 28ក៏ធ្វើក្តារ២ សំរាប់ជ្រុងរោងឧបោសថខាងចុង 29ក្តារ២សន្លឹកនោះបានជាប់គ្នាខាងក្រោម នឹងខាងលើដោយសារកង១ គាត់បានធ្វើក្តារសំរាប់ជ្រុងទាំង២នៅសងខាងនោះឲ្យដូចគ្នា 30ដូច្នេះ មានក្តារ៨ នឹងជើងប្រាក់១៦ រាល់តែក្តារមានជើងពីរៗ 31ក៏ធ្វើរនុក៥ពីឈើនាងនួន សំរាប់អស់ទាំងក្តារនៅរោងឧបោសថម្ខាង 32ហើយរនុក៥ទៀត សំរាប់អស់ទាំងក្តារដែលនៅរោងឧបោសថម្ខាងទៀត នឹងរនុក៥ទៀតសំរាប់ក្តារនៅចុងរោងឧបោសថខាងលិច 33ឯរនុកកណ្តាល គាត់ធ្វើឲ្យភ្ជាប់ក្តារពីចុងម្ខាងរហូតទៅដល់ចុងម្ខាង 34រួចមកគាត់ស្រោបក្តារទាំងនោះ ដោយមាស ក៏ធ្វើកង ពីមាសដែរ សំរាប់ប្រហករនុក ហើយរនុកទាំងប៉ុន្មាន ក៏ស្រោបដោយមាសដូចគ្នា។
35គាត់ត្បាញធ្វើវាំងននពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ តាមការរចនានៃជាងមានស្នាដៃ ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ 36គាត់ធ្វើសសរ៤ពីឈើនាងនួន ស្រោបដោយមាស សំរាប់វាំងនននោះ ហើយមានទំពក់មាសនៅសសរទាំងនោះ រួចគាត់សិតជើងប្រាក់៤សំរាប់ទ្រសសរទាំងនោះ។
37គាត់ក៏ត្បាញធ្វើរនាំង ពីអំបោះមានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់ផង សំរាប់មាត់ទ្វារត្រសាល 38ហើយគាត់ធ្វើសសរ៥ នឹងទំពក់សំរាប់រនាំងនោះ ឯក្បាច់ក្បាលសសរ នឹងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំង៥ នោះធ្វើពីលង្ហិនវិញ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 36: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.