រួចមក ឯនាងណាដែលសព្វព្រះទ័យដល់ព្រះករុណា នោះសូមទ្រង់តាំងឡើងឲ្យធ្វើជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធីនោះ ស្តេចទ្រង់សព្វព្រះទ័យនឹងសេចក្ដីនោះ ហើយក៏ធ្វើតាមដូច្នោះ។ រីឯនៅស៊ូសាន ជាទីក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយៗ ជាកូនគីស ក្នុងពូជបេនយ៉ាមីន គាត់ត្រូវដឹកនាំចេញពីទីក្រុងយេរូសាឡិម ជាមួយនឹងពួកឈ្លើយ ដែលបាននាំទៅ ក្នុងគ្រាដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដានាំយកទៅ គាត់បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនរបស់មាគាត់ ដ្បិតនាងគ្មានឪពុកម្តាយ នាងមានរូបឆោមឆាយ ហើយមុខស្រស់ល្អ កាលឪពុកម្តាយនាងស្លាប់ទៅហើយ នោះម៉ាដេកាយបានយកនាងមកចិញ្ចឹមទុកជាកូនខ្លួន។ ដូច្នេះ កាលគេបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងច្បាប់របស់ស្តេច ហើយបានប្រមូលស្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួងប្រគល់ក្រោមអំណាចហេកាយ នោះគេក៏នាំយកអេសធើរទៅក្នុងដំណាក់ស្តេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នករក្សាពួកស្រីៗដែរ នាងជាទីពេញចិត្តដល់គាត់ណាស់ គាត់ក៏សំដែងសេចក្ដីសប្បុរសដល់នាង ក៏ប្រញាប់នឹងចែកគ្រឿង សំរាប់ឲ្យនាងជំរះខ្លួននឹងប្រដាប់តែងកាយ ដែលជាចំណែករបស់នាង ព្រមទាំងយកស្ត្រីក្រមុំ៧នាក់ ពីព្រះរាជដំណាក់មកឲ្យបំរើនាង ហើយគាត់ក៏ផ្លាស់នាង នឹងស្រីបំរើទាំងនោះ ឲ្យទៅនៅក្នុងបន្ទប់ល្អបំផុត ក្នុងមន្ទីរពួកស្រីៗ ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹងថា គ្រួ នឹងជំនួសវង្សរបស់នាងជាសាសន៍អ្វីទេ ដ្បិតម៉ាដេកាយបានហាមមិនឲ្យនាងប្រាប់ឲ្យគេដឹងឡើយ ឯម៉ាដេកាយ គាត់ក៏តែងដើរទៅមកនៅមុខទីធ្លាមន្ទីរពួកស្រីៗជារាល់ថ្ងៃ ដើម្បីឲ្យដឹងជាអេសធើរជាយ៉ាងណា ហើយនឹងបានទៅជាអ្វី។ រីឯតាមទំនៀមពួកស្រីៗ នោះពេលដែលជំរះខ្លួនត្រូវអស់រវាង១២ខែ គឺ៦ខែដោយប្រេងល្វីងទេស ហើយ៦ខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងគ្រឿងអ្វីៗដែលសំរាប់ឲ្យពួកស្រីៗបានស្អាតបរិសុទ្ធផង ដូច្នេះ ក្រោយដែលគេបានធ្វើដល់នាងទាំងនោះតាមទំនៀម ហើយពេលដែលនាងណាត្រូវចូលទៅឯស្តេចអ័ហាស៊ូរុសបានមកដល់ នោះនាងបានចូលទៅឯស្តេចបែបយ៉ាងនេះឯង គឺអ្វីៗដែលនាងប្រាថ្នាចង់បាន នោះក៏បានបើកឲ្យនាង ដើម្បីនឹងយកពីមន្ទីរពួកស្រីៗទៅឯដំណាក់ស្តេច នៅពេលល្ងាចនាងបានចេញទៅ ហើយដល់ព្រឹកឡើងនាងវិលមកវិញ ចូលក្នុងមន្ទីរទី២របស់ពួកស្រីៗ នៅក្រោមអំណាចស្អាសកាស ជាភ្នាក់ងាររបស់ស្តេចដែលរក្សាពួកស្រីអ្នកម្នាង នាងនោះលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកតែស្តេចទ្រង់សព្វព្រះទ័យនឹងនាង ហើយហៅតាមឈ្មោះវិញ។ ឯអេសធើរ កូនអ័ប៊ីហែល ជាមារបស់ម៉ាដេកាយដែលបានយកមកចិញ្ចឹមទុកជាកូនខ្លួន កាលដល់ពេលដែលនាងត្រូវចូលទៅឯស្តេច នោះនាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗបានឲ្យនោះទេ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាង
អាន នាងអេសធើរ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 2:4-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ