លុះដល់ថ្ងៃ១៣ នៅខែ១២ ជាខែផល្គុន កាលព្រះរាជឱង្ការ នឹងបង្គាប់របស់ស្តេចបានជិតដល់កំរិតហើយ គឺជាថ្ងៃដែលពួកខ្មាំងសត្រូវរបស់សាសន៍យូដា បានសង្ឃឹមថា នឹងឡើងមានអំណាចលើគេបាន (តែពួកយូដាបានត្រឡប់ជាមានអំណាចលើពួកអ្នក ដែលស្អប់ដល់គេវិញ) នោះពួកសាសន៍យូដា ក៏មូលគ្នានៅទីក្រុងខ្លួនទាំងប៉ុន្មាន នៅអស់ទាំងអាណាខេត្តរបស់ស្តេចអ័ហាស៊ូរុស ដើម្បីនឹងតស៊ូចំពោះពួកអ្នក ដែលរកធ្វើបាបដល់គេ ហើយគ្មានអ្នកណាអាចនឹងទ្រាំនៅចំពោះគេបានឡើយ ដ្បិតសាសន៍ទាំងអស់បានកើតមានសេចក្ដីកោតខ្លាចដល់គេហើយ ឯពួកអ្នកជាប្រធាន នៅគ្រប់ទាំងខេត្ត ពួកចៅហ្វាយខេត្ត ពួកចៅហ្វាយស្រុក នឹងពួករាជការទាំងប៉ុន្មាន ក៏ជួយដល់ពួកយូដា ដោយមានសេចក្ដីកោតខ្លាចដល់ម៉ាដេកាយ ពីព្រោះម៉ាដេកាយបានឡើងជាអ្នកធំ ក្នុងព្រះរាជដំណាក់ ហើយកិត្តិនាមលោកក៏ផ្សាយសុសសាយទួទៅ គ្រប់ទាំងខេត្ត ដ្បិតម៉ាដេកាយនេះបានកាន់តែមានអំណាចឡើងជាដរាប ដូច្នេះ ពួកសាសន៍យូដាបានប្រហារពួកខ្មាំងសត្រូវដោយដាវ ព្រមទាំងសំឡាប់បំផ្លាញគេ ហើយបានប្រព្រឹត្តនឹងពួកអ្នក ដែលស្អប់ខ្លួនតាមតែអំពើចិត្ត នៅស៊ូសាន ជាទីក្រុងហ្លួង ពួកសាសន៍យូដាក៏បានសំឡាប់ ហើយបំផ្លាញមនុស្សអស់៥០០នាក់ដែរ ឯផើសានដាថា ដាលផូន អ័សផាថា ផូរ៉ាថា អ័ដាលា អើរីដាថា ផើម៉ាសថា អើរីសាយ អើរីដាយ នឹងវ៉ាយេសាថា ជាកូនទាំង១០របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា នោះគេក៏សំឡាប់ទៅដែរ តែគេមិនបានប៉ះពាល់ដល់របឹបទេ។ នៅថ្ងៃនោះឯង គេមកទូលដល់ស្តេច ពីចំនួនមនុស្សដែលគេបានសំឡាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង រួចស្តេចទ្រង់មានបន្ទូលនឹងអេសធើរ ជាអគ្គមហេសីថា ពួកសាសន៍យូដាបានសំឡាប់ ហើយបំផ្លាញមនុស្ស អស់៥០០នាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនរបស់ហាម៉ានទាំង១០ផង ដូច្នេះ នៅព្រះរាជខេត្តឯទៀត គេបានធ្វើយ៉ាងណាទៅ ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត យើងនឹងបើកឲ្យ តើប្រាថ្នាចង់បានអ្វី នោះនឹងបានសំរេច អេសធើរទូលថា បើព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមបើកឲ្យពួកយូដា ដែលនៅក្រុងស៊ូសានបានធ្វើតាមច្បាប់ដដែល នៅថ្ងៃស្អែកទៀត ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំង១០នាក់នឹងឈើទៅ ស្តេចទ្រង់ក៏បង្គាប់ឲ្យធ្វើដូច្នោះ ហើយគេប្រកាសប្រាប់ព្រះរាជឱង្ការនៅក្រុងស៊ូសាន រួចបានព្យួរខ្មោចកូនហាម៉ានទាំង១០នាក់នោះទៅ ពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន ក៏មូលគ្នា នៅថ្ងៃ១៤ ខែផល្គុននោះឯង ហើយគេសំឡាប់មនុស្ស៣០០នាក់ទៀត នៅស៊ូសាន តែគេមិនប៉ះពាល់ដល់របឹបទេ ឯពួកយូដាឯទៀតទាំងប៉ុន្មាន ដែលនៅអស់ទាំងព្រះរាជខេត្ត គេបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយគេមានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេតទៅ គេបានសំឡាប់ពួកអ្នកដែលស្អប់គេអស់៧ម៉ឺន៥ពាន់នាក់ តែឥតបានប៉ះពាល់ដល់របឹបទេ។ គេបានធ្វើការនោះនៅថ្ងៃ១៣ ខែផល្គុន លុះដល់ថ្ងៃ១៤ ទើបគេឈប់សំរាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ តែពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន គេបានមូលគ្នានៅថ្ងៃ១៣ ក្នុងខែនោះ នឹងនៅថ្ងៃ១៤ដែរ លុះដល់ថ្ងៃ១៥ ទើបគេឈប់សំរាក ហើយតាំងថ្ងៃនោះឡើងសំរាប់ជាថ្ងៃជប់លៀង ហើយមានសេចក្ដីរីករាយសាទរ គឺដោយហេតុនោះបានជាពួកសាសន៍យូដា ដែលនៅអស់ទាំងទីក្រុងឥតកំផែងនៅស្រុកក្រៅ គេកាន់ថ្ងៃ១៤ ខែផល្គុន ជាថ្ងៃសំរាប់រីករាយសាទរ ហើយជប់លៀង ជាថ្ងៃសប្បាយ ហើយជាពេលជូនជំនូនទៅវិញទៅមក។
អាន នាងអេសធើរ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 9:1-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ