នាងអេសធើរ 2:4-15
នាងអេសធើរ 2:4-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះករុណាសព្វព្រះហឫទ័យនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាគាប់ព្រះហឫទ័យ ហើយសម្រេចតាមសំណើនេះ។ នៅរាជធានីស៊ូសាន មានជនជាតិយូដាមួយរូបឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ លោកត្រូវគេកៀរមកពីក្រុងយេរូសាឡឹម ជាមួយឈ្លើយសឹកឯទៀតៗ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយព្រះបាទយេកូនាស ជាស្ដេចស្រុកយូដា។ នៅគ្រានោះ លោកជាអ្នកអាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធើរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធើរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។ នៅពេលស្ដេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្ត្រីក្រមុំជាច្រើនមកទុកនៅរាជធានីស៊ូសាន ឲ្យលោកហេកាយមើលថែទាំ។ គេក៏បាននាំនាងអេសធើរមកក្នុងព្រះបរមរាជវាំង ហើយប្រគល់ឲ្យលោកហេកាយ ជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំដែរ។ លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសម្អាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង ឲ្យនៅបម្រើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីឲ្យនាង និងពួកភីលៀងដែលនៅជាមួយនាង។ នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។ រៀងរាល់ថ្ងៃ លោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។ ស្ត្រីក្រមុំនៅក្នុងវិមានស្ត្រីត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅអហាស៊ូរុស។ ពួកនាងត្រូវសម្អាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសម្អាងកាយផ្សេងៗសម្រាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។ ពេលនាងត្រូវចូលទៅគាល់ស្ដេច នាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់ឲ្យទាំងអស់។ នាងទៅគាល់ស្ដេចនៅពេលល្ងាច លុះព្រលឹមឡើង នាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។ លុះដល់វេននាងត្រូវចូលគាល់ស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់ឲ្យនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។
នាងអេសធើរ 2:4-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ត្រីក្រមុំណាដែលសព្វព្រះហឫទ័យដល់ព្រះករុណា នោះសូមតាំងឲ្យធ្វើជាអគ្គមហេសីជំនួសព្រះនាងវ៉ាសធី»។ ស្ដេចសព្វព្រះហឫទ័យនឹងសេចក្ដីនេះ ហើយក៏ធ្វើតាមដូច្នោះ។ នៅស៊ូសាន ជាក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយ ស៊ីម៉ាយជាកូនគីស ក្នុងពូជបេនយ៉ាមីន ដែលត្រូវបានគេនាំចេញពីក្រុងយេរូសាឡិម ជាមួយពួកឈ្លើយ ដែលបាននាំទៅក្នុងគ្រាដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដា នាំយកទៅ។ ម៉ាដេកាយ បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនស្រីរបស់ឪពុកមាគាត់ ដ្បិតនាងគ្មានឪពុកម្តាយទេ នាងមានរូបឆោមស្រស់ស្អាត ហើយមើលទៅគួរឲ្យស្រឡាញ់។ កាលឪពុកម្តាយរបស់នាងស្លាប់ទៅ ម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកជាកូនរបស់ខ្លួន។ ដូច្នេះ កាលគេបានប្រកាសរាជបញ្ជា និងរាជក្រិត្យរបស់ស្តេច ហើយកាលបានប្រមូលស្ត្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួង ប្រគល់ក្រោមអំណាចហេកាយរួចហើយ គេក៏នាំយកអេសធើរទៅក្នុងដំណាក់របស់ស្ដេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នកថែរក្សាពួកស្ត្រី។ នាងជាទីពេញចិត្តដល់លោកណាស់ លោកក៏មានចិត្តសន្ដោសចំពោះនាង ហើយចែកគ្រឿងសម្អាងឲ្យនាងតាក់តែងកាយ និងចំណែកអាហាររបស់នាងយ៉ាងប្រញាប់ ព្រមទាំងយកស្ត្រីក្រមុំប្រាំពីរនាក់ពីដំណាក់របស់ស្ដេច ឲ្យមកបម្រើនាង ហើយលោកក៏នាំនាង និងស្ត្រីបម្រើទាំងនោះ ទៅដាក់ក្នុងបន្ទប់ល្អបំផុត ក្នុងវិមានស្ត្រី។ អេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងអំពីជាតិសាសន៍ និងសាច់ញាតិរបស់នាងទេ ដ្បិតម៉ាដេកាយបានហាមនាងមិនឲ្យប្រាប់គេពីរឿងនេះឡើយ។ រៀងរាល់ថ្ងៃ ម៉ាដេកាយតែងដើរទៅមកនៅមុខទីធ្លាវិមានស្ត្រី ដើម្បីឲ្យដឹងពីសុខទុក្ខរបស់អេសធើរ និងអ្វីដែលនឹងកើតឡើងចំពោះនាង។ តាមទំនៀមសម្រាប់ស្ត្រី ក្រោយពីបានជម្រះកាយអស់រវាងដប់ពីរខែ គឺប្រាំមួយខែដោយប្រេងល្វីងទេស ហើយប្រាំមួយខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងអ្វីៗដែលសម្រាប់ឲ្យស្ត្រីបានស្អាតបរិសុទ្ធ ព្រោះនេះជារយៈពេលដែលគេសម្អិតសម្អាងសម្រាប់នាងតាមទំនៀម នោះទើបស្ត្រីម្នាក់ៗចូលដល់វេនដែលត្រូវចូលទៅគាល់ព្រះបាទអ័ហាស៊ូរុស។ កាលស្ត្រីក្រមុំនោះចូលទៅគាល់ស្តេចបែបយ៉ាងនេះ នោះអ្វីៗដែលនាងប្រាថ្នាចង់បាន គេបើកឲ្យនាងទាំងអស់ ដើម្បីយកពីវិមានស្ត្រីទៅកាន់ដំណាក់របស់ស្ដេច។ នៅពេលល្ងាចនាងចូលទៅ ហើយព្រឹកឡើងនាងវិលទៅនៅវិមានទីពីររបស់ស្ត្រី ក្រោមអំណាចស្អាសកាស ជាមហាតលិកររបស់ស្តេចដែលថែរក្សាពួកស្ត្រីអ្នកម្នាង។ នាងលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកលែងតែស្ដេចសព្វព្រះហឫទ័យនឹងនាង ហើយហៅនាងចំឈ្មោះ។ លុះចូលដល់វេនរបស់អេសធើរ កូនអ័ប៊ីហែល ជាឪពុកមារបស់ម៉ាដេកាយ ដែលបានយកមកចិញ្ចឹមទុកជាកូនរបស់ខ្លួន ត្រូវចូលគាល់ស្តេច នាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាមហាតលិករបស់ស្តេច ជាអ្នកថែរក្សាពួកស្ត្រីបានប្រគល់ឲ្យនោះឡើយ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាងគ្រប់ៗគ្នា។
នាងអេសធើរ 2:4-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមក ឯនាងណាដែលសព្វព្រះទ័យដល់ព្រះករុណា នោះសូមទ្រង់តាំងឡើងឲ្យធ្វើជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធីនោះ ស្តេចទ្រង់សព្វព្រះទ័យនឹងសេចក្ដីនោះ ហើយក៏ធ្វើតាមដូច្នោះ។ រីឯនៅស៊ូសាន ជាទីក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយៗ ជាកូនគីស ក្នុងពូជបេនយ៉ាមីន គាត់ត្រូវដឹកនាំចេញពីទីក្រុងយេរូសាឡិម ជាមួយនឹងពួកឈ្លើយ ដែលបាននាំទៅ ក្នុងគ្រាដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដានាំយកទៅ គាត់បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនរបស់មាគាត់ ដ្បិតនាងគ្មានឪពុកម្តាយ នាងមានរូបឆោមឆាយ ហើយមុខស្រស់ល្អ កាលឪពុកម្តាយនាងស្លាប់ទៅហើយ នោះម៉ាដេកាយបានយកនាងមកចិញ្ចឹមទុកជាកូនខ្លួន។ ដូច្នេះ កាលគេបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងច្បាប់របស់ស្តេច ហើយបានប្រមូលស្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួងប្រគល់ក្រោមអំណាចហេកាយ នោះគេក៏នាំយកអេសធើរទៅក្នុងដំណាក់ស្តេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នករក្សាពួកស្រីៗដែរ នាងជាទីពេញចិត្តដល់គាត់ណាស់ គាត់ក៏សំដែងសេចក្ដីសប្បុរសដល់នាង ក៏ប្រញាប់នឹងចែកគ្រឿង សំរាប់ឲ្យនាងជំរះខ្លួននឹងប្រដាប់តែងកាយ ដែលជាចំណែករបស់នាង ព្រមទាំងយកស្ត្រីក្រមុំ៧នាក់ ពីព្រះរាជដំណាក់មកឲ្យបំរើនាង ហើយគាត់ក៏ផ្លាស់នាង នឹងស្រីបំរើទាំងនោះ ឲ្យទៅនៅក្នុងបន្ទប់ល្អបំផុត ក្នុងមន្ទីរពួកស្រីៗ ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹងថា គ្រួ នឹងជំនួសវង្សរបស់នាងជាសាសន៍អ្វីទេ ដ្បិតម៉ាដេកាយបានហាមមិនឲ្យនាងប្រាប់ឲ្យគេដឹងឡើយ ឯម៉ាដេកាយ គាត់ក៏តែងដើរទៅមកនៅមុខទីធ្លាមន្ទីរពួកស្រីៗជារាល់ថ្ងៃ ដើម្បីឲ្យដឹងជាអេសធើរជាយ៉ាងណា ហើយនឹងបានទៅជាអ្វី។ រីឯតាមទំនៀមពួកស្រីៗ នោះពេលដែលជំរះខ្លួនត្រូវអស់រវាង១២ខែ គឺ៦ខែដោយប្រេងល្វីងទេស ហើយ៦ខែដោយគ្រឿងក្រអូបផ្សេងៗ ព្រមទាំងគ្រឿងអ្វីៗដែលសំរាប់ឲ្យពួកស្រីៗបានស្អាតបរិសុទ្ធផង ដូច្នេះ ក្រោយដែលគេបានធ្វើដល់នាងទាំងនោះតាមទំនៀម ហើយពេលដែលនាងណាត្រូវចូលទៅឯស្តេចអ័ហាស៊ូរុសបានមកដល់ នោះនាងបានចូលទៅឯស្តេចបែបយ៉ាងនេះឯង គឺអ្វីៗដែលនាងប្រាថ្នាចង់បាន នោះក៏បានបើកឲ្យនាង ដើម្បីនឹងយកពីមន្ទីរពួកស្រីៗទៅឯដំណាក់ស្តេច នៅពេលល្ងាចនាងបានចេញទៅ ហើយដល់ព្រឹកឡើងនាងវិលមកវិញ ចូលក្នុងមន្ទីរទី២របស់ពួកស្រីៗ នៅក្រោមអំណាចស្អាសកាស ជាភ្នាក់ងាររបស់ស្តេចដែលរក្សាពួកស្រីអ្នកម្នាង នាងនោះលែងបានចូលទៅចំពោះស្តេចទៀតហើយ លើកតែស្តេចទ្រង់សព្វព្រះទ័យនឹងនាង ហើយហៅតាមឈ្មោះវិញ។ ឯអេសធើរ កូនអ័ប៊ីហែល ជាមារបស់ម៉ាដេកាយដែលបានយកមកចិញ្ចឹមទុកជាកូនខ្លួន កាលដល់ពេលដែលនាងត្រូវចូលទៅឯស្តេច នោះនាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗបានឲ្យនោះទេ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាង